ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យទឹកស្អាតកម្ពុជា ទទួលបានហិរញ្ញប្បទានជាបន្តបន្ទាប់គាំទ្រដល់តំបន់រោងចក្រ សហគ្រាស និងលំនៅឋាន

3 ម៉ោង មុន
  • ភ្នំពេញ

វិស័យ​ទឹក​ស្អាត បាន​ទទួល​ការ​គាំទ្រ​ជា​ជំនួយ​បច្ចេកទេស ហិរញ្ញប្បទាន​ឥត​សំណង និង​ហិរញ្ញប្បទាន​សម្បទាន​ជា​បន្តបន្ទាប់ ដើម្បី​រៀបចំ​និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត ដែល​មាន​សមត្ថភាព​ផ្ដល់​សេវា​ប្រកបដោយ​និរន្តរភាព និង​គុណភាព សម្រាប់​ប្រជាជន និង​តំបន់​រោងចក្រ សហគ្រាស​អាជីវកម្ម…

វិស័យ​ទឹក​ស្អាត បាន​ទទួល​ការ​គាំទ្រ​ជា​ជំនួយ​បច្ចេកទេស ហិរញ្ញប្បទាន​ឥត​សំណង និង​ហិរញ្ញប្បទាន​សម្បទាន​ជា​បន្តបន្ទាប់ ដើម្បី​រៀបចំ​និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត ដែល​មាន​សមត្ថភាព​ផ្ដល់​សេវា​ប្រកបដោយ​និរន្តរភាព និង​គុណភាព សម្រាប់​ប្រជាជន និង​តំបន់​រោងចក្រ សហគ្រាស​អាជីវកម្ម នៅ​តាម​បណ្តា​រាជធានី​-​ខេត្ត​នានា ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​ព័ត៌មាន​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា​នេះ ។

ទន្ទឹម​នឹង​ការងារ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត​នេះ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​ពង្រឹង និង​អភិវឌ្ឍ​សមត្ថភាព​មន្ត្រី​ជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​ការងារ​ទឹក​ស្អាត ព្រមទាំង​បាន និង​កំពុង​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​សម្រាប់​វិស័យ​ទឹក​ស្អាត ។

ថ្លែង​នា​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៦​នេះ ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​អណ្តូង​តា​សី ក្រុង​ស្វាយ​រៀង និង​ពិធី​បើក​ការដ្ឋាន​សាងសង់​គម្រោង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​ស្អាត​បន្ថែម សម្រាប់​ខេត្ត​ចំនួន​៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម រដ្ឋមន្ត្រី ហែម វណ្ណ​ឌី បាន​មាន​ប្រសាសន៍​ថា ការ​ផ្គត់ផ្គង់​ទឹក​ស្អាត ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស​បាន​កើនឡើង​៨០% ពី​ប្រមាណ​៣០៩ លាន​ម៉ែត្រគូប ក្នុង​ឆ្នាំ​២០១៨ ដល់​ប្រមាណ​៥៥៦ លាន​ម៉ែត្រគូប​ក្នុង​ឆ្នាំ​២០២៥ ។

ចំនួន​គ្រួសារ​ដែល​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​តាម​ប្រព័ន្ធ​បណ្តាញ ក្រោម​ដែន​សមត្ថកិច្ច​របស់​ក្រសួង​បាន​កើនឡើង​ទ្វេ​ដង ពី​៧៨១.៩០៨ គ្រួសារ ក្នុង​ឆ្នាំ​២០១៨ ដល់ ១.៥៧១.៩៧៦​គ្រួសារ ក្នុង​ឆ្នាំ​២០២៥ ។

ឯកឧត្តម រដ្ឋមន្ត្រី បាន​បន្ត​ថា ទោះបីជា​មាន​វឌ្ឍនភាព និង​សម្រេច​បាន​សមិទ្ធផល​ការងារ​ជា​វិជ្ជមាន​យ៉ាងណា​ក្តី ការ​ទទួល​បាន​សេវា​ទឹក​ស្អាត​តាម​ប្រព័ន្ធ​បណ្ដាញ​ទូ​ទាំង​ប្រទេស នៅ​ពុំ​ទាន់​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ និង​កំណើនប្រជាជន​, សន្ទុះ​នៃ​កំណើន​នគរូបនីយកម្ម និង​ការ​រីក​លូតលាស់​នៃ​ឧស្សាហកម្ម នៅឡើយ​ទេ ។ តួយ៉ាង​ចំនួន​តំណ​ទឹក​ស្អាត សរុប​មាន​ចំនួន ១.៥៧១.៩៧៦ តំណ ឬ​ប្រមាណ​៤២% នៃ​ចំនួន​គ្រួសារ​សរុប​ទូ​ទាំង​ប្រទេស (​ករណី​សន្មត់​ថា​តំណ​ទាំងអស់ ជា​តំណ​ភ្ជាប់​ជូន​ផ្ទះ​ប្រជាពលរដ្ឋ និង​១​តំណ​ស្មើនឹង​១​គ្រួសារ​)​។

ជាមួយ​គ្នា​នោះ ក្រសួង​បាន​រៀបចំ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​ស្អាត​ជា​បន្តបន្ទាប់ ដើម្បី​ដោះស្រាយ​នូវ​តម្រូវការ​ប្រើប្រាស់​ទឹក​ស្អាត​របស់​ប្រជាពលរដ្ឋ ក៏​ដូច​ជា កំណើន​សកម្មភាព​សេដ្ឋកិច្ច និង​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ។

តាម​ឯកឧត្តម ហែម វណ្ណ​ឌី បាន​បញ្ជាក់​ថា ក្រសួង​បាន​ផ្ដល់​អាទិភាព​វិនិយោគ ទៅ​តំបន់​ដែល​នៅ​សេសសល់​ក្នុង​ដែន​សេវា​របស់​រដ្ឋាករទឹក សំដៅ​ពង្រីក​សមត្ថភាព​ផ្គត់ផ្គង់​ឱ្យ​បាន​ពេញលេញ ដើម្បី​លើកកម្ពស់​តួនាទី​ជា​យុទ្ធសាស្ត្រ និង​ការ​ចូលរួម​របស់​រដ្ឋ ។

អាទិភាព​ត្រូវ​បាន​ផ្តល់​ជូន​តំបន់​ដែល​មាន​សក្ដានុពល និង​មាន​តម្រូវការ​ប្រើប្រាស់​ទឹក​ខ្លាំង ជា​ពិសេស​តំបន់ឧស្សាហកម្ម​, តំបន់​ក​សិ​-​ឧស្សាហកម្ម​, តំបន់​ដែល​ពុំ​មាន​ប្រភព​ទឹក​គ្រប់គ្រាន់ មាន​ដូច​ជា ខេត្តស្វាយរៀង ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តបន្ទាយមានជ័យ ខេត្តកំពត ខេត្ត​ព្រះ​សីហ​នុ ក៏​ដូច​ជា តំបន់​ដែល​មាន​សក្ដានុពល​អាច​ក្លាយទៅជា​តំបន់​ក​សិ​-​ឧស្សាហកម្ម និង​តំបន់ឧស្សាហកម្ម​ដទៃ​ទៀត ដើម្បី​ធានា​ថា នៅ​ពេល​ដែល​ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវ​បាន​សាងសង់​រួចរាល់ និង​អាច​ដំណើរការ​បាន អង្គភាព​រដ្ឋាករ​ទឹកនឹង​មាន​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​ចំណូល​បន្ថែម និង​អាច​ពង្រីក​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​វិនិយោគ​បន្ដ និង​ជួយ​យឹតយោង​ដល់​តំបន់​ដែល​មាន​សក្ដានុពល​ទាប ឬ​តំបន់​ដែល​ស្ទើរតែ​គ្មាន​សក្ដានុពល ៕ ដោយ​៖ កន ចំណាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ