ខេត្តកំពង់ស្ពឺ៖ ផ្ទះរបស់ប្រជាពលរដ្ឋចំនួន០២ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់គ្មានសល់ ខណៈដែលទុស្សេចរន្តភ្លើង ក្លាយជាអណ្តាតភ្លើងបង្កឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់។
ករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិស្រីសំពោង ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។
នគរបាលស្រុកសំរោងទងបាននិយាយឱ្យដឹងថា នៅក្នុងករណីអគ្គីភ័យនេះសមត្ថកិច្ចនគរបាលមូលដ្ឋានរួមសហការជាមួយកំលាំងប្រជាការពារភូមិ ប្រជាពលរដ្ឋជួយអន្ដរាគមន៍ពន្លត់តែមិនអាចទប់ស្កាត់បាន ដោយសារតែភ្លើងឆេះខ្លាំងពេក លឿនពេក។
នគរបាលស្រុកសំរោងទងបានបន្តទៀតថា ក្រោយសមត្ថកិច្ចបានទទួលព័ត៌មាននិងបានចេញជួយអន្ដរាគមន៍ដោយមធ្យោបាយរថយន្ដពន្លត់អគ្គិភ័យ តែមិនទាន់ព្រះអគ្គិឆាបឆេះស្ទើរតែអស់ទាំងស្រុង ។
ករណីគ្រោះអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នង រួមមាន ផ្ទះទី១÷ មានទំហំ៦ម៉ែត្រគុណ៨ម៉ែត្រ ផ្ទះខ្ពស់ឈើលើថ្មក្រោម ដំបូលប្រក់ក្បឿង ជញ្ជាំងក្តារ ម្ចាស់មានឈ្មោះ ប៉ុន សីហា ភេទប្រុស អាយុ២៦ឆ្នាំ និងផ្ទះទី២÷ មានទំហំ៦ម៉ែត្រគុណនឹង៨ម៉ែត្រ ផ្ទះខ្ពស់ឈើលើថ្មក្រោម ដំបូលប្រក់ក្បឿង ជញ្ជាំងក្តារ ម្ចាស់ឈ្មោះ ឆន ស៊ីម ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិស្រីសំពោង ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសំរោងទងបានបញ្ជាក់ថា ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នងលើនេះមូលហេតុ បណ្តាលមកពីទុស្សេចរន្តអគ្គិសនីក្លាយជាអណ្តាតភ្លើងឆាបឆេះតែម្តង។
ចំពោះករណីខាងលើនេះ មិនទាន់អាចវាយតម្លៃក្នុងការខូចខាតបាននោះទេ ហើយក៏មិនមានគ្រោះថា្នក់ដល់អាយុជីវិតមនុស្សសត្វនោះឡើយ ៕







ចែករំលែកព័តមាននេះ