ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារបន្ត​នាំ​ឱកាស​ការងារ​ជាង១​ម៉ឺន​កន្លែង​ដល់​ពលរដ្ឋ​ខេត្តពោធិ៍សាត់ រួម​ទាំង​អត្ថប្រយោជន៍ប​.​ស​.​ស​. និង​ការ​បណ្តុះបណ្តាល​ជំនាញ​ឥត​គិតថ្លៃ

2 នាទី មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៩ ​ឧសភា ឆ្នាំ​២០២៦ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បន្ត​រៀបចំ​វេទិកា​ការងារ​ក្រោម​ប្រធានបទ «​ខ្មែរ​ជួយ​រក​ការងារ និង​ផ្ដល់​ការងារ​ឱ្យ​ខ្មែរ​» ដែល​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ អតីត​ពលករ និង​យុវជន​ជិត ៨០០​នាក់ នៅ​សាលាស្រុក​ក្រវាញ ខេត្តពោធិ៍សាត់ ក្រោម​អធិបតីភាព​របស់​ឯកឧត្តម ឡេ​ង សែ រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ។

ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋលេខាធិការ​បាន​ជម្រាប​ជូន​អង្គពិធី​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​សម្របសម្រួល​ឱកាស​ការងារ​ក្នុងស្រុក​ជាង​៩​ម៉ឺន​កន្លែង ដោយឡែក​ សម្រាប់​ខេត្តពោធិ៍សាត់​ផ្ទាល់​ គឺ​មានការ​នាំ​យក​ឱកាស​ការងារ​ចំនួន​១០ ៧៣២​កន្លែង ពី​បណ្តា​រោងចក្រ សហគ្រាស និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្ត​។ ឯកឧត្តម​បាន​គូសបញ្ជាក់​ថា បងប្អូន​ដែល​ចុះ​ឈ្មោះ​ធ្វើ​ការងារ​ស្របច្បាប់​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី ប​.​ស​.​ស​. ដូច​មន្ត្រីរាជការ រួម​មាន​របប​ហានិភ័យ​ការងារ របប​ថែទាំ​សុខភាព និង​របប​សោធន​និវត្តន៍ ដែល​ជួយ​សម្រួល​ដល់​ជីវភាព​បាន​យ៉ាង​ល្អ​។

ទន្ទឹម​នឹង​នេះ ឯកឧត្តម ឡេ​ង សែ បាន​ក្រើនរំលឹក​ដល់​ពលរដ្ឋ​ឱ្យ​ចៀសវាង​ការ​ចាញ់បោក​ការងារ​នៅ​ក្រៅប្រទេស ហើយ​ប្រសិនបើ​មាន​បំណង​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ជប៉ុន និង​អូស្ត្រាលី​ជាដើម សូម​ពិនិត្យ​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ស្របច្បាប់​ជាមួយ​អាជ្ញាធរ​។ សម្រាប់​ព័ត៌មាន​បន្ថែម ពលរដ្ឋ​អាច​ទំនាក់ទំនង​តាម​រយៈ​លេខ​ទូរស័ព្ទ​ជំនួយ​រហ័ស ១២៩៧ សម្រាប់​ផ្នែក​ផ្គូផ្គង​ការងារ និង​លេខ ១២៨៦ សម្រាប់​ផ្នែក ប​.​ស​.​ស​.​។

ក្រៅពី​ឱកាស​ការងារ ឯកឧត្តម​បាន​លើកទឹកចិត្ត​យ៉ាង​ខ្លាំងក្លា​ដល់​យុវជន​ឱ្យ​ចាប់​យក​ឱកាស​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តពោធិ៍សាត់​ដោយ​ឥត​គិតថ្លៃ និង​មាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​យុទ្ធសាស្ត្រ «​ពលរដ្ឋ​ម្នាក់​មាន​ជំនាញ​មួយ​យ៉ាងតិច​ប្រចាំជីវិត​»​។ វគ្គ​បណ្តុះបណ្តាល​ទាំងនេះ​គ្របដណ្តប់​លើ​ជំនាញ​ទីផ្សារ​ជា​ច្រើន​ដូច​ជា ការ​ជួសជុល​គ្រឿងអគ្គិសនី សំណង់ សេវាកម្ម​កាហ្វេ និង​ផ្នែក​សេវាកម្ម​ផ្សេង​ៗ​ទៀត ដែល​នឹង​ធានា​បាន​នូវ​ការងារ​ធ្វើ និង​ប្រាក់​ឈ្នួល​សមរម្យ​។

សូម​បញ្ជាក់​ថា វេទិកា​ការងារ​ដ៏​មាន​សារៈសំខាន់​នេះ ទទួល​បានការ​សហការ​ចូលរួម​យ៉ាង​ពេញទំហឹង​ពី​សំណាក់​បណ្តា​រោងចក្រ សហគ្រាស គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សមាគម និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ធំ​ៗ រួម​ទាំង រោងចក្រ វេន​ធូ​រ៉ា លេ​ឌើ​វែ​រ អឹ​ម​អេ​ហ្វ​វ៉ា​យ​, រោងចក្រ ញូ វ៉ា​យ អឹ​ភែ​រឹល​, រោងចក្រ អ​ខេ​ធី​, រោងចក្រ ស៊ិ​ន​គី អឹ​ភឹ​រឹល​, សិប្បកម្ម សាន ពៅ​, រោងចក្រ មី​នេ​បៀ​, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អិ​ល​អូ​អិ​ល​ស៊ី​, តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូ​យ៉ា​ល់ គ្រុប ភ្នំពេញ (RGPPSEZ), តំបន់​សេដ្ឋកិច្ច​ពិសេស ចេ​ជាង គម្រោង​២ ព្រមទាំង​ក្រុមហ៊ុន អ៊ែ​ក​ស៊​ល អេ​ស៊ា យូ​មេន រី​សសស៍ ដែល​ជា​ក្រុមហ៊ុន​ជ្រើសរើស​កម្លាំង​ពលកម្ម​ស្របច្បាប់​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ជប៉ុន​ផង​ដែរ​៕ អត្ថបទ៖ សហការ