ទីក្រុងហ្សឺណែវ៖ នាយកទីភ្នាក់ងារអាតូមិចអន្តរជាតិ (IAEA) លោកក្រូសស៊ី (Grossi) សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងថាប្រសិនបើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ប៊ូសសឺ (Bushehr) រងការខូចខាតនៅអំឡុងពេលមានសង្គ្រាមនេះ សារធាតុវិទ្យុសកម្មអាចនឹងរីកសាយភាយចេញមកខាងក្រៅ ហើយអាចនឹងបង្កផលប៉ះពាល់ដ៏អាក្រក់ទាំងនៅក្នុង និងខាងក្រៅប្រទេសអ៊ីរ៉ង់។

តាមរយៈសេចក្ដីប្រកាសនៅលើបណ្ដាញអ៊ិចជាផ្លូវការរបស់ខ្លួន ទីភ្នាក់ងារខាងលើនេះសរសេររៀបរាប់ថាដោយយោងទៅលើបរិបទបច្ចុប្បន្នដែលកំពុងមានសង្គ្រាម លោកក្រូសនីព្រួយបារម្ភយ៉ាងខ្លាំងនៅពេលទទួលដំណឹងថាមានករណីវាយប្រហារកើតឡើងក្បែររោងចក្រនុយក្លេអ៊ែរប៊ូសសឺ។ លោកក្រូសស៊ីសរសេររៀបរាប់បន្តទៀតថាដោយសាររោងចក្រនុយក្លេអ៊ែរនេះបន្តប្រតិបត្តិការយ៉ាងសកម្មដោយប្រើប្រាស់សារធាតុនុយក្លេអ៊ែរដ៏ច្រើនសន្ធឹកសន្ធាប់ ប្រសិនបើទីនេះរងការខូចខាត ពេលនោះឧបទ្ទវហេតុវិទ្យុសកម្មនឹងប៉ះពាល់ទៅលើទីតាំងដ៏ធំទាំងនៅប្រទេសអ៊ីរ៉ង់ និងហួសពីព្រំដែនអ៊ីរ៉ង់ទៅទៀត។

ហេតុនេះ លោកសូមអំពាវនាវឱ្យភាគីជម្លោះទាំងសងខាងប្រើប្រាស់ការអត់ធ្មត់ជាអតិបរមាដើម្បីជៀសវាងមិនឱ្យកើតមានហានិភ័យនុយក្លេអ៊ែរ។ លោកក្រូសស៊ីសង្កត់ធ្ងន់ថាជាការសំខាន់ណាស់ដែលគេត្រូវតែបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមក្របខណ្ឌនៃសសរស្ដម្ភទាំង៧របស់ទីភ្នាក់ងារអាតូមិចអន្តរជាតិដើម្បីធានាសុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែរនៅអំឡុងពេលមានសង្គ្រាម។

រោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ប៊ូសសឺនេះស្ថិតនៅលើតំបន់ឆ្នេរនៃឈូងសមុទ្រពែក្ស។ រោងចក្រនេះធ្លាប់ជាគោលដៅវាយប្រហារម្ដងហើយកាលពីថ្ងៃទី១៧ ខែមីនា។ ទោះជាយ៉ាងណាក្ដី ការវាយប្រហារនៅពេលនោះមិនបានបណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិ ឬបាត់បង់ជីវិតមនុស្សទេ៕ ប្រភព៖ អាល់ចាស៊ីរ៉ា (Al Jazeera) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ