សិង្ហបុរី៖ ប្រមុខការពារជាតិអាមេរិក លោកភីត ហេកសិត ថ្លែងនៅព្រឹកថ្ងៃសៅរ៍នេះដោយជំរុញឱ្យក្រុមសម្ព័ន្ធមិត្តរបស់អាមេរិកនៅទ្វីបអាស៊ីបង្កើនខ្ទង់ថវិកាចំណាយទៅលើវិស័យការពារជាតិឱ្យបានច្រើនជាងមុននៅក្នុងអ្វីដែលលោកចាត់ទុកថាដើម្បីទប់ទល់នឹងឥទ្ធិពលកាន់តែខ្លាំងឡើងៗរបស់ប្រទេសចិនដែលសូម្បីតែអាមេរិកខ្លួនឯងក៏មិនទាន់ដឹងច្បាស់ថាអាចទប់ទល់ជាប់ ឬមិនជាប់ផងទេ។ គោលដៅរបស់អាមេរិកគឺទប់ស្កាត់មិនឱ្យចិនក្លាយជាមហាអំណាចផ្ដាច់មុខនៅក្នុងតំបន់។ លោកភីត ហេកសិតចេញសារដាស់តឿនថាល្មមដល់ពេលដែលត្រូវប្រកាសអាសន្នហើយ (ឬក៏ថាទឹកលិចដល់ច្រមុះហើយ ល្មមក្រោកឡើងទាំងអស់គ្នា) ព្រោះចិនកំពុងតែបង្កើនការកសាងកម្លាំងយោធាយ៉ាងសម្បើម។

លោកហេកសិតថ្លែងថាលុះត្រាតែបង្កើតបណ្ដាញសម្ព័ន្ធមិត្តប្រកបដោយភាពកាន់តែខ្លាំងពូកែជាងពេលបច្ចុប្បន្ន និងមានឯករាជ្យ-ម្ចាស់ការទើបអាចទប់ទល់នឹងអំណាចលើសលប់ (របស់ចិន) និងរក្សាតុល្យភាពអំណាចបាន។ លោកថ្លែងបន្តទៀតថាតំបន់ប៉ាស៊ីហ្វិចបើកាលណាគ្រប់គ្រងដោយប្រទេសអនុត្តរភាពនិយមណាមួយ (ជាលក្ខណៈវ៉ាងទី) នឹងធ្វើឱ្យរង្គោះរង្គើដល់ការថែរក្សាតុល្យភាពអំណាចជាមិនខាន។ គ្មានរដ្ឋណាមួយ (រួមទាំងប្រទេសចិនផងដែរ) អាចមានសិទ្ធិដាក់ដែនអនុត្តរភាពរបស់ខ្លួន និងចាត់ចែងសន្តិសុខ ឬវិបុលភាពរបស់ជាតិយើង និងសម្ព័ន្ធមិត្តរបស់យើងជាដាច់ខាត។

រដ្ឋមន្ត្រីរូបនេះថ្លែងបន្តទៀតថាអាមេរិករំពឹងថាបណ្ដាសម្ព័ន្ធមិត្ត និងដៃគូរបស់អាមេរិកនៅទ្វីបអាស៊ីនឹងបង្កើនខ្ទង់ចំណាយ៣,៥%នៃជីឌីភី (GDP) របស់ខ្លួន។ អាមេរិកសន្យាវិនិយោគថវិកា១,៥ទ្រីលានដុល្លារនៅក្នុងវិស័យយោធា។ លោកហេកសិតចង់សង្កត់ធ្ងន់ត្រង់ចំណុចនេះថានេះមិនមែនជាការចង់បង្កបញ្ហាទេ ប៉ុន្តែជាការធានាស្ថិរភាពតែប៉ុណ្ណោះ។ លោកថាអ្វីដែលក្រុមសម្ព័ន្ធមិត្តចង់បាន និងអ្វីដែលអាមេរិកចង់បញ្ជូនទៅឱ្យពួកគេគឺការពង្រឹងកម្លាំងផ្ទៃក្នុងប្រកបដោយវិន័យហ្មត់ចត់, ដាច់ខាតនិយមដែលមានភាពនឹងន និងភាពជាអ្នកដឹកនាំដើម្បីឱ្យសម្ព័ន្ធមិត្តមានទំនុកចិត្តគ្រប់គ្រាន់ក្នុងការនិយាយ និងដើរដោយដំណើរទន់ភ្លន់ ប៉ុន្តែកាន់ដំបងដ៏ធំមួយនៅក្នុងដៃ។

លោកហេកសិតក៏បានបន្ទន់ឥរិយាបថមកវិញនៅពេលនិយាយដល់ទំនាក់ទំនងចិន-អាមេរិក។ លោកថាទំនាក់ទំនងនេះគ្រាន់បើជាងមុនបើប្រៀបធៀបនឹងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ។ ប្រទេសទាំង២រក្សាទំនាក់ទំនងកម្រិតយោធា និងយោធាដើម្បីសម្រុះសម្រួលគ្នានៅពេលមានភាពតានតឹង។ យើងឧស្សាហ៍ជួបគ្នាជាមួយសមភាគីចិនកាន់តែញឹកញាប់ជាងមុនដោយរក្សាខ្សែទូរស័ព្ទទំនាក់ទំនងផ្នែកយោធា និងយោធា។ លោកហេកសិតបាននិយាយបន្ទរតាមភាសារបស់លោកត្រាំដែលតែងតែទាមទារឱ្យសម្ព័ន្ធមិត្តទាំងអស់មិនថានៅអាស៊ី ឬអឺរ៉ុបទេត្រូវតែរ៉ាប់រងថ្លៃចំណាយលើវិស័យការពារជាតិឱ្យបានច្រើនជាងមុន។ លោកត្រាំនិយាយដោយមិនចេះនឿយណាយថាក្រុមប្រទេសជាដៃគូនៅអឺរ៉ុប និងអង្គការណាតូគួរតែពង្រឹងភាពឯករាជ្យ-ម្ចាស់ការរបស់ខ្លួន និងកាត់បន្ថយការពឹងផ្អែកទៅលើអាមេរិក៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ