ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរធិ​បតី​៖​ អ្នក​ថា​ខ្ញុំ​ទៅ​រៀន​សាលា​បណ្ឌិតសភាយោធា​សហរដ្ឋអាមេរិកWest Point ដោយ​ប្រើប្រាស់​កូតា​របស់​កងទ័ព​ថៃ មិនមែន​ជា​ការ​ពិត​ទេ

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរធិ​បតី ហ៊ុន ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក​ថា​ ការ​ដែល​សម្តេច​ទៅ​រៀន​សាលា​បណ្ឌិតសភាយោធា​សហរដ្ឋអាមេរិក West Point ដោយ​ប្រើប្រាស់​កូតា​របស់​កងទ័ព​ថៃ មិនមែន​ជា​ការ​ពិត​នោះ​ទេ​ ។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​សរសេ​រលើ​បណ្តាញ​សង្គម​ នៅ​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៦​ថា​៖ ម្សិលមិញ​ខ្ញុំ​បាន​បង្ហោះ​សារ​មួយ​ពាក់ព័ន្ធ​នឹង​ការ​បញ្ចប់​ការ​សិក្សា​របស់ខ្ញុំ​ ពី​សាលា​បណ្ឌិតសភាយោធា​អា​មេ​រិ​ក West Point កាលពី ២៧​ឆ្នាំ​មុន (២៩ ឧសភា ១៩៩៩) ​។

សម្តេច​បាន​លើក​ឡើង​ថា​ មាន​ប្រជាពលរដ្ឋ​ថៃ​មួយ​ចំនួន​បាន​ចូល​មក​សរសេរ​បញ្ចេញមតិ​ថា ខ្ញុំ​បាន​ទៅ​រៀន​នៅ​សាលា​បណ្ឌិតសភាយោធា​សហរដ្ឋអាមេរិក West Point តាម​រយៈ​កូតា​របស់​កងទ័ព​ថៃ​ ។ មានការ​បញ្ចេញមតិ​បែប​នេះ ជា​ច្រើន​លើក​រួច​មក​ហើយ ដែល​ខ្ញុំ​មិន​ដែល​ឆ្លើយ​តប ដោយសារ​មិន​ចង់​យក​បញ្ហា​នេះ​មក​បកស្រាយ​នាំ​អោយ​វែង​ឆ្ងាយ​ដោយ​មិន​ចាំបាច់​ ។ ពេល​នេះ ខ្ញុំ​សូម​បញ្ជាក់​បន្តិច ​ដើម្បី​ប​បញ្ចប់​ការ​យល់​ខុស​នេះ​តទៅ​ទៀត​។

ជា​ចម្លើយ​ខ្លី គឺ​ខ្ញុំ​មិន​បាន​ទៅ​រៀន​នៅ​សាលា West Point ដោយ​ប្រើ​កូតា​របស់​កងទ័ព​ថៃ​នោះ​ទេ​ ។ ហេតុផល​គឺ​សាមញ្ញ​បំផុត​÷

១-សហរដ្ឋអាមេរិក​ជា​ប្រទេស​មហាអំណាច និង​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្តល់​អាហារូបករណ៍​ទៅ​ប្រទេស​ណា​ក៏​បាន ដោយ​មិន​ចាំបាច់​យក​កូតា​ពី​ប្រទេស​មួយ​(​ថៃ​) ទៅ​អោយ​បេក្ខជន​ពី​ប្រទេស​ផ្សេង​មួយទៀត​(​កម្ពុជា​)
​ទេ​។

២-ប្រទេស​ដែល​ទទួល​បាន​កូតា សម្រាប់​បញ្ជូន​សិក្ខាកាម​ទៅ West Point មិន​មាន​សិទ្ធិ​ផ្ទេរ​កូតា​របស់​ខ្លួន​ទៅ​ឲ្យ​ប្រទេស​ផ្សេង​ទេ​។ សហរដ្ឋអាមេរិក​ជា​អ្នក​កំណត់​ប្រទេស​ណា​ត្រូវ​ទទួល​បាន ហើយ​ត្រូវ​ទទួល​បាន​ចំនួន​ប៉ុន្មាន​កន្លែង សម្រាប់​ឆ្នាំ​នីមួយ​ៗ​។

៣-សញ្ញាបត្រ​របស់ខ្ញុំ​ពី​សាលា​បណ្ឌិតសភាយោធា​សហរដ្ឋអាមេរិក West Point គឺ​បញ្ជាក់​ច្បាស់​ថា ជា​និស្សិត​យោធា​ពី​កម្ពុជា មិនមែន​ពី​ប្រទេស​ណា​ផ្សេង​ទេ​។

៤-លក្ខខណ្ឌ​តម្រូវ​ចាំបាច់​សម្រាប់​បេក្ខជន​និស្សិត​នាយទាហាន​បរទេស​ទៅ​រៀន​នៅ​សាលា​បណ្ឌិតសភាយោធា​អា​មេ​រិ​ក West Point គឺ​ត្រូវ​ទទួល​បានការ​ធានា (nomination) ពី​ក្រសួងការពារជាតិ​នៃ​ប្រទេស​របស់​ខ្លួន និង​ការ​គាំទ្រ (endorsement) ពី​ស្ថាន​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​ប្រទេស​នោះ​។

បើសិនជា​ខ្ញុំ​ប្រើប្រាស់​កូតា​របស់​យោធា​ថៃ​ដើម្បី​ទៅ​រៀន​នោះ ប្រាកដជា​ខ្ញុំ​ត្រូវ​បាន​ទទួល​ការ​ធានា​ពី​ក្រសួងការ ពារជាតិ​ថៃ និង​ការ​គាំទ្រ​ពី​ស្ថាន​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​ថៃ​ហើយ​។

សម្រាប់​រូប​ខ្ញុំ គឺ​នៅ​ឆ្នាំ​១៩៩៥ បាន​ទទួល​ការ​ធានា​ពី​ក្រសួងការពារជាតិ​កម្ពុជា និង​ការ​គាំទ្រ​ពី​ស្ថាន​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា (​មិនមែន​បាន​ពី​ស្ថាន​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​ថៃ​ទេ​)​។ ដូច្នេះ ​បញ្ជាក់​ច្បាស់​ថា​ កូតា​ដែល​ខ្ញុំ​បាន​ទៅ​រៀន​នៅ West Point គឺជា​កូតា​ដែល​សហរដ្ឋអាមេរិក​ផ្ដល់​មក​ឲ្យ​កម្ពុជា​មិនមែន​ឲ្យ​ទៅ​ថៃ​ដូច​ការ​លើក​ឡើង​នោះ​ទេ​ ។

បើ​អ្នក​ណា​ចង់​បញ្ជាក់​ថា ​តើ​វា​ជា​ការ​ពិត​ឬ​មិន​ពិត​នោះ គឺ​ងាយស្រួល​បំផុត ដោយ​អ្នក​អាច​សុំ​ការ​បញ្ជាក់​ពី​ក្រសួងការពារជាតិ​ថៃ ឬ​ស្ថាន​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​ថៃថា ​ធ្លាប់​បាន​ធ្វើការ​ធានា ឬ​ផ្តល់​ការ​គាំទ្រ​ដល់​បេក្ខជន​ពី​កម្ពុជា ដើម្បី​ទៅ​រៀន​ជំនួស​បេក្ខជន​ថៃ​នៅ​សាលា West Point ឬទេ? អ្នក​ក៏​អាច​ស្វែងរក​ការ​បញ្ជាក់​ផ្ទាល់​ពី​សាលា​បណ្ឌិតសភាយោធា​អា​មេ​រិ​ក West Point តែ​ម្ដង​ក៏​បាន​លើ​ករណី​នេះ​។ ខ្ញុំ​ជឿជាក់​ថា​ច្បាស់​ថា គឺ​គ្មាន​ករណី​នេះ
​ទេ​។

៥-ខ្ញុំ​សង្ឃឹមថា​ ការ​បញ្ជាក់​នេះ នឹង​បញ្ចប់​នូវ​ការ​យល់​ខុស​ថា​ខ្ញុំ​បាន​ទៅ​រៀន​សាលា West Point ដោយ​ប្រើប្រាស់​កូតា​របស់​កងទ័ព​ថៃ ដែល​មិនមែន​ជា​ការ​ពិត ​៕