ខេត្តមណ្ឌលគិរី ៖ អគារសិក្សាថ្មី១ខ្នង មាន៤បន្ទប់ នៃសាលាបឋមសិក្សាឡង់ណេះ ស្ថិតក្នុងតំបន់ដាច់ស្រយាល នៃស្រុកកែវសីមា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ដើម្បីលើកកម្ពស់វិស័យអប់រំ និងបង្កើនឱកាសទទួលបានការសិក្សាប្រកបដោយគុណភាពសម្រាប់កុមារ និងយុវជនក្នុងសហគមន៍មូលដ្ឋាន។

ពិធីសម្ពោធនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅភូមិពូកេះ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី និងលោក ហាក់ វិបុល នេត វិបុល ប្រធានមន្ទីរបរិស្ថាន លោកនាយករងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពីអាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

អគារសិក្សាថ្មីនេះ កសាងឡើងក្រោមជំនួយឧបត្ថម្ភពីអង្គការ WCS តាមរយៈគម្រោងរ៉េដបូកកែវសីមា (Keo Seima REDD+) ដែលចំណាយថវិកាសាងសង់ជិត១០ម៉ឺនដុល្លារអាមេរិក ។
ក្នុងឱកាសនោះ លោក ងិន សុវិមាន អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ WCS និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធអប់រំនៅតំបន់ដាច់ស្រយាលនេះ ។

លោកបានបញ្ជាក់ថា សមិទ្ធផលនេះនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ លោកក៏បានផ្ដាំផ្ញើដល់គណៈគ្រប់គ្រងសាលា គ្រូបង្រៀន និងសិស្សានុសិស្ស ឱ្យរួមគ្នាថែរក្សាអគារសិក្សានេះឱ្យបានល្អ និងយកចិត្តទុកដាក់លើការបង្រៀន និងរៀនសូត្រ ដើម្បីក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អសម្រាប់សង្គមជាតិ។
លោក ហាក់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា ថវិកាដែលយកមកសាងសង់អគារសិក្សានេះ គឺជាផ្លែផ្កាដែលបានមកពីការលក់ឥណទានកាបូន (Carbon Credits) តាមរយៈការការពារ និងអភិរក្សធនធានធម្មជាតិព្រៃឈើក្នុងតំបន់ ។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ឱ្យបន្តចូលរួមទប់ស្កាត់សកម្មភាពកាប់បំផ្លាញព្រៃឈើ និងការពារធនធានធម្មជាតិឱ្យបានគង់វង្ស ព្រោះវាជាប្រភពចំណូលដ៏សំខាន់សម្រាប់យកមកអភិវឌ្ឍមូលដ្ឋានវិញផ្ទាល់។
ថ្នាក់ដឹកនាំខេត្តក៏បានប្រគល់ប័ណ្ណសរសើរជូនដល់អង្គការ WCS ដើម្បីជាការតបស្នងចំពោះកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍវិស័យអប់រំ ព្រមទាំងបានចែកសម្ភារសិក្សាមួយចំនួនដល់សិស្សានុសិស្សក្នុងបរិយាកាសរីករាយក្រៃលែង៕



ចែករំលែកព័តមាននេះ