ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ ​បង្ក្រាប​បទល្មើស​ឆបោក​តាម​អន​ឡាញនៅ​ក្រុង​បា​វិត ឃាត់ខ្លួន​ជនសង្ស័យ​៦០​នាក់

1 ម៉ោង មុន

ខេត្តស្វាយរៀង ៖ កម្លាំង​សមត្ថកិច្ច​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ចុះ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋ​ចំនួន ០២​ទីតាំង សង្ស័យ​លួចលាក់​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៦០​នាក់ (​ស្រី​១៣​នាក់) ​ដកហូត​សម្ភារ​ឧបករណ៍​ប្រព្រឹត្ត​បទល្មើស​បាន​មួយ​ចំនួន​ធំ ​។

បើ​តាម​មន្ត្រី​នគ​បាល ​បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់ពីនាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និងលោក ប៉េង ពោធិ៍​សា អភិបាល នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្តស្វាយរៀង ស្តី​ពី​ការ​អនុវត្ត​យុទ្ធនាការ​បង្ក្រាប​បទល្មើស​អន​ឡាញ​ស្គេ​ម ​នៅ​ទូ​ទាំង​ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៦ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត បាន​សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​បា​វិត ដឹកនាំ​ដោយ លោក លឹ​ម សៀង​ហេង អភិបាលក្រុង​បា​វិត ដោយ​មានការ​សម្របសម្រួល​ពី​លោក ឡាយ ជុង​ហេង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត ចុះ​ធ្វើ​រដ្ឋបាល​ស្រាវជ្រាវ និង​បង្ក្រាប​ទីតាំង​សង្ស័យ​លួចលាក់​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ចំនួន០២​ទីតាំង នៅ​ចំណុច​អាគារ​ជួល និង​ផ្ទះល្វែង ស្ថិត​ក្នុងភូមិ​បា​វិត​លើ សង្កាត់​បា​វិត ក្រុង​បា​វិត ដោយ​ឃាត់ខ្លួន​មនុស្ស​ក្នុង​រង្វង់​ប្រតិបត្តិការ​ចំនួន ៦០​នាក់ (ស្រី១៣​នាក់) ​។

ប្រភព​បន្ត​ថា ទីតាំង​ទី​០១ អាគារ​ជួល ឃាត់ខ្លួន​មនុស្ស​ក្នុង​រង្វង់​ប្រតិបត្តិការ​ចំនួន​៤៥​នាក់ ស្រី​០៨​នាក់ ​(​ជនជាតិ​វៀតណាម ៤៣​នាក់ ស្រី​០៨​នាក់​, ជនជាតិ​ចិន ០២​នាក់ ប្រុស​)​ និងទីតាំង​ទី​០២ ផ្ទះល្វែង ឃាត់ខ្លួន​មនុស្ស​ក្នុង​រង្វង់​ប្រតិបត្តិការ​ចំនួន ១៤​នាក់ ស្រី ០៥​នាក់ ជា​ជនជាតិ​វៀតណាម​ ។

ដកហូត​សម្ភារ​ពាក់ព័ន្ធ​នឹង​បទល្មើស​រួម​មាន​ ៖ ​កំ​ព្យូ​ទ័​រលើ​តុ All-In-One, កុំព្យូទ័រ​យួរដៃ​, ទូរសព្ទ​ដៃ និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ ។

បច្ចុប្បន្ន ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ រីឯ​ទីតាំង​ប្រព្រឹត្តិ​បទល្មើស ត្រូវ​បាន​ក្រុមការងារ​បិទ​សៀល​ជា​បណ្ដោះអាសន្ន​ ៕​