ទីក្រុងស៊ីដនី៖ ថ្មីៗនេះ ប្រទេសជប៉ុន និងអូស្ត្រាលីបានចុះហត្ថលេខាលើគម្រោងសាងសង់នាវាចម្បាំងរួមគ្នាដែលសរុបជាទឹកប្រាក់១០ពាន់លានដុល្លារអូស្ត្រាលី (ស្មើនឹង៧ពាន់លានដុល្លារអាមេរិក)។ នេះជាកិច្ចព្រមព្រៀងសាងសង់នាវាចម្បាំងសម្រាប់អូស្ត្រាលី។ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី និងសមភាគីជប៉ុនបានចុះហត្ថលេខាលើអនុស្សារណៈមួយបញ្ជាក់ជាថ្មីអំពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលប្រទេសទាំង២ក្នុងការធ្វើឱ្យបានសម្រេចនូវផែនការសាងសង់នាវាប្រគល់ជូនដល់ដៃអូស្ត្រាលី។

ប្រទេសទាំង២បានឈានដល់កិច្ចព្រមព្រៀងនោះកាលពីខែសីហា ឆ្នាំមុន។ នេះជាផ្នែកមួយនៃការកែប្រែជំហររបស់ប្រទេសជប៉ុនដែលធ្លាប់តែប្រកាន់គោលការណ៍សន្តិភាពនិយម។ ប៉ុន្តែឥឡូវនេះ ជប៉ុនកំពុងព្យាយាមចងសម្ព័ន្ធភាពជាមួយប្រទេសធំៗនៅក្នុងតំបន់ (បន្ថែមពីលើកិច្ចសហការដែលមានស្រាប់ជាមួយអាមេរិក) ដើម្បីពង្រឹងកិច្ចសហការខាងសន្តិសុខទប់ទល់នឹងប្រទេសចិន។

នៅក្នុងកិច្ចព្រមព្រៀងលើកនេះ ក្រុមហ៊ុនមីតស៊ូប៊ីស៊ីនឹងផលិតឱ្យអូស្ត្រាលីនូវនាវាចម្បាំងបីគ្រឿងដែលអាចបំពេញមុខងារបានច្រើនយ៉ាង។ ដំណើរការផលិតនឹងចាប់ផ្ដើមនៅឆ្នាំ២០២៩។ ក្រៅពីនេះ ជប៉ុននឹងសាងសង់នាវាចម្បាំង៨គ្រឿងទៀតសម្រាប់អូស្ត្រលី និងផលិតនៅលើទឹកដីអូស្ត្រាលីផ្ទាល់តែម្ដង។ ក្រសួងការពារជាតិជប៉ុនបានបង្ហោះសារនៅលើបណ្ដាញអ៊ិចថារដ្ឋមន្ត្រីរបស់ខ្លួន និងអូស្ត្រាលីស្វាគមន៍ការចុះកិច្ចសន្យានេះ។

ក្រសួងថ្លែងបន្តទៀតថាប្រទេសទាំង២បញ្ជាក់អំពីការប្ដេជ្ញាចិត្តពង្រឹងទំនាក់ទំនងការពារជាតិជាមួយគ្នានៅក្នុងលិខិតប្ដូរសារដែលចុះហត្ថលេខានៅទីក្រុងមែលប៊ន។ នាវាចម្បាំងទាំងនេះផលិតឡើងសម្រាប់តាមប្រមាញ់នាវាមុជទឹករបស់សត្រូវ, សម្រាប់វាយប្រហារនាវារបស់សត្រូវនៅលើលំហសមុទ្រ និងសម្រាប់ផ្ដល់ការគាំទ្រផ្លូវអាកាសសម្រាប់គ្នាឯង។ អូស្ត្រាលីគ្រោងប្រើប្រាស់នាវាទាំងនេះដើម្បីការពារច្រកសមុទ្រដឹកជញ្ជូនសំខាន់ៗ និងច្រកផ្លូវឆ្ពោះទៅកាន់មហាសមុទ្រឥណ្ឌ និងមហាសមុទ្រប៉ាស៊ីហ្វិច៕ ប្រភព៖ រ៉យទ័រ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ