ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​និស្សិត​ជ័យ​លា​ភី​អាហារូបករណ៍​របស់​រាជរដ្ឋាភិបាល​ជប៉ុន MEXT ១២​នាក់ នឹងពង្រឹងសមត្ថភាព និង​បទ​ពិសោធ ដើម្បី​ក្លាយជា​មូលធន​មនុស្ស​ដ៏​រឹង​មាំ​របស់​កម្ពុជា

2 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ នៅថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៦ លោក​ជំទាវ សុវណ្ណ វ​ណ្ណា​រតន៍ រដ្ឋលេខាធិការ​ប្រចាំការ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្ដម…

រាជធានីភ្នំពេញ​ ៖ នៅថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៦ លោក​ជំទាវ សុវណ្ណ វ​ណ្ណា​រតន៍ រដ្ឋលេខាធិការ​ប្រចាំការ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ផ្តល់​អនុសាសន៍​ណែនាំ​ដល់​និស្សិត​ជ័យ​លា​ភី​អាហារូបករណ៍​រដ្ឋាភិបាល​ជប៉ុន (MEXT Scholarship 2026) ចំនួន ១២​នាក់ ដែល​ត្រូវ​ចេញ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់ក្រោយឧត្តម​សិក្សា​រយៈពេល ២​ឆ្នាំ (២០២៦-២០២៨) នៅ​ប្រទេស​ជប៉ុន នា​ដើម​ខែមេសា ខាង​មុខ​នេះ​។

ក្នុង​ជំនួប​ដ៏​ស្និទ្ធស្នាល​នោះ លោក​ជំទាវ​រដ្ឋលេខាធិការ​ប្រចាំការ បាន​លើកទឹកចិត្ត​ឱ្យ​យុវជន​ជ័យ​លា​ភី​ទាំងអស់ ចេះ​ប្រើប្រាស់ «​ឱកាស​មាស​» នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត ដើម្បី​បង្ហាញ​ពី​សមត្ថភាព និង​មោទនភាព​ជាតិខ្មែរ ក៏​ដូច​ជា​កសាង​បណ្តាញ​ទំនាក់ទំនង​ជាមួយ​យុវជន និង​ជនបរទេស​ក្នុង​តំបន់​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​។ លោក​ជំទាវ​បាន​គូសបញ្ជាក់​ថា យុវជន​កម្ពុជា​បច្ចុប្បន្ន​មានឱកាស​ពេញលេញ​ក្នុង​ការ​ទទួល​បានការ​អប់រំ និង​ជំនាញ​ខ្ពស់ រហូត​មាន​សមត្ថភាព​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ពី​តថភាព​ពិត​នៃ​កិច្ច​អភិវឌ្ឍន៍ និង​កាលានុវត្តភាព​វិនិយោគ​ដ៏​សម្បូរ​បែប​នៅ​កម្ពុជា ទៅ​កាន់​មិត្តភក្តិ និង​អ្នក​វិនិយោគ​បរទេស​ផង​ដែរ ​។

ទន្ទឹម​នឹង​នេះ លោក​ជំទាវ​ក៏​បាន​រំលេច​ពី​បេសកកម្ម​ដ៏​សំខាន់​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​កំពុង​ខិតខំ​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ ជា​ពិសេស​ការ​ការពារ​សិទ្ធិ និង​អត្ថប្រយោជន៍​ជូន​បងប្អូន​កម្មករនិយោជិត របប​សន្តិសុខ​សង្គម និង​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​។ ក្រសួង​ក៏​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ផ្តល់​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ រួម​ទាំង​ពលករ​វិល​ត្រឡប់​ពី​ប្រទេស​ថៃ និង​បងប្អូន​ដែល​រង​គ្រោះ​ដោយសារ​ការ​ឈ្លានពាន​ពី​សំណាក់​យោធា​ថៃ តាម​រយៈ​យន្តការ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) និង​ប្រព័ន្ធ​ទូរស័ព្ទ Hotline ១២៩៧ ដើម្បី​សម្រួល​ដល់​ការ​ស្វែងរក​ការងារ​ធ្វើ និង​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ​ឱ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​ ។

ជាមួយ​គ្នា​នេះ​ដែរ លោក​ជំទាវ​បាន​សម្តែង​នូវ​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា និស្សិត​ទាំងអស់​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​កម្មវិធី​សិក្សា MEXT នេះ ដើម្បី​ក្រេបជញ្ជក់​យកចំណេះ​ដឹង និង​បទ​ពិសោធ​ថ្មី​ៗ វិល​ត្រឡប់​មក​មាតុប្រទេស​វិញ ក្នុង​នាម​ជា​មូលធន​មនុស្ស​កម្ពុជា ​ប្រកបដោយ​ថាមពល និង​ថាមវន្ត សម្រាប់​យក​មក​ប្រើប្រាស់ ​ក្នុង​មុខរបរ​រៀង​ៗ​ខ្លួន និង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត​ ៕ អត្ថបទសហការ