ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​៖ ប្រទេស​កម្ពុជា​នៅ​មានឱកាស​ការងារ​ជាង​៩​ម៉ឺន​កន្លែង​ ដែល​កំពុង​តែ​នៅ​សល់​រង់​ចាំ​បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ឱកាស​ការងារ​ប្រមាណ​ជាង​៩​ម៉ឺន​កន្លែង​នៅ​តាម​រាជធានី​-​ខេត្ត ដែល​កំពុង​រង់​ចាំ​បងប្អូន​អតីត​
ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ​ ។ នេះ​បើ​តាម​ឱ្យ​ដឹង​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​។

តាម​រយៈ​ការ​ផ្សព្វផ្សាយ​ក្រសួង​ការងារ​បានឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៦ មានឱកាស​ការងារ​ចំនួន ៩១,២១៥ កន្លែង​នៅ​តាម​ណ្ដា​រាជធានី​-​ខេត្ត​នៅ​ទូ​ទាំង​ប្រទេស កំពុង​រង់ចាំ​បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ​ ។ ឱកាស​ការងារ​ទាំងនោះ ស្ថិត​នៅ​ក្នុង​វិស័យ​សំខាន់​ៗ ដូច​ជា​៖ វិស័យ​​កសិកម្ម ឧស្សាហកម្ម និង​វិស័យ​សេវាកម្ម​ ។

ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ទាំងនោះ បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ​អាច​ស្វែងរក​លេខ​ទំនាក់ទំនង ឈ្មោះ​រោងចក្រ និង​វិស័យ​ដែល​ខ្លួន​ពេញចិត្ត​បាន​តាម​រយៈ​ខិត្តប័ណ្ណ​ការងារ​របស់​ក្រសួង​ដែល​បាន​ផ្សព្វផ្សាយ​យ៉ាង​លម្អិត​ ។

ជាមួយ​គ្នា​នេះ ក្រៅពី​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន រោងចក្រ សហគ្រាស អ្នក​ស្វែងរក​ការងារ​ទាំងអស់ ជា​ពិសេស​ បងប្អូន​អតីត​ពលករ ក៏​អាច​ទាក់ទង​មក​ប្រព័ន្ធ​ទំនាក់ទំនង​បន្ទាន់ ១២៩៧ ដើម្បី​ឱ្យ​ក្រសួង​ការងារ​ជួយ​សម្របសម្រួល​ស្វែងរក​ការងារ​ជូន​ផង​ដែរ​។ នេះ​បើ​តាម​ក្រសួង​ការងារ​ដដែល​ ៕ អត្ថបទ៖ សហការ