ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ឌិត​ម្នាក់​៖ បូរណភាព​ទឹកដី​កម្ពុជា​យុទ្ធសាស្ត្រ​បុ​រេ​សកម្ម និង​ជម្រើស​ប្រសើរ​បំផុត

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត ញិ​ល រ​ដ្ឋា អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច​អន្តរជាតិ បាន​លើក​ឡើង​ថា នៅ​ក្នុង​សមរភូមិ​ការទូត និង​ការ​កំណត់ព្រំដែន វោហា​សាស្ត្រ និង​ល្បិច​កល​បច្ចេកទេស​ជា​រឿយ​ៗ ​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​បន្លំ​ភ្នែក​អន្តរជាតិ​ ។

ជាក់ស្តែង ភាគី​ថៃ​តែងតែ​ព្យាយាម​រុញ​ការ​ជជែក​វែកញែក​ឱ្យ​ធ្លាក់​ទៅ​ក្នុង​រឿង​បច្ចេកទេស​ស្មុគស្មាញ ដូច​ជា​ការ​ដេញដោល​រឿង​ខ្នាត​ផែនទី 1:50,000 ឬ​ការ​បង្កើត​តថភាព​រំកិល​របង​ជាក់ស្តែង​លើ​ដី​ ។ តើ​កម្ពុជា​គួរ​ដេញ​តាម​ល្បិច​កល​បច្ចេកទេស​ទាំងនេះ ឬ​ត្រូវ​បង្វែរ​ទិស​ដៅ​សមរភូមិ​ដោយ​របៀប​ណា?

លោក​បណ្ឌិត​ថា ​ដើម្បី​កុំឱ្យ​ថៃ​អាច​លាក់បាំង​ទ​ង្វើ​ខុសច្បាប់​របស់​ខ្លួន​បាន​តទៅ​ទៀត កម្ពុជា​ត្រូវ​តែ​ដើរ​ក្រឡា
«​បុ​រេ​សកម្ម​» (Proactive) លើ​ឆាក​អន្តរជាតិ តាម​រយៈ​យុទ្ធសាស្ត្រ​គន្លឹះ​ចំនួន ៤ ដូច​ខាងក្រោម​៖​ ផ្លាស់​ប្តូរ​និទាន
កថា និង​បកអាក្រាត​តាម​ឋានានុក្រម​ច្បាប់​អន្តរជាតិ​កម្ពុជា ត្រូវ​តែ​ប្រកាស​ទៅ​កាន់​ពិភពលោក​ថា «​បញ្ហា​មិនមែន​ជា​ការ​ជជែក​រឿង​ផែនទី​ចាស់ ឬ​ថ្មី​ទំនើប ឬ​បុរាណ​នោះ​ទេ ប៉ុន្តែ​វា​ជា​បញ្ហា​ថា​តើ ឯកសារ​គតិយុត្តិ​ណា​ដែល​មាន​តម្លៃ​ជា​ច្បាប់​អន្តរជាតិ​»​។

យោង​តាម​ច្បាប់​អន្តរជាតិ ឋានានុក្រម​នៃ​ប្រភព​ច្បាប់​សម្រាប់​ដោះស្រាយ​វិវាទ​ទឹកដី ត្រូវ​បាន​កំណត់​តាម​លំដាប់​អាទិភាព​ច្បាស់លាស់​៖
អាទិភាព​ទី ១៖ សន្ធិសញ្ញា​ព្រំដែន​រវាង​រដ្ឋ​គូវិវាទ​។
អាទិភាព​ទី ២៖ កិច្ចព្រមព្រៀង​ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋ​អាណានិគម​ជំនាន់​មុន (​សន្ធិសញ្ញា​ឆ្នាំ ១៩០៤, ១៩០៧ និង​ផែនទី​ខ្នាត 1:200,000)​។
អាទិភាព​ទី ៣៖ សកម្មភាព​ជាក់ស្តែង​លើ​ដីធ្លី (​តថភាព​រំកិល​របង​)​។

តើ​ពិភពលោក​មើលឃើញ​ល្បិច​កល​របស់​ថៃ​ដែរ​ឬទេ? ថៃ​កំពុង​ព្យាយាម​លោតរំលង​អាទិភាព​ខ្ពស់​បំផុត ហើយ​រុញ​ការ​ចរចា​មក​ត្រឹម​អាទិភាព​ទាប​បំផុត​។ ដូច្នេះ កម្ពុជា​ត្រូវ​ដុត​បញ្ជាក់​នៅ​លើ​ឆាក​ក្រុមប្រឹក្សាសន្តិសុខ​អង្គ ការសហប្រជាជាតិ (UNSC) ថា ជំហរ​របស់​ខ្មែរ​គឺ​ស្រប​តាម​ច្បាប់​អន្តរជាតិ​ទាំងស្រុង ព្រោះ​យើង​ឈរ​លើ​សន្ធិសញ្ញា​ផ្លូវការ ដែល​មិន​អាច​រង្គោះរង្គើ​ដោយសារ​ផែនទី​គូរ​ឡើង​ឯកតោភាគី​របស់​ថៃ​ឡើយ​ ។

ជាមួយ​គ្នា​នេះ កម្ពុជា​ត្រូវ​ប្រើប្រាស់​ភស្តុ​តាង​បច្ចេកវិទ្យា​ទំនើប (​រូបភាព​ឌី​ជី​ថ​ល​ពី​ដ្រូ​ន និង​ប្រព័ន្ធ​ផ្កាយ​រណប​) ដើម្បី​បង្ហាញ​សហគមន៍​អន្តរជាតិ​ពី​ការ​រំកិល​របង​ជាក់ស្តែង​របស់​ថៃ បកអាក្រាត​នយោបាយ «​លេប​ទឹកដី​ដោយ​ស្ងៀមស្ងាត់​» ដែល​ជា​ការ​គំរាមកំហែង​ដល់​ស្ថិរភាព​តំបន់​ ។

លោក​បណ្ឌិត​លើក​ឡើង​ទៀត​ថា​ កម្ពុជា​ត្រូវ​ពង្រឹង​តម្លៃ​គតិយុត្តិ​មិន​អាច​កែប្រែ​បាន​នៃ​សាលក្រម ICJ តើ​សាលក្រម​របស់​តុលាការ​កំពូល​អន្តរជាតិ អាច​ត្រូវ​កែប្រែ​តាម​ចិត្ត​របស់​រដ្ឋ​មួយ​បាន​ដោយ​របៀប​ណា? ចម្លើយ
​គឺមិន​អាច​ទាល់តែ​សោះ​ ។

កម្ពុជា​ត្រូវ​តែ​ប្រើប្រាស់​វេទិកា​អន្តរជាតិ​ដើម្បី​សង្កត់ធ្ងន់​ថា សាលក្រម​តុលាការអន្តរជាតិ (ICJ) ឆ្នាំ ១៩៦២ និង ២០១៣ មិនមែន​ជា​ប្រធានបទ​ដែល​អាចយ​កមក​ជជែក​កែប្រែ ឬ​បកស្រាយ​តាម​ចិត្ត​នឹកឃើញ​របស់​ថៃ​នោះ​ទេ​។ ការ​ដែល​ថៃ​ព្យាយាម​ប្រើប្រាស់​ផែនទី 1:50,000 ដើម្បី​បង្កើត​តថភាព​ថ្មី គឺ​ស្មើនឹង​ការ​ប៉ុនប៉ង​បំផ្លាញ «​គំរូ​គតិយុត្តិ​អន្តរជាតិ​» (Precedents) និង​រំលោភ​លើ​សាលក្រម​បង្ខំ​ផ្លូវច្បាប់​របស់ ICJ ដែល​ជា​ទ​ង្វើ​បំផ្លាញ​សណ្តាប់ធ្នាប់​អន្តរ ជាតិ​យ៉ាងធ្ងន់ធ្ងរ​។

លោក​បណ្ឌិត​បន្ថែម​ថា​ បង្ខំ​ឱ្យ​ថៃ​គោរព​ពាក្យ​សន្យាតាម​គោលការណ៍ “Pacta Sunt Servanda”​នៅ​ក្នុង​ច្បាប់​អន្ត​រ​ជាតិ គោលការណ៍ Pacta Sunt Servanda ចែង​ថា «​រាល់​សន្ធិសញ្ញា ឬ​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​រួច ត្រូវ​តែ​ត្រូវ​បាន​គោរព និង​អនុវត្ត​ដោយ​សេចក្តី​ស្មោះត្រង់​»​។

ជាមួយ​គ្នា​នោះ​ដែរ​ លោក​បណ្ឌិត​លើក​ឡើង​ថា ​ចុះ​ហេតុ​អ្វី​បានជា​អ្នកនយោបាយ​ថៃ​តែងតែ​គំរាម​លុប​ចោល MOU ២០០០​? កម្ពុជា​ត្រូវ​តែ​បង្ហាញ​ទៅ​កាន់​សហគមន៍​អន្តរជាតិ​ថា តាម​រយៈ​ការ​ចុះហត្ថលេខា​លើ MOU ២០០០ ថៃ​បាន​យល់ព្រម​ទទួលស្គាល់​សន្ធិសញ្ញា​ប្រវត្តិសាស្ត្រ និង​ខ្សែបន្ទាត់​ព្រំដែន​រួចរាល់​ទៅ​ហើយ​។ ដូច្នេះ ការ​គំរាម​លុប​ចោល ឬ​កែប្រែ​ជា​ឯកតោភាគី​ពី​ភាគី​ថៃ គឺជា​ការ​រំលោភ​លើ​គោលការណ៍​គ្រឹះ​នៃ​ច្បាប់​អន្តរជាតិ និង​ស្តែង​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ការ​ដើរ​ក្រឡា​ការទូត​ដោយ​គ្មាន​ភាព​ស្មោះត្រង់ (Bad Faith)​។

កម្ពុជា​ត្រូវ​បកអាក្រាត​ល្បិច​សម្លុត​យោធា តាម​រយៈ​ធម្មនុញ្ញ UN តើ​គួរ​ឆ្លើយ​តប​យ៉ាងណា នៅ​ពេល​ប្រទេស​ជិតខាង​ដែល​មាន​ឧត្តមភាព​យោធា​ជាងព្យាយាម​ប្រើ​កម្លាំងបាយ​មក​សម្លុត​នៅ​ជួរ​មុខ?

កម្ពុជា​ត្រូវ​ប្រកាន់​ជំហរ​ជា​អ្នក​ការពារ​សណ្តាប់ធ្នាប់​អន្តរជាតិ និង​ជា​ភាគី​ដែល​ស្រឡាញ់​សន្តិភាព​។ នៅ​ពេល​ថៃ​ធ្វើ​សមយុទ្ធ​យោធា​គំរាមកំហែង កម្ពុជា​ត្រូវ​យក​ចំណុច​នេះ​ទៅ​ប្ដឹង និង​ប្រកាស​អាសន្ន​នៅ UNSC ភ្លាម​ៗ​ថា ថៃ​កំពុង​រំលោភ​លើ​មាត្រា ២ វាក្យខណ្ឌ ៤ (Article 2(4)) នៃ​ធម្មនុញ្ញ​សហប្រជាជាតិ ដែល​ហាមឃាត់​ការ​គំរាមកំហែង ឬ​ការ​ប្រើប្រាស់​កម្លាំង​ប្រឆាំង​នឹង​បូរណភាព​ទឹកដី​នៃ​រដ្ឋ​ដទៃ​ ។

លោ​កប​ញ្ឌិ​ត​បញ្ជាក់​ថា​៖ «​យើង​ត្រូវធ្វើ​ឱ្យ​ពិភពលោក​មើលឃើញ​ច្បាស់​ថា វោហា​សាស្ត្រ​សន្តិភាព​ដែល​ថៃ​តែងតែ​លើក​ឡើង​នៅ​លើ​ឆាក​អន្តរជាតិ គ្រាន់តែ​ជា​ល្បិច​កល​បិទ​បាំង​ទ​ង្វើ​រំលោភ​បំពាន​លើ​ប្រទេស​ជិតខាង​ដែល​តូច​ជាង​ប៉ុណ្ណោះ​»។

លោក​បណ្ឌិត​ក៏​បាន​សន្និដ្ឋាន​ថា តាម​រយៈ​ការ​ឈរជើង​លើ «​សន្ធិសញ្ញា​ព្រំដែន​ផ្លូវការ​» «​សាលក្រម ICJ» និង​ការ​ដេញដោល​តាម «​ឋានានុក្រម​ច្បាប់​អន្តរជាតិ​» កម្ពុជា​នឹង​មិន​ត្រឹមតែ​អាច​ការពារ​ទឹកដី​របស់​ខ្លួន​បាន​ដោយ​ជោគ​ជ័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាច​បង្ហាញខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ ក្នុង​នាម​ជា​អ្នក​ការពារ​សណ្តាប់ធ្នាប់ និង​ស្ថិរភាព​ដ៏​ពិតប្រាកដ​នៅ​ក្នុង​តំបន់​អាស៊ាន និង​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​ទៀត​ផង ​៕