អាជ្ញាធរខណ្ឌ៧មករាបន្តចុះត្រួតពិនិត្យតាមអាគារស្នាក់នៅ ដើម្បីបោសសម្អាតបទល្មើសអនឡាញស្គេម
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌ៧មករា បន្តចុះត្រួតពិនិត្យតាមអគារ សណ្ឋាគារ ខុនដូ អាផាត ស្នាក់នៅគ្រប់គ្រង ជនបរទស និងការរស់នៅប្រមូលផ្ដុំប្រព្រឹត្តបទល្មើស ដើម្បីបោសសម្អាតបទល្មើសអនឡាញស្គេមចេញពីមូលដ្ឋាន ។

ជាក់ស្ដែង នាព្រឹកទី៣០ ឧសភា ឆ្នាំ២០២៦ នេះ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា និងជាប្រធានគណ:បញ្ជាបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព បន្តចុះត្រួតពិនិត្យការគ្រប់គ្រង ការរស់នៅ ប្រមូលផ្ដុំ ស្របតាមអនុក្រឹត្យលេខ០៣ នៅតាមសណ្ឋាគារ ខុនដូ ផ្ទះសំណាក់ សហគ្រាស និងខ្នងផ្ទះនានា ពិសេស គឺឈានទៅបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន។

លោក ថេង សុថុល អភិបាលខណ្ឌ៧មករាបានបញ្ជាក់ថា កម្លាំងនូវតែបន្តចុះត្រួតពិនិត្យជាប់ជាប្រចាំដូចភ្លៀង
រលឹម ដើម្បីបង្ការទប់ស្កាត់រាល់បទល្មើស ដែលអាចកើតឡើង ហើយបានបង្ការបានទាន់ពេលវេលា។

អភិបាលខណ្ឌបានបន្តលើកឡើងថា លោកក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខណ្ឌសូមណែនាំ និងព្រមាន ដល់មន្ត្រីក្រោមឱវាទទាំងអស់ បើមានពាក់ព័ន្ធប៉ះពាល់ជាមួយបទល្មើស Online Scams ត្រូវលាងដៃ ក្នុងករណីមានការពាក់ព័ន្ធនោះ មិនមានការលើកលែងណាមួយឡើយ។

លោកអភិបាលបានសង្កត់ធ្ងន់បន្តទៀតថា មន្ត្រីមានសមត្ថកិច្ច ថ្នាក់ខណ្ឌ សង្កាត់ប៉ុស្តិ៍រដ្ឋបាលភូមិ ត្រូវបន្តចុះត្រួតពិនិត្យឲ្យជាប់ជាប្រចាំ ក្នុងករណីសង្ស័យត្រូវចុះបង្ក្រាបឲ្យបានទាន់ពេល ហើយជាពិសេស អាជ្ញាធរមូលដ្ឋានភូមិសង្កាត់ ត្រូវតាមដានមើលតាម អគារ ខុនដូ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួលជាដើម ព្រោះក្នុងរយៈពេលកន្លងមកនេះ មានការបង្ក្រាបបទល្មើស Online Scams យ៉ាងតឹងរឹងនៅតាមបណ្តាខេត្តជាប់ព្រំដែន ដែលអាចធ្វើឱ្យក្រុមជនល្មើសមួយចំនួនរត់គេចខ្លួនចូលមកលាក់ខ្លួននៅក្នុងតំបន់រាជធានី ដើម្បីបន្តសកម្មភាពខុសច្បាប់៕


ចែករំលែកព័តមាននេះ