សង្ស័យជាករណីស.ម្លា.ប់រួចដឹកយកទៅប្លុងចោលទាំងឡាននៅខណ្ឌដង្កោ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសជនជាតិបរទេសម្នាក់ត្រូវបានសង្ស័យថា ឃាតករសម្លាប់រួចដឹកតាមរថយន្តតូយ៉ូតាព្រូស១គ្រឿងយកទៅប្លុងចោលទាំងរថយន្តនោះតែម្ដង ហើយសាកសពនិងរថយន្តព្រូសខាងលើ ត្រូវបានក្រុមអ្នកបើករថយន្តធន់ធំប្រទះឃើញ និងរាយការណ៍ជូនសមត្ថកិច្ចឲ្យចុះទៅពិនិត្យកោសល្យវិច័យ ។

ហេតុការណ៍ខាងលើនោះ បានបង្កការភ្ញាក់ផ្អើល នាវេលាម៉ោង១១ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចដីវាលមួយកន្លែង ស្ថិតនៅក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បុរសដែលត្រូវឃាតករសម្លាប់នោះ សង្ស័យជាជនជាតិចិន ហើយសាកសពនៅក្នុងរថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BH-1311មួយគ្រឿង ។

តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជារៀងរាល់ថ្ងៃ ក្រុមអ្នកបើកបររថយន្តធុនធំដឹកទំនិញច្រើននាក់ តែងតែបានបើករថយន្តទៅឈប់សម្រាកនៅលើដីវាលខាងលើនោះ ហើយនៅវេលាម៉ោង៨ព្រឹកថ្ងៃកើតហេតុ ពួកគាត់បានប្រទះឃើញរថយន្តតូយ៉ូតាព្រូស១គ្រឿងខាងលើ បានស្ថិតនៅលើដីវាលខាងលើនោះដែរ ។

ខណៈនោះក្រុមអ្នកបើករថយន្តធំពុំបានដឹងថា នៅក្នុងរថយន្តនោះមានសាកសពឡើយ ដោយនឹកស្មានថា ជារថយន្តទៅឈប់ចតធម្មតាៗ ទើបមិនចាប់អារម្មណ៍ ។ លុះដល់វេលាម៉ោង១១ព្រឹកថ្ងៃដដែលនៅតែអត់ឃើញរថយន្តនោះបើកចេញទៅណាសោះ ក៏នាំគ្នាទៅអើតមើល ស្រាប់តែប្រទះឃើញមានសាកសពមនុស្សប្រុសជាជនជាតិបរទេសម្នាក់នៅក្នុងរថយន្តនោះបាត់ទៅហើយ ។

ប្រភពដដែលបានប្រាប់បន្តថា ខណៈនោះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានរាយការណ៍ជូន
នគរបាលខណ្ឌដង្កោឲ្យចុះទៅពិនិត្យមើល ហើយមានការសង្ស័យថា អ្នកស្លាប់គឺជាជនជាតិចិន អាចត្រូវគេសម្លាប់នៅកន្លែងផ្សេងរួចយកទៅប្លុងចោលនៅទីនោះ ។ បន្ទាប់មកនគរបាលខណ្ឌដង្កោបានសហការជាមួយ
នគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកពិនិត្យកោសល្យវិច័យ និងស្រាវជ្រាវរកមូលហេតុ និងប្រភពនៃការស្លាប់នោះហើយ ។

ដោយឡែក ប្រភពមិនផ្លូវការមួយបានលើកឡើងថា ករណីខាងលើនោះ អាចជាអំពើចាប់ជម្រិតទារប្រាក់នៅហើយមិនត្រូវគ្នាឧក្រិដ្ឋជនក៏ស្លាប់ជនរងគ្រោះចោលតែម្ដង ។ ប៉ុន្តែនគរបាលមិនទាន់អះអាងប្រាប់ឲ្យដឹងថា ជាករណីអ្វីនៅឡើយទេ ព្រោះកំពុងស្ថិតនៅក្នុងការស្រាជ្រាវនៅឡើយ ប្រសិនបើព័ត៌មានអ្វីបន្ថែមនោះកោះសន្តិភាព និងផ្សាយជូននៅពេលក្រោយទៀត ៕







ចែករំលែកព័តមាននេះ