ករណីឆេះឃ្លាំងម្សិលមិញ ខូចខាតអ៊ីសូឡង់១០តោន និងម៉ាស៊ីនផលិតគ្រាប់ជ័រ៤គ្រឿង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ឧប្បត្តិហេតុឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆេះឃ្លាំងរបស់រោងចក្រផលិតស័ង្កសីគាបស្នោ KO PVC ស្ថិតនៅតាមបណ្ដោយផ្លូវឆេកូ ភូមិក្រាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង២ និង២៥នាទីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនោះ បានបណ្ដាលឲ្យខូចខាតឃ្លាំង
១ខ្នងទំហំ១៥ម៉ែត្រx២០ម៉ែត្រ និងខូចខាតអ៊ីសូឡង់ចំនួន១០តោន និងម៉ាស៊ីនផលិតគ្រាប់ជ័រចំនួន០៤គ្រឿងផងដែរ នេះបើតាមការប្រាប់ឲ្យដឹងពីសមត្ថកិច្ច ប៉ុន្តែអត់ដឹងថាទំហំនៃការខូចខាតខាងលើ នោះបើគិតជាប្រាក់អស់ប៉ុន្មានម៉ឺនដុល្លារនោះឡើយ ។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់បន្តទៀតថា អគាររោងចក្រទាំងមូលមានទំហំ ៣០,០០០ម៉ែត្រការ៉េ ជាប្រភេទសំណង់ថ្ម និងដែកប្រក់ស័ង្កសីដែលមានម្ចាស់ឈ្មោះ ហុង ប៉ាវម៉េង ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ ។ ប៉ុន្តែឆេះតែឃ្លាំងទំហំ១៥ម៉ែត្រx២០ម៉ែត្រនោះប៉ុណ្ណោះ ដែលបង្កឡើងដោយការឆ្លងចរន្តអគ្គិសនី និងពុំបានបណ្ដាលឲ្យមានមនុស្សស្លាប់ ឬរងរបួសនៅក្នុងគ្រោះអគ្គិភ័យខាងលើនោះទេ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងបន្ថែមទៀតថា នៅក្នុងប្រតិបត្តការពន្លត់ភ្លើងខាងលើ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យការិយាល័យបង្ការ សង្គ្រោះ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន២៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១៥រថយន្តស្មើនឹង៩០ម៉ែត្រគូប ។ រថយន្តពន្លត់អគ្គិភ័យកងពលតូចង៧០ ចំនួន០៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤រថយន្តស្មើនឹង២៤ម៉ែត្រគូប ។

រថយន្តពន្លត់អគ្គិភ័យតម្រួតបទបញ្ជា ០១គ្រឿងប្រើប្រាស់ទឹកអស់០១រថយន្តស្មើនឹង០៦ម៉ែត្រគូប ,រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១រថយន្តស្មើនឹង ០៦ម៉ែត្រគូប ។ រថយន្តពន្លត់អគ្គិភ័យបុរីប៉េងហួតចំនួន២គ្រឿង ពុំបានប្រើប្រាស់ទឹកនោះទេ ហើយបានពន្លត់ចប់ ជាស្ថា ពរ១ម៉ោងក្រោយមកគឺនៅវេលាម៉ោង១៥និង២០នាទីរសៀលថ្ងៃ ខែ ឆាំ្ន ដដែលនោះ ៕




ចែករំលែកព័តមាននេះ