ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ក្រុង​រុន​តា​ឯក​តេ​ជោ​សែន ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ វិជ្ជាជីវៈ​ដូនតា ផ្នែក​កុលាលភាជន៍

4 ម៉ោង មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ នៅ​ថ្ងៃ​ទី​៨ ខែ មេ​សា ឆ្នាំ​២០២៦ ប្រជាពលរដ្ឋ​រស់ នៅ​ក្រុង​រុន​តា​ឯក​តេ​ជោ​សែន រួម មាន​សិស្សានុសិស្ស…

ខេត្ត​សៀម​រា​ប ៖ នៅ​ថ្ងៃ​ទី​៨ ខែ មេ​សា ឆ្នាំ​២០២៦ ប្រជាពលរដ្ឋ​រស់ នៅ​ក្រុង​រុន​តា​ឯក​តេ​ជោ​សែន រួម មាន​សិស្សានុសិស្ស និង ស្ត្រី​ក្មេង​ចាស់​ចំនួន​១៥​នាក់​បាន ទទួល ការ​បណ្តុះបណ្តាល​ជំនាញ​ស្មូន​កុលាលភាជន៍ តាម​រយៈ​គម្រោង​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដូនតា នៅ​ទីស្នាក់ការ​អង្គភាព​គម្រោង​ភូមិ​ធម្មជាតិ​រុន​តា​ឯក ដែល​រៀបចំ​ឡើង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។

លោក អ៊ុ​ក សុ​ជា​ធី ជា​គ្រូ​បង្គោល ក្នុង​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជា ជីវៈ​ដូនតា ផ្នែក​កុលាលភាជន៍​នេះ​បាន​លើក​ឡើង​ថា ក្នុង​នាម​ជា​គ្រូ បង្គោល​នៃ​គម្រោង​បណ្តុះ បណ្តាល វិជ្ជាជីវៈ​ដូនតា លោក​មាន​ក្តី​សោមនស្ស​រីករាយ​ដែល​បាន​ចែករំលែក​ចំណេះ​ជំនាញ​ដល់​ពលរដ្ឋ​តំបន់​រុន​តា​ឯក តាម​រយៈ​គម្រោង​របស់​រាជរដ្ឋាភិបាល​នេះ​។ ដ្បិត​នៅ​តំបន់​នេះ និង​ជុំវិញ ជា​មណ្ឌល​ផលិត​កុលាលភាជន៍​ដ៏​ធំ​ក្នុង​សម័យ​អង្គរ ដូច​ជា​ឡ​តានី ឡ​អន្លង់​ធំ​លើ​ខ្នងភ្នំ​គូលែន ឡ​សរ​សី ខ្នារ​ពោធិ៍​ជាដើម​។ បច្ចុប្បន្ន បច្ចេកទេស​ស្មូន​កុលាលភាជន៍​នេះ បាន​បាត់បង់​ទាំងស្រុង​ទៅ​ហើយ ជា​មូលហេតុ​ដែល​គម្រោង​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដូនតា កំពុង​ខិតខំ​រក​ជំនាញ​ឯកទេស​ស្មូន​នេះ​ឱ្យ​រស់​ឡើង​វិញ​នៅ​តំបន់​នេះ​។

ដោយ​មាន​ស្លាកស្នាម​ប្រវត្តិ សាស្ត្រ ស្រប​តាម​ទស្សនវិស័យ​របស់​រាជរដ្ឋាភិបាល​ផង លោក សុ​ជា​ធី មានចិត្ត​ត្រេកអរ​ជា​ពន់ពេក ដែល​បាន​ចែករំលែក​ជំនាញ​ស្មូន​របស់​លោក ជូន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​រុន​តា​ឯក​នេះ​។ រយៈពេល​ជិត​មួយ​ឆ្នាំ​មកនេះ លោកគ្រូ​បាន​ប្រឹងប្រែង​បង្រៀន​ទាំង​ទ្រឹស្ដី និង​ការ​អនុវត្ត​ជាក់ ស្ដែង ដូច​ជា​ការ​ស្វែង​យល់​ពី​វត្ថុធាតុដើម បច្ចេកទេស​រៀបចំ​ដីឥដ្ឋ​ដើម្បី​សូន រហូត​បានជា​ផលិតផល​សម្រេច​។ បច្ចេកទេស​ផលិត​មាន​២​ប្រភេទ គឺ​ការ​សូន​ដោយ​ដៃ និង​សូន​ដោយ​ជើង​អន្ទោក ឬ​កង់​បង្វិល ដែល​ជា​បច្ចេកទេស​ពាក់កណ្ដាល​ស្វ័​យ ប្រវត្តិ​។ លោក សុ​ជា​ធី បញ្ជាក់​ថា ការ​ផ្ទេរ​ចំណេះដឹង​នេះ​ចាប់ផ្ដើម​ពី​ការ​អនុវត្ត​ចាប់ពី​វត្ថុ​ងាយ​ៗ​សាមញ្ញ ដូច​ជា សូន​ពែង កែវ ចាន​ធំ​-​តូច ក្អម ថូ សូន​រូប បច្ចេកទេស​ផ្សំ​ស្រទាប់​រលោង​សម្រាប់​លម្អ និង​ធានា​បាន​នូវ​គុណភាព​ខ្ពស់​។ លោក​បន្ដ​ទៀត​ថា ការ​បណ្តុះ​គំនិត​ពួក​គាត់​ឱ្យ​យល់​អំពី​លក្ខណៈ​នៃ​ការ​បង្កើត​ថ្មី ហើយ​តម្រង់​ទិស​ឱ្យ​ពួក​គាត់​ស្វែង​យល់​ពី​តម្រូវការ​ទីផ្សារ ដើម្បី​ក្លាយជា​សហគមន៍​ស្មូន​កុលាលភាជន៍​នា​ពេល​អនាគត​។

អ្នកស្រី ផុ​ន ម៉ា​ឡែ​ន អាយុ​៣៩ ឆ្នាំ ប្រជាពលរដ្ឋ​រស់នៅ​ភូមិធម្ម ជាតិ​រុន​តា​ឯក ក្នុង​ចំណោម​អ្នក​ស្ម័គ្រចិត្ត​ចូល​រៀន​វគ្គប​ណ្តុះ បណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដូនតា​នេះ បានឱ្យ​ដឹង​ថា គាត់​មានចិត្ត​ស្រឡាញ់​ជា​យូរ​មក​ហើយ និង​ចង់​ចេះ​ផលិត​កុលាលភាជន៍ ដែល​ជា​មត៌ក​ដូនតា​យើង​។ អ្នកស្រី​បញ្ជាក់​ថា ការ​រៀន​សូន​កុលាលភាជន៍​ពី​ដំបូង​មានការ​លំបាក​ដែរ តែ​ដោយ​ការ​ខិតខំ​អត់ធ្មត់​រហូត​មាន​សមត្ថភាព​អាច​សូន​ចាន កែវ ថូ ប៉ាន់តែ ដែល​មាន​សោភ័ណ​ភាព​ប្រដំ​ត្រសង​គ្នា​ជាមួយ​សិក្ខាកាម​ផ្សេង​ៗ​ដែរ​។

ចំណែក​អ្នកស្រី ហុង ថា​វី អាយុ ៤៩​ឆ្នាំ ជា​សិក្ខាកាម​ម្នាក់​ទៀត ឱ្យ​ដឹង​ថា អ្នកស្រី​បាន​មក​រៀន​វិជ្ជា​សូន​កុលាលភាជន៍​នេះ ដោយ​ក្ដី​ស្រលាញ់​មត៌ក​ដូនតា និង​ការ​លើកទឹកចិត្ត​ពី​ក្រុម​គ្រួសារ​ផង​។ អ្នកស្រី​បាន​បែងចែក​ការងារ​ប្រចាំ ថ្ងៃ និង​ពេល​មក​រៀន​វគ្គប​ណ្តុះ បណ្តាល ដើម្បី​ទទួល​បាន​ចំណេះដឹង​មួយ​នេះ​ដោយ​មាន​លោកគ្រូ​បង្ហាត់បង្រៀន​យ៉ាង​យកចិត្តទុកដាក់​។ អ្នកស្រី​បាន​រៀន​ជំនាញ​ស្មូន​នេះ​ជា​ច្រើន​ខែ ហើយ​អាច​ផលិត​បាន​វត្ថុ​ច្រើន​ប្រភេទ​។ ស្នាដៃ​របស់​អ្នកស្រី ក្រសួង​បាន​ជ្រើសរើស​យក​ទៅ​តាំងពិព័រណ៍​នៅ​រាជធានី​ភ្នំពេញ​ទៀត​ផង​។ អ្នកស្រី ហុង ថា​វី បាន​អរគុណ​ចំពោះ​រាជរដ្ឋាភិបាល ដែល​បាន​បង្កើត​វគ្គប​ណ្តុះ បណ្តាល​ជំនាញ​ស្មូន​កុលា​ល ភាជន៍ ហើយ​ផ្តល់​ឱកាស​ឱ្យ​គាត់​បាន​សិក្សា​ជំនាញ​នេះ​។

សូម​បញ្ជាក់​ថា សិក្ខាកាម​ទាំងអស់ សំណូមពរ​ឱ្យ​រាជរដ្ឋាភិបាល ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​ផ្ដួចផ្ដើម​បង្កើត​គម្រោង​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដូនតា​នេះ សូម​បន្ត​អនុវត្ត​គម្រោង​នេះ​រហូត​តទៅ​ដើម្បី​ថែរក្សា​ជំនាញ​មត៌ក​ដូនតា​ឲ្យ​បាន​គង់វង្ស ជា​ពិសេស​អាច​ប្រកប​របរ​ចិញ្ចឹម​គ្រួសារ​បន្ថែម​ផង ព្រមទាំង​អាច​ថែរក្សា​ការពារ​នូវ​មត៌ក​វប្បធម៌​អរូបី​ផ្នែក​ស្មូន​កុលាលភាជន៍​របស់​ដូនតា​យើង កុំឱ្យ​បាត់បង់​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ