រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យរដ្ឋបាល នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ចំនួន ០២ទីតាំង ដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ រកឃើញជនបរទេសស្នាក់នៅខុសច្បាប់ ០៨នាក់ ។
ប្រតិបត្តិការនេះ ដឹកនាំផ្ទាល់ដោយលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន ដោយមានការសម្របសម្រួលនីតិវិធីផ្លូវច្បាប់ពីសំណាក់លោក ញ៉ាន បូរី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប ។
ក្រោយចុះឆែកឆេរ និងត្រួតពិនិត្យឯកសារយ៉ាងល្អិតល្អន់ នៅទីតាំងទាំង០២ ក្រុមការងារចម្រុះ រកឃើញអ្នកស្នាក់នៅសរុបមាន ចំនួន ៤៣នាក់ (ក្នុងនោះមានស្ត្រីចំនួន ១៥នាក់) ដែលចម្រុះជាតិសាសន៍ចំនួណ ០៥សញ្ជាតិ ។
អ្នកស្នាក់នៅខុសច្បាប់ អាជ្ញាធរ បានរកឃើញជនជាតិឥណ្ឌូនេស៊ី ចំនួន ០៨នាក់ (ភេទប្រុស) ដែលកំពុងស្នាក់នៅដោយពុំមានលិខិតឆ្លងដែនជាប់ខ្លួន និងបានស្នាក់នៅហួសទិដ្ឋាការ។ ជនជាតិឥណ្ឌូនេស៊ី ទាំង០៨នាក់នោះ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងបញ្ជូនឡើងរថយន្តទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់អន្តោប្រវេសន៍ ។
អាជ្ញាធរបានបញ្ជាក់ថា ឆ្លងកាត់ការឆែកឆេរ ក្រុមការងារចម្រុះ ពុំបានរកឃើញសម្ភារៈ ឬវត្ថុតាងណាមួយ ដែលសង្ស័យថា បម្រើការឱ្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នោះឡើយ ៕








ចែករំលែកព័តមាននេះ