បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាបើកឡានបុ.ករះទាំងព្រឹក
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ សង្ស័យស្រវឹងស្រា បានបើករថយន្ត១គ្រឿងរេចង្កូតជ្រុលទៅបុកម៉ូតូ១គ្រឿងពីក្រោយពេញទំហឹង រុញផ្ទុបពីក្រោយរថយន្ត១គ្រឿងទៀត ដែលកំពុងឈប់ស្ងៀម ។ ដោយម្ចាស់ម៉ូតូនិងរថយន្តនេះកំពុងឈប់ទិញអីវាន់ ជាហេតុបណ្ដាលឲ្យយានយន្តទាំង៣គ្រឿងរងការខូចខាត ប៉ុន្តែមិនបានបណ្ដាលឲ្យមានមនុស្សស្លាប់ ឬរងរបួសនោះឡើយ ។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៤០នាទីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខសាលាបឋមសិក្សាជម្ពូវ័ន ជិតផ្សារជម្ពូវ័ន ស្ថិតនៅក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រថយន្តបង្កដែលបើកបរដោយបុរសជនជាតិចិននោះម៉ាក SUBARU FORESTER-XT ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2BH-9661 រងការខូចខាតខ្ទេចមុខនិងផ្ទុះពោងសុវត្ថិភាព ។ ចំណែកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញLC-3608 ខូចខាត១កំណាត់ក្រោយ និងរថយន្ត១គ្រឿងទៀតម៉ាក NISSAN FRONTIER ពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BI-5406 រងការខូចខាតសន្ទះទ្រុងនិងកាងក្រោយ ។

សមត្ថកិច្ចបានប្រាប់ថា នៅមុនពេលកើតហេតុ បុរសជនជាតិចិនខាងលើបានបើកបររថយន្តម៉ាកSUBARU FORESTER-XT ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនគួរសមដែរ ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅខាងស្ដាំដៃជ្រុលទៅបុកម៉ូតូហុងដាឌ្រីមពីក្រោយពេញទំហឹង រុញផ្ទប់រថយន្ត១គ្រឿងទៀតម៉ាក NISSAN FRONTIER កំពុងឈប់ស្ងៀមទាំងកំរោលបណ្ដាលឲ្យរងការខូចខាតតែម្ដង ។

ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅពិនិត្យរួចឲ្យភាគីទាំង៣ធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕




ចែករំលែកព័តមាននេះ