រាជធានីភ្នំពេញ ៖ ក្មេងទំនើង ដែលធ្វើសកម្មភាពវាយ និងគប់រថយន្ត ១គ្រឿង ម៉ាកអាវតា០៧ ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ បណ្តាលឲ្យរងការខូចខាតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ជាមួយនឹងម៉ូតូ ១គ្រឿង នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបាននគរបាលជំនាញព្រហ្មទណ្ឌ ឃាត់ខ្លួន៦នាក់ហើយ ។
ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវ៉ុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៦នាក់ ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ក្មេងទំនើង (វាយ និងគប់កម្ទេចរថយន្ត) នៅចំណុចហាងម៉ាស្សាម៉ាយូរ៉ា ផ្លូវលេខ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល៧និង៣៧យប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៦ ។
ជនសង្ស័យ រួមមាន ៖
១-ឈ្មោះ ម៉ាន់ ទ្បុងថាដា ហៅ ដា ភេទប្រុស អាយុ១៧ឆ្នាំ
២-ឈ្មោះ ឯក សខមាន ហៅ មាន ភេទប្រុស អាយុ ១៧ឆ្នាំ
៣-ឈ្មោះ សុខ ជា ហៅ ជា ភេទប្រុស អាយុ ១៨ឆ្នាំ
៤-ឈ្មោះ ឆុន រ៉ាយុទ្ធ ហៅ យុទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ
៥-ឈ្មោះ នី សាគី ហៅ ភ្លោះ ភេទ ប្រុស កើតឆ្នាំ២០០៦
៦-ឈ្មោះ នី រ៉ាវី ភេទ ប្រុស កើតឆ្នាំ២០០៦
វត្ថុតាងចាប់យករួមមាន ៖
១-ដុំថ្មចំនួន០៤ដុំ
២-ផ្លាកលេខរថយន្តចំនួន០១បន្ទះ។
ជនសង្ស័យជាក្មេងទំនើងខាងលើ បច្ចុប្បន្ន ត្រូវបានសមត្ថកិច្ចជំនាញ កំពុងសាកសួរ និងអនុវត្តតាមនីតិវិធី ចំពោះករណីនេះដែរសមត្តកិច្ចជំនាញ ក៏កំពុងបន្តស្វែងរកបក្ខពួកមួយចំនួនបន្ថែមទៀត ។
សូមជម្រាបផងដែរថា ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញសារព្រមានយ៉ាងធ្ងន់ៗ និងជាការអំពាវនាវចុងក្រោយ ដល់ក្រុមយុវជន ដែលបានបង្កហិង្សា និងអ្នករត់គេចខ្លួន ឱ្យប្រញាប់ចូលខ្លួនមកសារភាព និងដោះស្រាយតាមនីតិវិធីច្បាប់ នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ។
ការចេញមុខមកបញ្ជាក់យ៉ាងម៉ឺងម៉ាត់នេះ បានធ្វើឡើងបន្ទាប់ពីមានករណីហិង្សាមួយ បង្កឡើងដោយក្រុមយុវជនមួយក្រុម ដែលធ្វើសកម្មភាពដោយមិនខ្វល់ពីច្បាប់ទម្លាប់ ។
លោកស្នងការ បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ យ៉ាងដូច្នេះថា ៖ “ខ្ញុំសូមអំពាវនាវ ដល់យុវជន ដែលកំពុងរត់គេចខ្លួនជាចុងក្រោយ សូមចូលខ្លួនមក អធិការខណ្ឌដូនពេញ ដើម្បីដោះស្រាយជាពិសេស យុវជន អ្នកបង្កហេតុ ស្រែកបំផុសមុនគេ កំពុងរត់គេចខ្លួន យុវជន០៦នាក់ ជាអ្នកដៃដល់ ប្រើហិង្សាដោយមិនគិតអំពីច្បាប់ និងមិនដឹងរឿងអ្វីក្នុងចំណោមយុវជនផ្សេងទៀត ត្រូវបានចាប់ខ្លួនបណ្ដើៗហើយ (មានម្នាក់ជាអ្នកកាច់យកស្លាកលេខរថយន្ត) ។
លោកស្នងការថា ខ្ញុំអត់និយាយលេងទេ (ខ្ញុំសូមជម្រាបជូនដល់ក្រុមយុវជនមួយចំនួនតូច ដែលដើរផ្លូវខុស ដែលសង្គម និងមហាជនស្អប់ខ្ពើម កែខ្លួនឡើងវិញ គ្រួសារមានវិន័យ ប្រទេសមានច្បាប់ ច្បាប់គឺច្បាប់ មិនអាចទុកឱ្យជនមួយក្ដាប់តូច បង្កចលាចលក្នុងសង្គមរួចខ្លួនបានទេ) ។
លោកស្នងការ បានកំណត់មុខសញ្ញាច្បាស់លាស់លើយុវជនម្នាក់ ដែលជាអ្នកស្រែកបំផុសបំផុល មុនគេ និងយុវជន ០៦នាក់ទៀត ដែលជាអ្នកដៃដល់ ប្រើហិង្សាដោយមិនដឹងរឿងរ៉ាវច្បាស់លាស់ ។
បច្ចុប្បន្ន សមត្ថកិច្ច កំពុងបន្តនីតិវិធីយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកអ្នកដែលនៅសេសសល់។ ការអំពាវនាវនេះ ក៏ជាឱកាសសម្រាប់យុវជន ដែលដើរផ្លូវខុស ឱ្យដឹងខ្លួនកែប្រែ កុំឱ្យក្លាយជាបុគ្គលដែលសង្គម និងមហាជនស្អប់ខ្ពើមតទៅទៀត ។
សូមជម្រាបថា មហាជនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះករណីនេះ ខណៈដែលកម្លាំងសមត្ថកិច្ចជំនាញ បាននិងកំពុងពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ ឱ្យកាន់តែមានភាពកក់ក្ដៅជូនពលរដ្ឋ ៕





ចែករំលែកព័តមាននេះ