ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ស្រី​បំបៅ​ដោះ​កូន រង​ការ​ស្តីបន្ទោស​និង​ព្រមាន​ពី​ថ្នាក់លើ ឮដល់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បានឃើញ​ករណី​លោកស្រី​អនុសេនីយ៍ទោ ស៊ី​ថុ​ង សុខា បាន​បំបៅ​កូន​នៅ​តុ​ការងារ​តាម​ផ្លូវ ក្នុង​ពេល​បំពេញការងារ ហើយ​រង​ការ​ស្តីបន្ទោស មួយ​ដង និង​រង​ការ​ព្រមាន​ពី​ថ្នាក់លើ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បានឃើញ​ករណី​លោកស្រី​អនុសេនីយ៍ទោ ស៊ី​ថុ​ង សុខា បាន​បំបៅ​កូន​នៅ​តុ​ការងារ​តាម​ផ្លូវ ក្នុង​ពេល​បំពេញការងារ ហើយ​រង​ការ​ស្តីបន្ទោស មួយ​ដង និង​រង​ការ​ព្រមាន​ពី​ថ្នាក់លើ មួយ​ដង​ទៀត​នោះ ទើប​នៅ​ថ្ងៃ​សុក្រ ទី​១២ ខែមីនា ឆ្នាំ​២០២១​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន បាន​ចាត់​ឲ្យ​លោក ម៉ុម សា​រឿ​ន អភិបាល នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង ចុះ​សួរសុខទុក្ខ និង​នាំ​យក​ថវិកា ១០​លាន​រៀល ផ្តល់​ជូន ដើម្បី​ជា​ការ​លើកទឹកចិត្ត ។

ក្នុង​នាម​ជា​មាតា​មួយ​រូប​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន បាន​សម្តែង​នូវ​ការ​កោតសរសើរ​យ៉ាង​ក្រៃ​លែង​ចំពោះ ស្ត្រី​ជា​មាតា​គ្រប់​រូប​ដែល​បាន​លះបង់​គ្រប់​បែប​យ៉ាង ដែល​ក្នុង​ស្ថានភាព​ជា​ស្ត្រី មាន​ភារកិច្ច​ទទួលខុសត្រូវ​ទ្វេ​ដង លើស​ពី​បុរស គឺ​បំពេញការងារ​ស្នូល​ក្នុង​អង្គភាព​-​ស្ថាប័ន​ផង និង​ត្រូវ​ចិញ្ចឹម​បីបាច់​ថែទាំ​កូន​តាំងពី​នៅ​ក្នុង​ផ្ទៃ​ផង រហូត​កើតមក និង​បន្ត​ដល់​ពេល​ពេញវ័យ​ថែម​ទៀត និង​មិន​ដែល​បោះបង់​កូន ទោះ​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ ។

លោកស្រី អនុសេនីយ៍ទោ ស៊ី​ថុ​ង សុខា បាន​សម្តែង នូវ​ក្តី​រំភើប រីករាយ​ឥត​ឧបមា​បន្ទាប់​ពី​បានដឹង​ថា ករណី​របស់​លោកស្រី បាន​ជ្រាប​ទៅ​ដល់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ហើយ​ថែម​ទាំង​ទទួល​បានការ​គិតគូរ យកចិត្តទុកដាក់​យ៉ាង​កក់ក្តៅ ដែល​នេះ​ជា​ការ​លើកទឹកចិត្ត និង​ផ្តល់​តម្លៃ​យ៉ាង​ធំធេង ចំពោះ​ស្ត្រី​ជា​មាតា​គ្រប់​រូប ។

សូមបញ្ជាក់ឡើងវិញថា រូបថត​មួយ​សន្លឹក​អម​ជាមួយនឹង​ខ្លឹមសារ​សរសេរ​ថា «​ព្រោះតែ​ពាក្យ​ថា​ម្តាយ មិន​ថា​ក្នុង​កាលៈទេសៈ​ណា​ទេ ដើម្បី​កូន​ភ្លេច​អស់​ភាព​អៀនខ្មាស់ (​នេះ​ហើយ​ជីវិត​ពិត​)» របស់​ស្ត្រី​ម្នាក់ គ្រង​ឯកសណ្ឋាន​ប៉ូលិស​សណ្តាប់ធ្នាប់ កំពុង​បីបំ​បៅដោះ​កូនប្រុស​តូច​ក្នុង​ដៃ ត្រូវ​បាន​ចែកចាយ​យ៉ាង​ផុសផុល​ក្នុង​បណ្តាញ​សង្គម កាលពី​ថ្ងៃ​ទី​២ ខែមីនា​នេះ ធ្វើ​ឲ្យ​មាន​ចាប់អារម្មណ៍​ពី​មហាជន ដោយ​ភាគច្រើន​ពោល​សរសើរ​ថា នាង​ពិតជា​ស្ត្រី​គម្រូ​មួយ​រូប ដែល​ខិតខំ​បំពេញការងារ​ហើយ ខំប្រឹង​មើលថែ​ទាំ​កូន​ទៀត ។

ក៏​ប៉ុន្តែ ក្រោយ​ការ​បង្ហោះ​រូបភាព​ខាងលើ​នេះ​ហើយ លោកស្រី​អនុសេនីយ៍ទោ ស៊ី​ថុ​ង សុខា រង​ការ​ស្តីបន្ទោស និង​ត្រូវ​បាន​ថ្នាក់លើ​ព្រមាន ស្រាប់តែ​កាលពី​រាត្រី​ថ្ងៃ​ទី​៦ មីនា នាង​បាន​បង្ហោះ​សារ​ថ្មី​មួយទៀត​ដោយ​ពោល​ពាក្យ​ថា «​នាង​ខ្ញុំ​អនុសេនីយ៍ទោ ស៊ី​ថុ​ង សុខា អត្តលេខ​71655 សូម​ចេញ​មុខ​សុំ​ទោស​ជា​សារ​ធារ​ណៈ​ក្នុង FACE BOOK ចំពោះ​ការ​ផុស​រូបភាព​បំបៅ​ដោះ​កូន​នៅ​កន្លែងធ្វើការ និង​ស្លៀក​ឈុត​ឯកសណ្ឋាន​កាលពី​ថ្ងៃ​ទី​02/03/2021​កន្លង​មកនេះ ។ ការ​ផុស​ទៅ​នេះ នាង​ខ្ញុំ​ពុំ​មាន​គោលបំណង​ធ្វើ​អោយ​ប៉ះពាល់​ដល់​កិត្តិយស​អង្គភាព​នគរបាល ព្រមទាំង​ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ​ទេ ។ អាស្រ័យ​ដូចនេះ សូម​អង្គភាព និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​មេត្តា​ដោយ​ក្តី​អនុគ្រោះ​» ។

ស្រាប់តែ​នៅ​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០២១ លោកស្រី​អនុសេនីយ៍ទោ ស៊ី​ថុ​ង សុខា រូប​នេះ​ត្រូវ​បាន​អធិការ​ស្រុក​សៀម​ប៉ា​ង អោយធ្វើ​កិច្ចសន្យា​មួយទៀត ដោយ​អះអាង​ថា បំបៅ​កូន​បែប​នេះ ជា​រឿង​មិន​សមរម្យ ធ្វើ​អោយ​ប៉ះពាល់​ដល់​កិត្តិយស​អង្គភាព​នគរបាល និង​ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ ។

ដោយ​ទ្រាំ​លែង​បាន ដែល​លោក​អធិការ​ស្រុក​សៀម​ប៉ា​ង ប្រើ​ឥរិយា​ប​បទ​បែប​នេះ និង​មិន​បាន​វែកញែក​ឲ្យ​ច្បាស់​ពី​កំហុស និង​ពី​គុណសម្បត្តិ​នោះ ទើប​នៅ​ថ្ងៃ​ទី​១០ មីនា លោក​ជំទាវ ជូ ប៊ុ​ន​អេ​ង ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​ប្រធាន​ក្រុមការងារ​យេ​ន​ឌ័​រ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈ​កម្ម​ធិ​ការ​ជាតិ ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង ដែល​លោក​អធិការ​ស្រុក​សៀម​ប៉ា​ង មិន​បាន​វែកញែក​ពី​កំហុស និង​ពី​គុណសម្បត្តិ ឲ្យ​ច្បាស់លាស់ ។

លោក​ជំទាវ ក៏​បាន​សំណូមពរ​ឲ្យ​លោក​អធិការ គួរតែ​សម្តែង​នូវ​ការ​កោតសរសើរ លើកទឹកចិត្ត និង​រិះរក​មធ្យោបាយ ឲ្យ​មន្ត្រី​ស្ត្រី​បែប​នេះ ទទួល​បាន​នូវ​ការ​យកចិត្តទុកដាក់ និង​ឲ្យ​គាត់​មានឱកាស​គ្រប់គ្រាន់​ថែ​ទាំង​កូន ដូច​ម្តាយ​លោក​ថែទាំ​លោក​កាលពី​នៅ​ទារក និង​ភរិយា​លោក​ថែ​ទាំង​កូនលោក​ដូច​គ្នា​ដែរ ។

អត្ថបទពាក់ព័ន្ធ ៖ «ប៉ូលិស​ស្រី ស៊ី​ថុ​ង សុខា ៖ ក្នុង​នាម​ជា​ម្តាយ​​ខ្ញុំ​ត្រូវ​បំបៅ​កូន ហើយ​ក៏​បំពេញ​តួ​នាទី​ការងារ​យ៉ាង​យកចិត្តទុកដាក់»
និង «ជា​កំហុស ឬ​គួរ​សរសើរ? ប៉ូលិស​ស្រី​១​រូប​​បំ​ប៉ៅ​ដោះ​កូន​ពេល​បំពេញការងារ​កំពុង​​ជជែក​ផ្អើល​បណ្តាញ​សង្គម»
សូម​អាន​លិខិត​លម្អិត​ខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ