រាជធានីភ្នំពេញ ៖ សំណុំរឿងមន្ត្រីកងកម្លាំងជាង៣០នាក់ ពាក់ព័ន្ធចូលយកសម្ភារក្នុងទីតាំងបិទសៀលនៅក្នុងកាស៊ីណូព្រែកចាក ខេត្តកំពត បានផ្ទេរសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញរួចហើយ ហើយការមិនទាន់បង្ហាញមុខមន្ត្រីជាង៣នាក់ ដែលលួចសម្ភារកាស៊ីណូនោះ ដោយសារតំណាងអយ្យាការ នៅបន្តស្រាវជ្រាវទៀត នេះបើតាមស្នងការនគបាលខេត្តកំពត ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការនគរបាលខេត្តកំពត បានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បានលើកឡើងថា «ច្បាប់ មិនបានបែងចែកថា ជាកងកម្លាំង ឬជាប្រជាពលរដ្ឋ ត្រូវអនុវត្តច្បាប់ខុសៗពីគ្នានោះទេ ច្បាប់ត្រូវអនុវត្តដោយតម្លាភាព និងស្មើភាពគ្នា ចំពោះសមត្ថកិច្ច ដែលបានធ្វើខុស» ។
លោកស្នងការ បានលើកឡើងថា ចំពោះការពាក់ព័ន្ធចូលយកសម្ភារក្នុងទីតាំងបិទសៀល នៅក្នុងកាស៊ីណូព្រែកចាករបស់សមត្ថកិច្ច ដែលបានប្រចាំការនៅទីនោះ កន្លងមក ករណីខាងលើនេះ ត្រូវបានផ្ទេរសំណុំរឿងទៅតុលាការរាជធានីភ្នំពេញរួចហើយ មានមតិជាច្រើនបានលើកឡើងថា ហេតុអ្វីមិនបង្ហាញមុខសមត្ថកិច្ច ដែលពាក់ពន្ធ័នោះ ។
លោកស្នងការ បានបញ្ជាក់ថា ៖ “ខ្ញុំសូមជម្រាបថា ករណីនេះ ត្រូវបន្តនិតិវិធីជាបន្តបន្ទាប់ទៀត គ្មានអ្វីដែលត្រូវលាក់បាំង និងការពារចំពោះបុគ្គល ដែលល្មើសច្បាប់ និងបានធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់កងកម្លាំងនគរបាលជាតិនោះទេ” ។
លោកស្នងការ បន្តថា «ខ្ញុំសូមជម្រាបបន្ថែមថា ការមិនបញ្ចេញរូបថតជនសង្ស័យ ចំពោះករណីនេះ តំណាងអយ្យាការនៅបន្តធ្វើការសាកសួរនឹងស្រាវជ្រាវបន្តទៀត ចំពោះជនសង្ស័យទាំង ៣២នាក់ រួមនិងអ្នកទទួលផលចំនួន ០៤នាក់ បានបញ្ជូលទៅដល់រាជធានីភ្នំពេញ ដើម្បីបន្តនិតិវិធី មុននិងក្រោយអ្នកពាក់ពន្ធ័ នឹងត្រូវធ្វើការផ្សព្វផ្សាយមិនហួសពេលនោះទេ មិនមែនគ្រាន់តែចង់អោយសមត្ថកិច្ចបង្ហាញមុខជនសង្ស័យទាំងនោះ នៅពេលនេះ ហើយត្រូវបំផ្លាញទៅដល់ការងារស្រាវជ្រាវ រកអ្នកពាក់ពន្ធ័ផ្សេងៗទៀតនោះទេ ។ សូមបងប្អូនមានការយោគយល់ចំពោះករណីនេះ បើសមត្ថកិច្ចមានចេតនាអ្វីមួយនោះ មិនមែនយើងខ្ញុំខិតខំស្រាវជ្រាវរហូតដល់ឃាត់ខ្លួនជនសង្ស័យចំនួន ៣២ នាក់ រួមនិងអ្នកទទួលផលបន្ថែម ៤នាក់ ទៀតនោះទេ» ៕

ចែករំលែកព័តមាននេះ