ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ អញ្ជើញ​ចុះ​ពិនិត្យ​មើល​ខ្សែ​ច្រវាក់​ផលិតកម្ម​ក្រុមហ៊ុន THACO AGRI ក្នុង​ខេត្តក្រចេះ ដែល​ផ្តល់​ឱកាស​ការងារ​ប្រមាណ២​ម៉ឺន​នាក់ និង​ផ្ទេរ​ជំនាញ​បច្ចេកទេស​កសិកម្ម​ទំនើប

41 វិនាទី មុន
  • ភ្នំពេញ

ខេត្តក្រចេះ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ជាក់ស្តែង​នូវ​ខ្សែ​ច្រវាក់​ផលិតកម្ម​របស់​ក្រុមហ៊ុន THACO AGRI និង​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ​ដែល​កំពុង​បម្រើ​ការងារ​ឱ្យ​ក្រុមហ៊ុន​នៅ​តំបន់​ពហុ​កសិកម្ម​ស្នួល ស្ថិត​ក្នុង​ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៣០ ខែឧសភា ឆ្នាំ​២០២៦ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង ថ្នាក់ដឹកនាំ​រដ្ឋបាល​ខេត្ត និង​តំណាង​ក្រុមហ៊ុន​ជា​ច្រើន​រូប ដើម្បី​ឈ្វេងយល់ និង​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ផ្តល់​ការ​គាំទ្រ ក៏​ដូច​ជា​កិច្ចសហការ​បន្ថែម​ ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ផ្តល់​ទំនុកចិត្ត ហើយ​បោះទុន​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ដែល​ផ្តល់​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ជាមួយនឹង​ប្រាក់​ឈ្នួល​សមរម្យ ដែល​ក្នុង​នោះ​ក៏​មាន​អតីត​ពលករ​មក​ពី​ប្រទេស​ថៃ ព្រមទាំង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ខណៈ​ក្រុមហ៊ុន​ក៏​កំពុង​ត្រូវការ​កម្លាំង​ពលកម្ម​បន្ថែម​ប្រមាណ ៧​ពាន់​នាក់​ទៀត​ក្នុងឆ្នាំនេះ​ ។

ទន្ទឹម​នេះ ឯកឧត្ដម ហេង សួរ បាន​គូសបញ្ជាក់​ថា ការងារ​ទាំងនេះ​កើត​ចេញពី​កិច្ច​ខិតខំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ទាក់ទាញ និង​បង្ក​បរិយាកាស​អំណោយផល​ល្អ​សម្រាប់​អ្នក​វិនិយោគ​ពី​គ្រប់​ប្រទេស ដើម្បី​ឱ្យ​បង​ប្អូន​ទទួល​បាន​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​រួមចំណែក​ដ៏​មាន​តម្លៃ​ក្នុង​ការ​ជួយ​កសាង​សេដ្ឋកិច្ចជាតិ​។ ជាមួយនឹង​ប្រតិបត្តិការ​នៅ​ប្រទេស​វៀតណាម និង​ឡាវ ផង​ដែរ ក្រុមហ៊ុន​ពិតជា​មាន​បទ​ពិសោធ​ល្អ​ៗ​ផ្នែក​ក​សិ​-​ឧស្សាហកម្ម​ប្រកបដោយ​បច្ចេកទេស​ទំនើប ហើយ​កំពុង​តែ​នាំ​យក​មក​អនុវត្ត​និង​ចែករំលែក ដែល​ពិតជា​មាន​សារៈសំខាន់​ចំពោះ​កម្ពុជា ដែល​ធ្លាប់តែ​ធ្វើ​កសិកម្ម​តាម​បែប​បុរាណ​ ។

តំណាង​ក្រុមហ៊ុន​បាន​ធ្វើ​បទ​បង្ហាញ​ពី​ផែនការ​យុទ្ធសាស្ត្រ​របស់​ខ្លួន ដែល​ផ្តោត​លើ «​ការ​អភិវឌ្ឍ​បុគ្គលិក​មូលដ្ឋាន​» ដើម្បី​ផ្ទេរ​បច្ចេកទេស​និង​អភិវឌ្ឍ​បុគ្គលិក​គ្រប់គ្រង​បន្តវេន​។ នៅ​ពេល​ចូល​ធ្វើការ បងប្អូន​ក៏​ទទួល​បានការ​ចុះ​កិច្ចសន្យាការងារ​យ៉ាង​ត្រឹមត្រូវ ហើយ​ក្រុមហ៊ុន​ក៏​បង់​ជូន​ពេញលេញ​នូវ​ភាគទាន​នៃ​របប​សន្តិសុខ​សង្គម​លើ​ផ្នែក​ថែទាំ​សុខភាព ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​ប្រាក់​សោធន​ ។

បន្ថែម​ពី​នោះ ក្រុមហ៊ុន​ក៏​មានការ​គាំទ្រ​ផ្នែក​អាហារ ដោយ​បាន​រៀបចំ​ផ្ទះបាយ ដើម្បី​ផ្តល់​ជូន​អាហារ ៣​ពេល​/​ថ្ងៃ កន្លែង​ស្នាក់​នៅ អគ្គិសនី​ប្រើប្រាស់​ប្រចាំ​ថ្ងៃ និង​ទឹក​ស្អាត​ដោយ​ឥត​គិតថ្លៃ ការ​ពិនិត្យ​សុខភាព​តាម​កាលកំណត់ ការ​ហ្វឹកហ្វឺន និង​បណ្តុះបណ្តាល​បុគ្គលិក​ថ្មី បង្កើត​ហាង​ទំនិញ ផ្ទះ​ថែទាំ​កុមារ (​ម​ត្តេ​យ្យ​កុមារ​) និង​បន្ទប់​សង្គ្រោះ​បឋម នៅ​តាម​កសិដ្ឋាន​នីមួយ​ៗ​ផង​ដែរ​។ ក្រៅពី​នេះ​ក៏​មានការ​រៀបចំ​សកម្មភាព​ផ្សេង​ៗ ដូច​ជា ពិធី​មង្គលការ ពិធី​ខួបកំណើត ព្រឹត្តិការណ៍ និង​សកម្មភាព​វប្បធម៌ ព្រមទាំង​ការ​លេង​កីឡា​ជាដើម​។

ក្រោយ​ពី​ធ្វើ​ទស្ស​កិច្ច​ខ្សែ​ច្រវាក់​ផលិតផល​របស់​ក្រុមហ៊ុន ឯកឧត្តម​ក៏​បាន​ឆ្លៀតពេល​អញ្ជើញ​សំណេះសំណាល​សួរសុខទុក្ខ​បងប្អូន​កម្មករ និង​ក្មួយ​ៗ​ជា​កូនសិស្ស​ប្រកបដោយ​ភាព​ស្និទ្ធស្នាល​ផង​ដែរ ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​រំលេច​ថា ធ្វើ​ការងារ​នៅ​ទី​នេះ បងប្អូន​កម្មករ​មិន​មាន​កង្វល់​ពី​ការ​ខ្វះ​កន្លែង​ស្នាក់​នៅ បញ្ហា​សេវា​សុខភាព និង​សេវា​អប់រំ​នោះ​ទេ​។

ឆ្លើយ​តប​នឹង​សំណូមពរ​របស់​ក្រុមហ៊ុន​ពី​កង្វះ​កម្លាំង​ពលកម្ម ឯកឧត្តម ហេង សួរ បាន​ណែនាំ​ឱ្យ​បន្ត​កិច្ចសហការ​ជាមួយ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​(NEA) ក្នុង​ការ​ផ្សព្វផ្សាយ​ជ្រើសរើស​កម្មករ​តាម​រយៈ​វេទិកា​ការងារ ជា​ពិសេស​ផ្តោត​លើ​ខេត្ត​ត្បូងឃ្មុំ ដោយ​រំលេច​ពី​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ជា​ច្រើន​ដូច​គ្នា​នឹង​ការងារ​នៅ​តាម​រោងចក្រ សហគ្រាស​ផង​ដែរ​។

ចំណែកឯ​ការ​បណ្តុះបណ្តាល​កម្លាំង​ពលកម្ម​ជំនាញ​បន្ថែម គឺ​គួរ​ធ្វើ​ឡើង​តាម​រយៈ​កម្មវិធី TVET ១,៥​លាន​នាក់ ក្រោម​កិច្ចសហការ​ជាមួយ​វិទ្យាស្ថាន និង​មន្ទីរ​ការងារ​ខេត្ត ដោយ​បញ្ជូន​គ្រូ​មក​បណ្តុះបណ្តាល​នៅ​សាលា​ឯ​ក្រុមហ៊ុន​ដោយ​ផ្ទាល់ ហើយ​ក្រសួង​ក៏​នឹង​ពិចារណា​ចេញ​វិញ្ញាបនបត្រ​កម្រិត C1 C2 និង C3​។ ឯកឧត្តម​ក៏​បាន​ជំរុញ​ឱ្យ​មានការ​អនុវត្ត​គំរូ ការ​សិក្សា​ផ្អែក​លើ​ការងារ (WBL) នៅ​ក្នុង​ក្រុមហ៊ុន ហើយ​បេឡា​ជាតិ​សន្តិសុខ​សង្គម និង​អគ្គនាយកដ្ឋាន​ការងារ ក៏​គួរតែ​ចុះ​ដោយ​ផ្ទាល់​ធ្វើ​បណ្ណ ប​.​ស​.​ស​. និង​ចេញ​សៀវភៅ​ការងារ ដើម្បី​សម្រួល​ដល់​បងប្អូន​កម្មករនិយោជិត​ផង​ដែរ​។

ក្រុមហ៊ុន THACO AGRI បាន​ចាប់ផ្តើម​អនុវត្ត​យុទ្ធសាស្ត្រ​វិនិយោគ​ដោយ​ផ្អែក​លើ​គោលការណ៍​សរីរាង្គ និង​មេត្រីភាព​បរិស្ថាន​ក្នុង​ទ្រង់ទ្រាយ​ធំ​ផ្នែក​ក​សិ​-​ឧស្សាហកម្ម (​ដើម​កៅស៊ូ ដំណាំ​ហូប​ផ្លែ ជា​ពិសេស​ផ្លែ​ចេក​) សាងសង់​រោងចក្រ​កែ​ច្នៃ និង​ចិញ្ចឹមសត្វ កាលពី​ឆ្នាំ ២០១៩ លើ​ផ្ទៃដី​អាជីវកម្ម​ជាង ៩ ម៉ឺន​ហិ​កតា​នៅ​ក្នុង​ប្រទេស​កម្ពុជា វៀតណាម និង​ឡាវ ដែល​ក្នុង​នោះ នៅ​កម្ពុជា​មាន​ផ្ទៃដី​ចំនួន ៤៣ ៧៦៤​ហិ​កតា រួម​មាន​៖ នៅ​ស្រុក​ស្នួល ខេត្តក្រចេះ ចំនួន ១០ ៧០៨ ហិ​កតា និង​ស្រុក​កូន​មុំ ស្រុក​លំ​ផាត់ និង​ក្រុង​បាន​លុង ខេត្តរតនគិរី​ចំនួន ៣៣ ០៥៦​ហិ​កតា​។

ក្រុមហ៊ុននាំចេញ​ផលិតផល​ប្រកបដោយ​គុណភាព​ខ្ពស់​តាម​ស្តង់ដា​អន្តរជាតិ​ទៅ​កាន់​ប្រទេស ជប៉ុន ចិន និង​ហុងកុង​ជាដើម ជាមួយនឹង​ទស្សនវិស័យ​ក្លាយជា​ក្រុមហ៊ុន​កសិកម្ម​ឈានមុខ​គេ​នៅ​អាស៊ី​ក្នុង​ឆ្នាំ​២០២៧ ដោយ​ពង្រីក​ទីផ្សារ​ទៅ​កាន់​ប្រទេស​កូរ៉េ តំបន់​មជ្ឈិមបូព៌ា និង​អាស៊ី​កណ្តាល​៕ អត្ថបទ៖ សហការ