ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ខេត្ត​ព្រះ​សីហ​នុ បង្ក្រាប​ទីតាំងឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ នៅ​កាស៊ីណូ ឃាត់ខ្លួន​មនុស្ស​៩​នាក់

6 ម៉ោង មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ក្នុង​យុទ្ធនាការ​រឹត​បន្តឹង​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ កម្លាំង​សមត្ថកិច្ច​ចម្រុះ នៃ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​បន្ត ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​ទីតាំង​សង្ស័យ​មានការ​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (Online Scams)…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្នុង​យុទ្ធនាការ​រឹត​បន្តឹង​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ កម្លាំង​សមត្ថកិច្ច​ចម្រុះ នៃ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​បន្ត ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​ទីតាំង​សង្ស័យ​មានការ​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (Online Scams) ជា​បន្តបន្ទាប់ នេះ​បើ​តាម​លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​.) ។

យោង​តាម​របាយការណ៍ ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៦ សមត្ថកិច្ច​ចម្រុះ នៃ​រដ្ឋបាល​ខេត្ត បានឱ្យ​ដឹង​ថា ក្រុមការងារ​បាន​ចុះត្រួត​ពិនិត្យ​​ផ្ទះ ដែល​ជាទី​តាំង​សង្ស័យ ចំនួន ៨០​ខ្នង ក្នុង​បុរី គុ​ជ អាស៊ី ស្ថិត​នៅ​ភូមិ​២ សង្កាត់​លេខ​៣ ក្រុង​ព្រះ​ស៊ី​ហ​នុ​។

ជា​លទ្ធផល កម្លាំង​សមត្ថកិច្ច ​បាន​ដកហូត​សម្ភារៈ សង្ស័យ​រួម​មាន​កុំព្យូទ័រ​ ចំនួន ១៣៣​គ្រឿង​, ទូរ​សព្ទ​ដៃ ៤៣៩​គ្រឿង និង​កាំភ្លើង​ខ្យល់​ចំនួន ៥​ដើម​ ។

ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ជុំ​ទី​៣ ​នៅកាស៊ីណូ ជី​ន យូ មេន តាំង ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​ព្រះ​ស៊ី​ហ​នុ សមត្ថកិច្ច​បាន​ប្រទះ​ឃើញ ជនសង្ស័យ ចំនួន ៩​នាក់ រួម​ជាមួយ​វត្ថុ​តាង​មួយ​ចំនួន​ពាក់ព័ន្ធ នឹង​ការ​ធ្វើ សកម្មភាព​ឆបោក ដូច​ជា​កុំព្យូទ័រ និង​ទូរ​សព្ទ​ដៃ ដែល​សមត្ថកិច្ច​បាន​ប្រមូល​ទុកជា​ភស្តុ​តាង សម្រាប់​ការ​បន្ត​នីតិវិធី​ច្បាប់​ ។

បច្ចុប្បន្ន ជនសង្ស័យ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​បន្ត​ការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ តាម​នីតិវិធី​ច្បាប់​ ។

គិត​ត្រឹម​ថ្ងៃ​ទី​២៦ ខែមីនា​នេះ សមត្ថកិច្ច​ចម្រុះ​នៃ​រដ្ឋបាល ខេត្ត​ព្រះ​ស៊ី​ហ​នុ បាន​បង្ក្រាប​ទីតាំង​ពាក់ព័ន្ធ​នឹង​បទល្មើស Online Scams បាន​ចំនួន ១៦​ទីតាំង​ហើយ ក្នុង​ចំណោម​ទីតាំង​សង្ស័យ សរុប​ចំនួន ៥៩៦ ដែល​បាន​ត្រួតពិនិត្យ​ក្នុង​ក្រប​ខណ្ឌ​នៃ ការ​អនុវត្ត​អនុក្រឹត្យ​លេខ ០៣​។

លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​.) សូម​ជម្រាប​ជូន​ថា យុទ្ធនាការ​បោសសម្អាត Online Scams នៅ​ទូ​ទាំង​ប្រទេស គិត​ចាប់ពី​ឆ្នាំ​២០២៥ រហូត​ដល់​ស​ប្តា​ហ៍​ទី​២ ខែមីនា ឆ្នាំ​២០២៦ នេះ សមត្ថកិច្ច និង​អាជ្ញាធរ​រាជធានី​-​ខេត្ត បាន​បង្ក្រាប និង​បិទ​ខ្ទប់ (Sealed) ទីតាំង​សរុប​ចំនួន ២៣៦ កន្លែង​។ ក្នុង​នោះ​មាន​ទីតាំង​កាស៊ីណូ ៩១​កន្លែង និង​ប្រភេទ​បុរី វីឡា ខុន​ដូ លំនៅ​ឋាន ចំនួន ១៤៥​កន្លែង​។

តាម​របាយការណ៍​របស់​ក្រសួងយុត្តិធម៌ ក្នុង​រយៈពេល ៨​ខែ​ចុង​ក្រោយ​នេះ តុលាការ​កម្ពុជា​បាន​អនុវត្ត​នីតិវិធី ផ្លូវច្បាប់​លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​អន​ឡាញ​សរុប​ចំនួន ៧៩ សំណុំរឿង ដោយ​ផ្តន្ទាទោស​មេខ្លោង និង​បក្ខពួក​ចំនួន ៦៩៧ នាក់ (​មាន​ច្រើន​សញ្ជាតិ រួម​ទាំង​សំណុំរឿង​ធំ​ៗ​ដូច​ជា ចេ​ន ស៊ី និង លី គួ​ង ជាដើម​)​។ អាជ្ញាធរ​កត់សម្គាល់​ថា មាន​ក្រុម​មេខ្លោង និង​អ្នក​ពាក់ព័ន្ធ​ប្រមាណ​ជាង ២២​ម៉ឺន​នាក់ បាន​គេចខ្លួន​ចេញពី​កម្ពុជា ទាំង​តាម​ផ្លូវអាកាស និង​ផ្លូវគោក​។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​បោសសម្អាត​ឱ្យ​អស់​នូវ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ចេញពី​កម្ពុជា ត្រឹម​ខែមេសា ឆ្នាំ​២០២៦​។ សម្តេច​ធិ​បតី​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កម្ពុជា​មិនមែន​ជា​កន្លែង​សម្រាប់​ឧក្រិដ្ឋជន​បច្ចេកវិទ្យា​ប្រើប្រាស់​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​ឡើយ ហើយ​បុគ្គល ឬ​អង្គភាព​ណា​ដែល​នៅ​ពីក្រោយ​សកម្មភាព​ទាំងនេះ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ទោសទណ្ឌ​ខ្ពស់​បំផុត ដោយ​គ្មាន​ការ​យោគយល់ ឬ​អន្តរាគមន៍​ឡើយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ