ខេត្តបាត់ដំបង ៖ ពួកក្មេងទំនើងចំនួន០២ដែលដេញកាប់គ្នា គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន០៩នាក់ កាលពីរសៀលថ្ងៃទី០៥ ឧសភា ក្រោយពីពួកគេចច្បាំងគ្នាយ៉ាងអនាធិបតេយ្យ នៅសង្កាត់វត្តគរ ក្រុងបាត់ដំបង កាលពីសប្ដាហ៍មុន រួចក៏បែកសំបុករត់គេចរៀងៗខ្លួន ។

យោងតាមរបាយការណ៍អធិការក្រុងបាត់ដំបង លោក ពេជ្រ សារ៉ែន បានឲ្យដឹងថា ពួកក្មេងទំនើងទាំង០៩នាក់នេះ បែងចែកជា០២ក្រុម ដែលមួយក្រុមៗមានគ្នាជិត១០នាក់។ ពួកគេបានប្រើកាំបិតខ្វែវ និងដុំថ្ម ជាអាវុធដេញគប់ ដេញកាប់គ្នាយ៉ាងសាហារនៅក្បែរ«ស្ដុបបាណន់» កាលពីសប្ដាហ៍មុន ហើយត្រូវបានកម្លាំងជំនាញរបស់លោកធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនអន្ធពាលទាំង០២ក្រុមបានជាបន្តបន្ទាប់ចំនួន០៩នាក់ ក្នុងចំណោមពួកគេជិត២០នាក់ ថែមទាំងដកហូតបានកាំបិត និងម៉ូតូជិះប្រព្រឹត្តបទល្មើសផង ។

របាយការណ៍ដដែលបានឲ្យដឹងថា ក្រុមទី១-មានគ្នាសរុបចំនួន០៩នាក់ តែត្រូវសមត្ថិកិច្ចឃាត់ខ្លួនបានចំនួន០៦នាក់រួមមាន៖ ១-ឈ្មោះ ជា វិសាល អាយុ១៨ឆ្នាំ ២-ឈ្មោះ សូ សំវិទ្យា អាយុ២០ឆ្នាំ ៣-ឈ្មោះ សូ សំប្រាថ្នា អាយុ២៥ឆ្នាំ ៤-ឈ្មោះ ជា ភារិន ងាយុ១៧ឆ្នាំ ៥-ឈ្មោះ ជា ជឿន អាយុ២១ឆ្នាំ និង៦-ឈ្មោះ ឈឹង សុជាតិ ងាយុ១៦ឆ្នាំ រីឯបក្ខពួកចំនួន០៣នាក់ទៀត កំពុងរត់គេចខ្លួន ។ រីឯក្រុមទី២ ដែលមានបក្ខពួកប្រហែលចំនួន០៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនបានចំនួន០២នាក់មាន៖ ១-ឈ្មោះ វុទ្ធី ម៉េងអី អាយុ១៩ឆ្នាំ ២-ឈ្មោះ រឿន វិច្ឆិកា អាយុ១៩ឆ្នាំ និងបក្ខពួកចំនួន០៤នាក់ទៀតកំពុងគេចខ្លួន ដែលសមត្ថកិច្ចកំពុងតាមស្វែងរកមុខនៅឡើយ ។

របាយការណ៍មិនបាននិយាយពីដើមចម ដែលនាំឲ្យពួកជនអន្ធពាលទាំង០២ក្រុមនេះ ប្រើសុទ្ធកាំបិតខ្វែវដេញច្បាំងគ្នាតាមដងផ្លូវទាំងកណ្ដាលអធ្រាត្រនោះទេ តែបានប្រាប់ថា ក្រុមជនពាលទាំង០២ក្រុមនេះបានទទួលស្គាល់ថា ពួកគេពិតជាបានដេញកាប់គ្នាមែន ។
អំពើហិង្សាយ៉ាងកំរោល ដែលបង្កឡើងដោយក្រុមក្មេងអន្ធពាលទាំង០២ក្រុមខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១០និង៥៥នាទីយប់ថ្ងៃទី២៨ មេសា កន្លងទៅនេះ នៅម្ដុំ«ស្ដុបបាណន់» ស្ថិតក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង ។ ជនពាលទាំងនេះ ប្រដាប់ដោយកាំបិតខ្វែវ និងដុំថ្ម ជិះម៉ូតូដេញកាប់គ្នាយ៉ាងសាហាវ នៅលើដងផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរទាំងកណ្ដាលយប់ ។

អធិការក្រុងបាត់ដំបងបានប្រាប់ថា បើតាមចម្លើយសារភាពរបស់ភាគីទាំង០២ និងពិនិត្យលើទិដ្ឋភាពជាក់ស្ដែង ជនអន្ធពាលទាំង០២ក្រុងនេះ បានច្បាំងគ្នាដោយពុំមានភាគីណាមួយរងគ្រោះ ហើយក៏ពុំមានភាគីណាមួយជាអ្នកបង្កដែរ ។ ពោល៖ ពួកគេទាំង០២ក្រុម សុទ្ធតែជាជនបង្កហិង្សា កាប់គ្នា គប់គ្នា ទៅវិញទៅមក ។
ទោះយ៉ាងណា ពេលនេះ មន្ត្រីជំនាញកំពុងសួរនាំជនអន្ធពាលទាំង០៩នាក់ ដើម្បីចាត់ការតាមនីតិវិធី ខណៈជនពាលប៉ុន្មាននាក់ទៀត ដែលនៅសេសសល់ កម្លាំងជំនាញកំពុងបន្តតាមរកចាប់ខ្លួន ព្រោះស្គាល់សាវតាអស់ហើយ ៕

ចែករំលែកព័តមាននេះ