ទាស់ពាក្យសម្តីតិចតួច ប្តីជេរ.ប្រ.មា.ថ និងដៀលពូជ ប្រពន្ធទា.ញពូ.ថៅសំ.ព.ង.ក្បាល
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ស្ត្រីជាប្រពន្ធត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ធ្វើការឃាត់ខ្លួន ក្រោយទាញពូថៅសំពងក្បាលប្តី ព្រោះតែរឿងទាស់ពាក្យសម្តីតិចតួច ហើយប្តីបានជេរប្រមាថពាក្យអសុរោះធ្ងន់ៗ និងថែមទាំងដៀលពូជអម្បូរខាងប្រពន្ធទៀតនោះ ធ្វើស្ត្រីជាប្រពន្ធទប់កំហឹងមិនបាន ស្ទុះទៅទាញពូថៅវាយសន្ធាប់លើបុរសជាប្តីតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ។

ករណីហិង្សាក្នុងគ្រួសារ ប្រពន្ធទាញពូថៅសំពងក្បាលប្តីបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ បានកើតឡើងកាលពីវេលាម៉ោង០៤និង៣០នាទីរសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចក្នុងភូមិព្រៃផ្តៅ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកឱរ៉ាល់បាននិយាយឱ្យដឹងថា ជនសង្ស័យដៃដល់ដែលឃាត់ខ្លួនបាន មានឈ្មោះ អ៊ី សោ ភេទស្រី អាយុ៤៥ឆ្នាំ ត្រូវជាប្រពន្ធ បានធ្វើសកម្មភាពយកពូថៅវាយទៅលើឈ្មោះ ហឿន ហុន ភេទប្រុស អាយុ៤៨ឆ្នាំ ត្រូវជាប្តីចំនួន៤ពូថៅ ចំក្បាលផ្នែកខាងក្រោយ ខណៈពេលប្តីកំពុងអង្គុយលើអង្រឹងក្រោមផ្ទះ បណ្តាលឱ្យរងរបួសធ្ងន់។
នគរបាលស្រុកឱរ៉ាល់បានបន្តឱ្យដឹងថា មូលហេតុដែលធ្វើឱ្យកើតមានអំពើហិង្សាក្នុងគ្រួសារឈានទៅដល់វាយបុរសជាប្តីបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរនេះ គឺបណ្តាលមកពីជនរងគ្រោះទាស់ពាក្យសម្តីគ្នា ហើយបុរសជាប្តីបានជេរប្រមាថលើប្រពន្ធនូវពាក្យអសុរោះធ្ងន់ៗ និងថែមទាំងដៀលពូជអម្បូរខាងប្រពន្ធថែមទៀតផង ក៏ធ្វើឲ្យជនសង្ស័យដៃដល់ជាប្រពន្ធ ទប់កំហឹងមិនបានក៏ស្ទុះទៅទាញពូថៅវាយទៅលើបុរសជាប្តីតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះជួយអន្តរាគមន៍។

នគរបាលស្រុកឱរ៉ាល់បានបន្តឱ្យដឹងទៀតថា ក្រោយបានទទួលពាក្យបណ្តឹងពីមហាជនឈ្មោះ ផល្លា ប្រុស ហៅ ហយ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រៃផ្តៅ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ តាមលេខទូរស័ព្ទ រួចមក កម្លាំងជំនាញរបស់អធិការដ្ឋានស្រុកឱរ៉ាល់ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងជោ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យស្រាវជ្រាវជុំវិញពីរឿងហេតុខាងលើ និងធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើយកមកអធិការដ្ឋានស្រុកឱរ៉ាល់ដើម្បីចាត់ការតាមនិតិវិធី។ ចំណែកបុរសជនរងគ្រោះ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
នគរបាលស្រុកឱរ៉ាល់បានបញ្ជាក់ថា ក្រោយឃាត់ខ្លួនស្ត្រីជាប្រពន្ធដៃដល់ រួមជាមួយនឹងវត្ថុតាងពូថៅ នគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

ចែករំលែកព័តមាននេះ