ការព្យាបាលអ្នកជំងឺដោយសារធាតុចិញ្ចឹម ដែលជាវិធីព្យាបាលមួយដោយប្រើអាហារ និងសារធាតុចិញ្ចឹមសម្រាប់អ្នកជំងឺ ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដូចជាសង្គ្រោះបន្ទាន់កម្រិតធ្ងន់ វះកាត់ធ្ងន់ មហារីកកម្រិតធ្ងន់ បានកំពុងរៀបចំនិងពង្រឹងការអនុវត្តបន្ថែមនៅកម្ពុជា ។

ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៦ ថា មន្ទីរពេទ្យកាល់ម៉ែតបានកំពុងតែធ្វើកិច្ចការនេះ ក្រោមកិច្ចសហប្រតិបត្តិការជាមួយនឹងអ្នកជំនាញមកពីប្រទេសប៊ែលហ្សិក និងបារាំង ។
ពាក់ព័ន្ធនឹងគម្រោងនេះ គណៈប្រតិភូមួយក្រុមរបស់មន្ទីរពេទ្យ និងអ្នកជំនាញមកពីប្រទេសទាំង
ពីរបានចូលជួប និងពិភាក្សាជាមួយនឹងលោកវេជ្ជបណ្ឌិត កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល ។
ប្រភពដដែលបានបន្តថា កិច្ចពិភាក្សានេះ បានផ្តោតសំខាន់លើប្រធានបទ ការព្យាបាលដោយអាហារូបត្ថម្ភ ដែលជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់អ្នកជំងឺ ខណៈដែលមន្ទីរពេទ្យកាល់ម៉ែតកំពុងរៀបចំសេវាកម្មនេះ ដើម្បីជាការចូលរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលបន្ថែមថ្មីមួយទៀត នៅកម្ពុជា ។
វិធីសាស្ត្រព្យាបាលជំងឺតាមបែបនេះ គឺជាវិធីព្យាបាលដែលប្រើ អាហារ និងសារធាតុចិញ្ចឹម ដើម្បីជួយស្ដារសុខភាព ការពារ ឬគ្រប់គ្រងជំងឺ។ វាមិនមែនត្រឹមតែ «ការទទួលទានអោយគ្រប់គ្រាន់» ទេ ប៉ុន្តែជាការរៀបចំអាហារដោយមានគោលបំណងពិសេសទៅតាមស្ថានភាពសុខភាពរបស់មនុស្សម្នាក់ៗ ។
ចែករំលែកព័តមាននេះ