ខេត្តមណ្ឌលគិរី ៖ ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានដាក់ចេញនូវវិធានការយ៉ាងតឹងរ៉ឹងក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពរបស់ក្រុម «ក្មេងទំនើង» ដែលបង្កអសន្តិសុខ សណ្ដាប់ធ្នាប់ និងភាពរំខានដល់ប្រជាពលរដ្ឋក្នុងសង្គម កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ចុះប្រតិបត្តិការ និងឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ៤នាក់ ដែលបានធ្វើសកម្មភាពបើកម៉ូតូបង្ហោះ និងបំពាក់បំពង់ស៊ីម៉ាំងកែច្នៃបំពងសំឡេងលឺខ្លាំង។
ហេតុការណ៍បង្ក្រាបនេះ បានធ្វើឡើងនៅវេលាម៉ោង ១១:២០នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្លូវក្រវាត់ក្រុង ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
លោកឧត្តមសេនីយត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ក្រុមក្មេងទំនើងជិត២០គ្រឿងខាងលើ បាននាំគ្នាជិះម៉ូតូបង្ហោះ និងបំពាក់បំពង់ស៊ីម៉ាំងកែច្នៃ បង្កឱ្យមានសំឡេងរំខានយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ។ ក្រោយទទួលបានសេចក្តីរាយការណ៍ កម្លាំងល្បាតនៃកងរាជអាវុធហត្ថខេត្ត/ក្រុង បានចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់ ដែលមានវ័យចាប់១៨ឆ្នាំទៅ២១ឆ្នាំ(ចំណែកបក្ខពួកផ្សេងទៀត បានជិះម៉ូតូគេចខ្លួនបាត់អស់)។
ទន្ទឹមនឹងនេះ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម៉ូតូម៉ាក Yamaha Exciter គ្មានផ្លាកលេខ ចំនួន ៣គ្រឿង (ពណ៌ខ្មៅលាយខៀវ ១គ្រឿង, ពណ៌ខ្មៅលាយស្វាយ ១គ្រឿង, និងពណ៌ខ្មៅលាយផ្កាឈូក ១គ្រឿង)។
ក្រោយការឃាត់ខ្លួន កម្លាំងកងរាជអាវុធហត្ថបានអនុវត្តវិធានការអប់រំ ដោយតម្រូវឱ្យក្មេងទំនើងទាំង ៤នាក់ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងកោះហៅអាណាព្យាបាលមកធ្វើការធានា មុននឹងអនុញ្ញាតឱ្យត្រឡប់ទៅលំនៅឋានវិញ រួមទាំងប្រគល់ម៉ូតូជាវត្ថុតាងជូនវិញផងដែរ។សកម្មភាពចុះអន្តរាគមន៍នេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់កងរាជអាវុធហត្ថ ក្នុងការឆ្លើយតបទៅនឹងបទបញ្ជារបស់ថ្នាក់ដឹកនាំ ដើម្បីរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋនៅទូទាំងខេត្តមណ្ឌលគិរី ៕






ចែករំលែកព័តមាននេះ