ទីក្រុងតេអេរ៉ង់៖ យោធាអ៊ីរ៉ង់ចាប់ផ្ដើមបាញ់ប្រហារកប៉ាល់ដឹកទំនិញទាំងឡាយណាដែលហ៊ានបើកឆ្លងកាត់ច្រកសមុទ្រហ័រម៉ូសដោយគ្មានការអនុញ្ញាតពីខ្លួន។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បិទច្រកសមុទ្រសំខាន់ៗជាថ្មី។ កប៉ាល់ដទៃទៀតដែលប្រុងបើកកាត់ច្រកសមុទ្រនោះត្រូវបត់ក្បាលត្រឡប់ថយក្រោយវិញ ឬរកទីកន្លែងសម្រាប់ជ្រកកោនជាបណ្ដោះអាសន្ន។ កប៉ាល់យ៉ាងតិច២គ្រឿងរងការបាញ់ប្រហារនៅពេលព្យាយាមបើកកាត់ច្រកដ៏តូចចង្អៀតនោះ។ នេះបើយោងតាមប្រភពពីក្រុមហ៊ុនដឹកជញ្ជូន និងពីមន្ត្រីសន្តិសុខ។

រហូតមកដល់ពេលនេះ គេមិនទាន់ដឹងច្បាស់ថាតើទំហំនៃការខូចខាតកប៉ាល់ទាំង២គ្រឿងនោះមានកម្រិតណាទេ។ មេដឹកនាំកំពូលអ៊ីរ៉ង់ថ្មីល្បីថាកំពុងរងរបួស និងពុំដែលបង្ហាញមុខជាសាធារណៈម្ដងណាឡើយចាប់តាំងពីលោកឡើងកាន់អំណាច។ លោកបានបង្ហោះសារនៅលើតេឡេក្រាមថាកងទ័ពជើងទឹកអ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេចដើម្បីផ្ចាញ់ពួកសត្រូវឱ្យអាម៉ាស់មុខម្ដង។ ការដឹកទំនិញតាមនាវាដែលរៀបចំជាក្បួនកាត់ច្រកហ័រម៉ូសស្រាប់តែរប៉ាត់រប៉ាយអស់ទៅវិញមួយរំពេច។

កប៉ាល់ទាំងនោះចែកផ្លូវគ្នារៀងៗខ្លួនបន្ទាប់ពីចាកចេញដំណើរទ្រង់ទ្រាយធំជាលើកដំបូងចាប់តាំងពីពេលផ្ទុះសង្គ្រាមដំបូង។ បញ្ហានេះកើតឡើងបន្ទាប់ពីអ៊ីរ៉ង់សម្រេចចិត្តបិទខ្ទប់ច្រកសមុទ្រហ័រម៉ូសឡើងវិញក្រោមហេតុផលថាអាមេរិកបានក្បត់ពាក្យសន្យារបស់ខ្លួន។ អាមេរិកសន្យាថានឹងលែងបិទខ្ទប់កំពង់ផែអ៊ីរ៉ង់។ ប៉ុន្តែជាក់ស្ដែងមិនដូច្នោះទេ។ ហេតុនេះអ៊ីរ៉ង់ថាខ្លួនត្រូវតែបិទខ្ទប់ច្រកហ័រម៉ូសឡើងវិញ។

ប្រតិកម្មចំពោះបញ្ហានេះ លោកដូណាល់ត្រាំព្រមានថាលោកអាចនឹងបើកយុទ្ធនាការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ជាថ្មីប្រសិនបើបទឈប់បាញ់ «ដ៏ផុយស្រួយនេះ» បរាជ័យ។ សារព័ត៌មានអ៊ីរ៉ង់ IRIB បានដកស្រង់សេចក្ដីប្រកាសរបស់បញ្ជាការដ្ឋានកណ្ដាលយោធាអ៊ីរ៉ង់មកផ្សាយថាច្រកសមុទ្រហ័រម៉ូសបានបិទវិញហើយបន្ទាប់ពីអាមេរិកមិនបានអនុវត្តឱ្យបានពេញលេញតាមកាតព្វកិច្ចរបស់ខ្លួន។ សារព័ត៌មានដដែលនេះផ្សាយបន្តទៀតថារាល់កប៉ាល់ដែលចង់បើកកាត់ច្រកសមុទ្រនេះត្រូវតែស្នើសុំការអនុញ្ញាតពីអ៊ីរ៉ង់ជាមុនសិន។

កាលពីពេលទទួលដំណឹងថាអ៊ីរ៉ង់យល់ព្រមបើកច្រកសមុទ្រហ័រម៉ូស ប្រេងឆៅចាប់ផ្ដើមធ្លាក់ថ្លៃ១០%តាមហាងឆេងនៅអឺរ៉ុប និង១២%តាមហាងឆេងនៅអាមេរិក។ ដូច្នេះបន្ទាប់ពីអ៊ីរ៉ង់បិទច្រកនេះវិញ គេមិនដឹងថាតើប្រេងឆៅនឹងទៅជាយ៉ាងណាទេ។ លោកត្រាំគូសបញ្ជាក់ត្រង់ចំណុចដែលថាលោកនៅតែបន្តបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ព្រោះលោកចង់ឃើញភាគីទាំងសងខាងចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នាជាមុនសិន៕ ប្រភព៖ ដេលី មែល (Daily Mail) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ