ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ទាហាន​អាមេរិក​ជួប​មន្ត្រី​យោធា​គុយ​បា​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ដ៏​កម្រ​រវាង​ប្រទេស​គូ​សត្រូវ​នឹង​គ្នា​មួយ​នេះ

4 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ មេ​បញ្ជា​ការ​កង​ទ័ព​កំពូល​ដែល​មើល​ការ​ខុស​ត្រូវ​​លើ​ទាហាន​ប្រចាំ​ការ​នៅ​តំបន់​អា​មេ​រិក​ឡាទីន​មាន​កិច្ច​ជំនួប​ដ៏​កម្រ​មួយ​កាល​ពី​យប់​មិញ​ជា​មួយ​មន្ត្រី​យោធា​ជាន់​ខ្ពស់​របស់​គុយ​បា​នៅ​​បរិ​វេណ​មូល​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​អាមេរិក​ប្រចាំ​ច្រក​សមុទ្រ​ក្វាន​តា​ណាម៉ូ (Guantanamo Bay) នៃ​ប្រទេស​គុយ​បា​។ នេះ​បើ​យោ​ង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​ទាហាន​អាមេរិក​។ ក្វាន​តាណាម៉ូជា​ទឹក​ដី​របស់​គុយ​បា​ ហើយ​ត្រូវ​អាមេរិក​ជួល​ធ្វើ​ជា​មូល​ដ្ឋាន​ទ័ព​។ ឧត្ដម​សេនីយ៍​យោធា​អាមេរិក​ លោក​ហ្វ្រាន​ស៊ីស ដូណូវ៉ាន់ (Francis Donovan) ​ជា​មេ​បញ្ជា​ការ​កង​ប្រតិ​បត្តិ​ការ​សឹក​ខាង​ត្បូង​បាន​ជួប​គ្នា​រយៈ​ពេល​ខ្លី​ជា​លក្ខណៈ​កញ្ឆក់​កណ្ដៀត​។ លោក​បាន​ពិភាក្សា​គ្នា​អំពី​បញ្ហា​សន្តិសុខ​ជា​មួយ​គណៈ​ប្រតិ​ភូ​គុយ​បា​។

លោក​ដូណូវ៉ាន់​ក៏​បាន​ដឹក​នាំ​ការ​ត្រួត​ពិនិត្យ​ និង​វាយ​តម្លៃ​អំពី​ស្ថាន​ការណ៍​សន្តិ​សុខ​នៃ​មូល​ដ្ឋាន​កង​ទ័ព​អាមេរិក​នៅ​ទី​នោះ និង​ពិភាក្សា​អំពី​ការ​ការ​ពារ​កង​កម្លាំង​របស់​ខ្លួន, ការ​ធានា​សុវត្ថិ​ភាព​ជូន​ចំពោះ​យោ​ធិន​ដែល​បំពេញ​ភារ​កិច្ច​នៅ​ទី​នោះ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ ព្រម​ទាំង​ការ​ត្រៀម​លក្ខណៈ​ចេញ​ប្រតិ​បត្តិ​ការ​សឹក​ផង​ដែរ​​​។ កិច្ច​ជំនួប​របស់​លោក​ដូណូវ៉ាន់​នោះ​ជា​ករណី​ដំបូង​នៅ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​ពី​សំណាក់​មេ​បញ្ជា​ការ​​កង​ប្រតិ​បត្តិ​ការ​សឹក​ខាង​ត្បូង​ ហើយ​កិច្ច​ជំនួប​នេះ​ក៏​ធ្វើ​ឡើង​ចំ​ពេល​ដែល​គេ​កាន់​តែ​ព្រួយ​បារម្ភ​ថា​អាមេរិក​អាច​នឹង​វាយ​ប្រហារ​ប្រទេស​កុម្មុយ​និស្ត​គុយ​បា​មួយ​នេះ​​។

កង​ទ័ពគុយ​បា​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុក​ថា​កិច្ច​ជំនួប​នោះ​រៀប​ចំ​ឡើង​ដោយ​មាន​ការ​ព្រម​ព្រៀង​គ្នា​ទៅវិញ​ទៅ​មក​ និង​ថា​ភាគី​ទាំង​២​បាន​ឯក​ភាព​គ្នា​ថា​នឹង​នៅ​តែ​បន្ត​ទំនាក់​ទំនង​គ្នា​ទៅ​ថ្ងៃ​មុខ​ទៀត​។ គណៈ​ប្រតិ​ភូ​ទាំង​២​វាយ​តម្លៃ​ជា​វិជ្ជ​មាន​ចំពោះ​ការ​ជួប​គ្នា​លើក​នេះ​ដោយ​ផ្ដោត​លើ​បញ្ហា​ពាក់​ព័ន្ធ​នឹង​វិស័យ​សន្តិ​សុខ​នៅ​ក្នុង​ដែន​សមត្ថ​កិច្ច​គ្រប់​គ្រង​របស់​យោធា​អាមេរិក​។ គួរ​កត់​សម្គាល់​ថា​ការ​ជួប​គ្នា​លើក​នេះ​ធ្វើ​ឡើង​ក្រោយ​ការ​បំពេញ​ទស្សន​កិច្ច​ដ៏​កម្រ​របស់​នាយក​ភ្នាក់​ងារ​សម្ងាត់​ស៊ី​អាយ​អេ (CIA) នៅ​ទី​ក្រុង​ឡា​ហាវ៉ាន​នៅ​ខែ​ឧសភា​នេះ​។

លោក​ត្រាំ​ឧស្សាហ៍​លើក​និយាយ​អំពី​ប្រទេស​គុយ​បា​នៅ​ពេល​និយាយ​ដល់​នយោបាយ​ការ​បរទេស​របស់​លោក​នៅ​អាណត្តិ​ទី​២​នេះ​។ លោក​ថែម​ទាំង​និយាយ​បែប​ផ្លែ​ផ្កា​ថា​នៅ​ពេល​រួច​ដៃ​ពី​ការ​ធ្វើ​សង្គ្រាម​នៅ​អ៊ីរ៉ង់​ លោក​នឹង​ចាត់​ការ​គុយ​បា​វិញ​ម្ដង​។ គុយ​បា​ជា​សត្រូវ​ធំ​របស់​អាមេរិក​តាំង​ពី​​​ច្រើន​ទស​វត្សរ៍​មក​ហើយ។ ពោល​គឺ​​​តាំង​ពី​ជំនាន់​ហ្វ៊ីដែល​កាស់​ស្ត្រូ​ធ្វើ​បដិវត្ត​កាល​ពី​ឆ្នាំ​១៩៥៩​មក​ម៉្លេះ​។ លោក​ត្រាំ​ទទួល​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​ជន​ជាតិ​អាមេរិកាំង​​ដើម​កំណើត​គុយ​បា​ដែល​មាន​​និន្នា​ការ​ដាច់​ខាត​និយម​ប្រឆាំង​នឹង​របប​ដឹក​នាំនៅ​គុយ​បា​សព្វ​ថ្ងៃ​។ ពួកគេ​និយាយ​ពន្យុះ​លោក​ត្រាំ​ឱ្យ​ផ្ដួល​រំលំ​របប​នេះ​ចោល​។ រដ្ឋាភិបាល​របស់​លោក​ក៏​បន្ត​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​ទី​ក្រុង​ឡាហាវ៉ាន​កាន់​តែ​ខ្លាំង​ឡើង​​ៗ​ផង​ដែរ​៕ ប្រភព៖ Reuters​