ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ថៃ​៖ កម្ពុជា​មិន​ខ្វះ​ការងារ​ធ្វើ​ ដូច​ការ​លើក​ឡើង​របស់​អង្គការក្រៅរដ្ឋាភិបាល​មួយ​ចំនួន​នោះ​ទេ

38 វិនាទី មុន

រាជធានីភ្នំពេញ​ ៖ អតីត​ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​រោងចក្រ នៅ​ខេត្តកំពង់ស្ពឺ​បាន​លើក​ឡើង​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​មានឱកាស​ការងារ​ដ៏​សម្បូរ​បែប ដែល​អាច​ជំនួស​ការងារ​នៅ​ប្រទេស​ថៃ ព្រមទាំង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន បើ​ទោះបីជា​អង្គការក្រៅរដ្ឋាភិបាល​ខ្វះ​ផ្សាយ​របាយការណ៍​មាន​ចេតនា​ប​ន្ទុ​ច​បង្អាក់​វឌ្ឍនភាព​ការងារ​នៅ​កម្ពុជា​ក៏​ដោយ​ ។ អ្នកស្រី…

រាជធានីភ្នំពេញ​ ៖ អតីត​ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​រោងចក្រ នៅ​ខេត្តកំពង់ស្ពឺ​បាន​លើក​ឡើង​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​មានឱកាស​ការងារ​ដ៏​សម្បូរ​បែប ដែល​អាច​ជំនួស​ការងារ​នៅ​ប្រទេស​ថៃ ព្រមទាំង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន បើ​ទោះបីជា​អង្គការក្រៅរដ្ឋាភិបាល​ខ្វះ​ផ្សាយ​របាយការណ៍​មាន​ចេតនា​ប​ន្ទុ​ច​បង្អាក់​វឌ្ឍនភាព​ការងារ​នៅ​កម្ពុជា​ក៏​ដោយ​ ។

អ្នកស្រី ចក់ គ​ន្ធា អតីត​ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​នៅ​រោងចក្រ ធី អេស ស្ព័ត (​ខេ​ម​បូ​ឌា​) ឯ​.​ក ស្ថិត​នៅ​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ថា នៅ​ពេល​ដែល​អ្នកស្រី​បាន​ចាក​ចេញពី​ប្រទេស​ថៃ ហើយ​ធ្វើ​ដំណើរ​មក​ដល់​ព្រំដែន​កម្ពុជា​-​ថៃ អ្នកស្រី​ទទួល​បាន​ឱកាស​ការងារ​ពី​មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដែល​នៅ​រង់ចាំ​ទទួល​ពលករ​ខ្មែរ​នៅ​តាម​ច្រកព្រំដែន ​។

អ្នកស្រី​ធ្លាប់​បាន​គិត​ថា នៅ​ពេល​មក​ដល់​កម្ពុជា​វិញ នឹង​មិន​អាច​រក​ការងារ​ធ្វើ​បាន​ទេ ហើយ​ជីវភាព​របស់​អ្នកស្រី​នឹង​ជួប​ការ​លំបាក ប៉ុន្ដែ​ការ​គិត​ទាំង​អស់នេះ​ផ្ទុយ​ស្រឡះ និង​ខុស​ពី​ការ​ពិត ដោយសារ​អ្នកស្រី និង​ស្វាមី​ទទួល​បានការ​ងារ​ភ្លាម​ៗ​នៅ​តាម​ច្រកព្រំដែន​តែ​ម្ដង ​។

អ្នកស្រី គ​ន្ធា បាន​បញ្ជាក់​ថា​៖ «​ពេល​នៅ​ធ្វើការ​ស្រុក​ថៃ ខ្ញុំ​លឺ​តែ​គេ​និយាយ​ថា ស្រុក​ខ្មែរ​យើង​មិន​មានការ​ងារ​ធ្វើ​ទេ ប៉ុន្ដែ​នៅ​ពេល​មក​ដល់​ព្រំដែន ខ្ញុំ​ទទួល​បានការ​ងារ​ធ្វើ​ភ្លាម​ៗ ហើយ​ខ្ញុំ​ក៏​មិន​នឹក​ស្មានថា រក​ការងារ​ធ្វើ​បាន​ងាយ​ៗ​បែប​នេះ​ដែរ​។ ឥឡូវនេះ ខ្ញុំ​បាន​ហៅ​បងប្អូន​ខ្ញុំ​មក​ធ្វើ​ការងារ​នៅ​ស្រុក​ខ្មែរ​យើង​វិញ​អស់ហើយ គឺ​ពួក​គាត់​កំពុងធ្វើការ​ងារ​ជាមួយ​ខ្ញុំ​ដែរ​។ ជីវភាព​ខ្ញុំ​សព្វ​ថ្ងៃនេះ គឺ​បាន​គ្រាន់បើ​ជាង​មុន ព្រោះ​ខ្ញុំ​មាន​ចំណូល​ប្រចាំខែ​»​ ។

អ្នកស្រី រី សា​ម៉ុ​ន អតីត​ពលករ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ថា​៖«​នៅ​ពេល​ដែល​ខ្ញុំ​បាន​ចូល​ដល់​ទឹកដី​ខ្មែរ​យើង គឺ​ខ្ញុំ​ទទួល​បាន​បាយ ទឹក និង​មាន​ឡាន​ជូន​មក​ដល់​ផ្ទះ​ទៀត ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ភាព​កក់ក្ដៅ​ក្នុង​ចិត្ត​។ ក្រោយមក​ខ្ញុំ​បាន​ទាក់ទង​មក​លេខ ១២៩៧ ដែល​គេ​ចែក​ឱ្យ​ខ្ញុំ​នៅ​តាម​ព្រំដែន ហើយ​ក្រោយមក​ខ្ញុំ​ក៏​ទទួល​បានការ​ងារ​នៅ​ខេត្តកំពង់ស្ពឺ​នេះ​តែ​ម្ដង​» ​។

លោក សឿង កវី អតីត​ពលករ ដែល​មានស្រុក​កំណើត​នៅ​ខេត្តបន្ទាយមានជ័យ​បាន​និយាយ​ថា លោក​ទទួល​បាន​ឱកាស​ការងារ​នៅ​ក្នុង​រោងចក្រ​មួយ​នៅ​ខេត្តកំពង់ស្ពឺ ដែល​ធ្វើ​ឱ្យ​ជីវភាព​របស់​លោក​ធូរធា​ឡើង​វិញ បន្ទាប់​ពី​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​សម្រាក​នៅផ្ទះ​រយៈពេល​មួយ​ខែ​។

លោក​បន្ត​ថា​៖ «​ខ្ញុំ​ទទួល​បាន​ចំណូល​ប្រចាំខែ​វិញ​ហើយ ជីវភាព​មិនសូវ​លំបាក​ដូច​មុន​ដែរ ដោយសារ​ខ្ញុំ​មានការ​ងារ​ធ្វើ​តាម​រយៈ​ក្រុមការងារ​ក្រសួង ដែល​បាន​ចុះ​ទៅ​ផ្សព្វផ្សាយ​វេទិកា​នៅ​ភូមិ​ស្រុក​របស់ខ្ញុំ​ឯ​ខេត្តបន្ទាយមានជ័យ​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល និង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​បាន​ជួយ​ផ្ដល់​ការងារ​ឱ្យ​ខ្ញុំ​បាន​ធ្វើ​សព្វ​ថ្ងៃនេះ​»​ ។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ថា បងប្អូន​អតីត​ពលករ​ខ្មែរ​ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ប្រមាណ​ជាង ៦៥​ម៉ឺន​នាក់​ក្នុង​ចំណោម​ជាង ៨០​នាក់​ទទួល​បាន​ឱកាស​ការងារ ខណៈ​ជាង ៣៣​ម៉ឺន​នាក់​កំពុងធ្វើការ​ងារ​ក្នុង​ប្រព័ន្ធ និង​អ្នក​ទទួល​បាន​ឱកាស​ការងារ​នៅ​ក្រៅ​ប្រព័ន្ធ​ប្រមាណ​ជាង ៣២​ម៉ឺន​នាក់ ​។

ក្រោយ​ពី​ការ​វិល​ត្រឡប់​យ៉ាង​គំហុក​របស់​ពលករ​ខ្មែរ​ពី​ប្រទេស​ថៃ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ដាក់​ចេញ​នូវ​យន្តការ​សំខាន់​ៗ​ជា​ច្រើន ដើម្បី​ធានា​ក្នុង​ការ​ផ្ដល់​ឱកាស​ការងារ​ជូន​អតីត​ពលករ​ខ្មែរ​។ ក្នុង​ចំណោម​យន្តការ​សំខាន់​នោះ ក្រសួង​បាន​រៀបចំ​វេទិកា​ការងារ​សរុប​ជាង ៦០០​លើក និង​ពិ​ព័​ណ៍​ការងារ​ចល័ត​តាម​មូលដ្ឋាន​ប្រមាណ​ជាង ១ ០០០​លើក ដើម្បី​ផ្សព្វផ្សាយ​ពី​ឱកាស​ការងារ អត្ថប្រយោជន៍​នៃ​របប​សន្ដិសុខ​សង្គម និង​ការ​អប់រំ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ស៊ុន មេ​សា ​៕ អត្ថបទសហការ