រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២៤នាក់ ដែលក្នុងនោះមានជនជាតិចិន ៦នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ និងនគរបាលព្រហ្មទណ្ឌ នៅតាមបណ្ដាខណ្ឌនានា យកមកបង្ហាញមុខរួមគ្នា នៅព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៦នេះ បន្ទាប់ពីបង្ក្រាបបានជាបន្តបន្ទាប់ចំនួន៥ករណី នៅក្នុងរយៈពេល២ថ្ងៃតែប៉ុណ្ណោះ ។
តាមរបាយការណ៍ ស្ដីពីលទ្ធផលបង្ក្រាបបទល្មើសរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលផែនការងារនគរបាលព្រហ្មទណ្ឌដឹងថា ដោយអនុវត្តន៍តាមបទបញ្ជាពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំដោយលោកឧត្តសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងបញ្ហាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល, កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានសហការជាមួយ កម្លាំងអធិការខណ្ឌអធិការដ្ឋានខណ្ឌទាំង១៤, អធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្តាល និងអធិការដ្ឋាននគរបាលស្រុកពារាំង ខេត្តព្រៃវែង បានធ្វើការស្រាវជ្រាវបង្ក្រាបបទល្មើសបានជាបន្តបន្ទាប់ នៅក្នុងរយៈពេល២ថ្ងៃ នៅថ្ងៃទី២៦ និងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ឃាត់ជនសង្ស័យសរុបចំនួន២៤នាក់ ។
តាមរបាយការណ៍ បានឲ្យដឹងទៀតថា ជនសង្ស័យទាំង២៤នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសចំនួន០៥ករណី ដូចខាងក្រោម ៖
ទី១ ៖ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដុំថ្ម និងដែកដងឆ័ត្រ ដេញវាយជនរងគ្រោះតែមិនត្រូវ) ប្រព្រឹត្តនៅចំណុចភ្លើងស្តុបទូលពង្រ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង២២ និង០០នាទីយប់ និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយប្រើដាវដែកកែច្នៃ, ដែកដងឆ័ត្រ, ដែកដងជូតឥដ្ឋ និងដុំថ្ម កាប់ វាយ និងគប់ ជនរងគ្រោះនិងនាំគ្នាព្រួតវាយម៉ូតូបណ្តាល រងការខូចខាតម៉ូតូចំនួន ០២គ្រឿង ប្រព្រឹត្តនៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០១ និង៥៧នាទីយប់ ម៉ោងក្នុងកាមេរ៉ាសុវត្ថិភាព ក្រុមក្មេងទំនើងឈ្មោះ កាហ្វេកែងទួលពង្រ (TPR) ។ ដោយសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន១៥នាក់ដកហូតម៉ូតូចំនួន០៥គ្រឿង ។
ទី២ ៖ ករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ធាក់ម៉ូតូបណ្តាលឲ្យដួល រួចយកកាំបិតផ្គាក់ដេញកាប់លើជនរងគ្រោះ រួចកាប់ម៉ូតូបណ្តាលឲ្យ រងការខូចខាត និងប្លន់យកទូរស័ព្ទដៃម៉ាកអាយហ្វូន១៥ប្រម៉េក ពណ៌ខៀវ ចំនួន០១គ្រឿងនៅ នៅចំណុចផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០២ និង១០នាទីយប់រំលងអធ្រាត្រ ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ ។
ទី៣ ៖ ករណីឆបោកមានស្ថានទម្ងន់ទោស (បន្លំយកប្រាក់ដោយមានការចាត់តាំង) ប្រព្រឹត្តនៅចំណុចផ្ទះលេខផ្ទះលេខ ៩២A ផ្លូវលេខC០១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន៤នាក់ ។
ទី៤ ៖ ករណីប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ចំនួន២នាក់ ។
ទី៥ ៖ ករណីប៉នប៉ងឃាតកម្មប្រើកាំបិតចិតបន្លែកាប់ជនរងគ្រោះជាសង្សារ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ប្រព្រឹត្តនៅចំណុចបន្ទប់ជួល លេខ៤១B ភូមិជម្ពូវន្ត័២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០១និង២០នាទី រំលងអធ្រាត្រដោយឃាត់ខ្លួនបានជនសង្ស័យ១នាក់ ។
បន្ទាប់ពីបង្ហាញមុខ ជនសង្ស័យត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មកំរិតស្រាល និងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាន ដែលជាម្ចាស់ករណី ក៏បានចាត់ចែងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕





ចែករំលែកព័តមាននេះ