ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ការចរចាទល់ច្រក! អ៊ីរ៉ង់ប្រកាសមិនទាន់កំណត់ថ្ងៃជួបអាម៉េរិកជាថ្មី និងព្រមានរឿងបិទច្រកសមុទ្រ ហូម៉ូសឡើងវិញ​

13 ម៉ោង មុន

ទីក្រុងតេហេរ៉ង់៖ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅក្នុងវេទិកាការទូតនៅប្រទេសតួកគី នៅថ្ងៃសៅរ៍នេះថា ពុំទាន់មានការកំណត់កាលបរិច្ឆេទសម្រាប់កិច្ចចរចាជុំបន្ទាប់រវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិកនៅឡើយទេ បើទោះបីជាលោកប្រធានាធិបតី…

ទីក្រុងតេហេរ៉ង់៖ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅក្នុងវេទិកាការទូតនៅប្រទេសតួកគី នៅថ្ងៃសៅរ៍នេះថា ពុំទាន់មានការកំណត់កាលបរិច្ឆេទសម្រាប់កិច្ចចរចាជុំបន្ទាប់រវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិកនៅឡើយទេ បើទោះបីជាលោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បានបង្ហើបថាជំនួបនេះអាចនឹងកើតឡើងនៅចុងសប្តាហ៍នេះក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន ​Reuters ចុះផ្សាយនៅថ្ងៃទី១៨ ខែមេសានេះ។

លោកអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវតែព្រមព្រៀងលើ “ក្របខ័ណ្ឌនៃការយោគយល់គ្នា” ជាមុនសិន ព្រោះអ៊ីរ៉ង់មិនចង់ចូលរួមក្នុងកិច្ចប្រជុំដែលត្រូវបរាជ័យទុកជាមុន ហើយត្រូវបានគេយកទៅធ្វើជាលេសដើម្បីបង្កើនភាពតានតឹងយោធាបន្ថែមទៀតនោះទេ។

មន្ត្រីជាន់ខ្ពស់រូបនេះបានបញ្ជាក់ថា ទោះបីជាមានវឌ្ឍនភាពខ្លះក្នុងការចរចានៅទីក្រុងអ៊ិស្លាម៉ាបាតកាលពីសប្តាហ៍មុនក៏ដោយ ប៉ុន្តែអ្វីដែលជាឧបសគ្គរារាំងកិច្ចព្រមព្រៀង គឺដោយសារតែអាម៉េរិកបានប្រើប្រាស់ “វិធីសាស្ត្រទាមទារអតិបរមា” ដោយព្យាយាមដាក់សម្ពាធឱ្យអ៊ីរ៉ង់ក្លាយជាករណីលើកលែងពីច្បាប់អន្តរជាតិ ជាពិសេសពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ។

លោក Khatibzadeh បានអះអាងយ៉ាងច្បាស់ថា អ៊ីរ៉ង់នឹងមិនទទួលយកការធ្វើជាករណីលើកលែងឡើយ ហើយរាល់ការប្តេជ្ញាចិត្តណាមួយ ត្រូវតែស្ថិតនៅក្រោមបទប្បញ្ញត្តិ និងច្បាប់អន្តរជាតិជាសកលតែប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងស្ថានភាពនៅច្រកសមុទ្រហូម៉ូស លោក Khatibzadeh បានពន្យល់ពីមូលហេតុដែលនាំឱ្យមានសេចក្តីរាយការណ៍អំពីការបិទច្រកសមុទ្រនេះឡើងវិញ បន្ទាប់ពីបានបើកឱ្យនាវាពាណិជ្ជកម្មឆ្លងកាត់បានមួយរយៈពេលខ្លី។ លោកបានចោទប្រកាន់ថា ភាគីអាម៉េរិកបានព្យាយាម “បំផ្លាញ” កិច្ចព្រមព្រៀងឈប់បាញ់ ដោយប្រកាសថាច្រកសមុទ្របើកចំហសម្រាប់គ្រប់គ្នា លើកលែងតែនាវារបស់អ៊ីរ៉ង់។ ជាការឆ្លើយតប អ៊ីរ៉ង់បានព្រមានថា ប្រសិនបើអាម៉េរិកមិនគោរពតាមលក្ខខណ្ឌនៃបទឈប់បាញ់ និងមិនរក្សាសម្តីរបស់ខ្លួនទេ នោះអាម៉េរិកនឹងត្រូវប្រឈមមុខនឹងផលវិបាកជាក់ជាមិនខាន ដែលនេះគឺជាសញ្ញាបង្ហាញថា ច្រកសមុទ្រយុទ្ធសាស្ត្រមួយនេះអាចនឹងត្រូវបិទខ្ទប់ទាំងស្រុងជាថ្មីម្តងទៀត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ