វត្ថុបុរាណចំនួន ៤ដុំ/ផ្ទាំង ត្រូវបានប្រគល់ជូនមន្ទីរវប្បធម៌ខេត្តកំពង់ស្ពឺ យកទៅរក្សាទុក
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ មានការត្រេកអរនិងអបអរសាទរយ៉ាងខ្លាំង ចំពោះការទទួលបានវត្ថុបុរាណ ក្នុងភូមិសាស្ត្រស្រុកបសេដ្ឋ ចំនួន៤ដុំ/ផ្ទាំង និងយកទៅរក្សាទុកនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ការទទួលបាននេះ មិនត្រឹមតែជាកិត្តិយសប៉ុណ្ណោះទេ ប៉ុន្តែជាកាតព្វកិច្ចសម្រាប់យើងទាំងអស់គ្នា ក្នុងការអភិរក្ស និងថែរក្សាឱ្យបានគង់វង្សទៅមុខ។
ការទទួលបានវត្ថុបុរាណចំនួន៤ បន្ទាប់ពីរដ្ឋបាលស្រុកបរសេដ្ឋបានប្រមូលវត្ថុបុរាណទាំងអស់នោះកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្ដាលឃុំនិងផ្ទះរបស់ជាពលរដ្ឋ។
សូមបញ្ជាក់ផងដែរថា រដ្ឋបាលស្រុកបរសេដ្ឋ ដែលមានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ជាសេនាធិការ បានចូលរួមសហការ ជាមួយក្រុមការងារនៃមន្ទីរវប្បធម៌ និងសិល្បៈខេត្តកំពង់ស្ពឺ និងដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ បានចុះពិនិត្យ និងទទួលវត្ថុសិល្បៈចំនួន៣ទីតាំងផ្សេងគ្នា រួមមាន៖
ទី១-អង្គព្រះស្តៅ ស្ថិតនៅឃុំទួលសាលា ស្រុកបសេដ្ឋ
ទី២-កោះអង្គ ស្ថិតនៅឃុំបសេដ្ឋ ស្រុកបសេដ្ឋ និងទី៣-ផ្ទះប្រជាពលរដ្ឋ ស្ថិតនៅឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ នៅខេត្តកំពង់ស្ពឺ ដើម្បីប្រមូលវត្ថុសិល្ប:ខាងលើរួមមាន÷ សិវលិង្គ យោនី និងផ្ទាំងថ្មថ្លើមអណ្តើក សរុបចំនួន៤ដុំ/ផ្ទាំង យកទៅរក្សាទុកនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ។
ការទទួលបានវត្ថុបុរាណនេះ មិនត្រឹមតែជាកិត្តិយសប៉ុណ្ណោះទេ ប៉ុន្តែជាកាតព្វកិច្ចសម្រាប់យើងទាំងអស់គ្នា ក្នុងការអភិរក្ស និងថែរក្សាឱ្យបានគង់វង្សទៅមុខទៀតផង ៕














ចែករំលែកព័តមាននេះ