លោក ខេស៊ី បាណេត (Casey Barnett) វិនិយោគិន ដ៏លេចធ្លោអាមេរិកមួយរូបនៅកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ បានចែករំលែកនៅលើបណ្តាញសង្គមថា ក្នុងរយៈពេល ៧៥ឆ្នាំទៀត សេដ្ឋកិច្ច និងចំនួនប្រជាជនកម្ពុជា អាចនឹងមានកំណើនច្រើនជាងថៃ ប្រសិនបើកម្ពុជាអនុវត្តគោលនយោបាយត្រឹមត្រូវ ។

លោកបានលើកឡើងថា មូលហេតុមួយ ដែលថៃហានឈ្លានពានកម្ពុជា គឺគម្លាតសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ប៉ុន្តែគម្លាតនេះកំពុងតែរួមតូចហើយ ។ លោកបានលើកឡើងថា នៅក្នុងឆ្នាំ២០២៥ សេដ្ឋកិច្ចរបស់ប្រទេសថៃ មានកំណើនត្រឹមតែ ២,១% ខណៈដែលសេដ្ឋកិច្ចកម្ពុជាបានកើនឡើងយ៉ាងតិច ៤,៨%។ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៥ ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាបានកើនឡើងក្នុងអត្រាជាមធ្យម ៥,៥% ក្នុងមួយឆ្នាំ រីឯផលិតផលក្នុងស្រុកសរុបរបស់ថៃ វិញកើនឡើងត្រឹមតែ ២% ប៉ុណ្ណោះក្នុងមួយឆ្នាំ ។

លោកបានបន្តទៀតថា សេដ្ឋកិច្ចរបស់ប្រទេស គឺពឹងផ្អែកលើកម្លាំងពលកម្ម ចំណែកថៃមានចំនួនប្រជាជនច្រើនជាង ប៉ុន្តែគម្លាត ចំនួនប្រជាជនកម្ពុជាកំពុងរួមតូច ។ ក្នុងឆ្នាំ២០២៥ ប្រទេសថៃ មានអត្រាផ្តល់កំណើត១,២ ក្នុងស្ត្រីមួយនាក់ ខណៈដែលកម្ពុជាមានអត្រាកំណើតផ្តល់កំណើត២,៥ ក្នុងស្ត្រីមួយនាក់ ។
លោកបានបន្តទៀតថា ប្រសិនបើអត្រាកំណើត២,៥របស់ប្រទេសកម្ពុជា នៅតែបន្តប្រជាជនកម្ពុជា នឹងមានកំណើនប្រជាជនច្រើនជាងប្រជាជនថៃ ក្នុងរយៈពេល៧៥ ឆ្នាំទៅមុខ ។ ទោះជាយ៉ាងណាក៏ដោយ អត្រាកំណើតរបស់កម្ពុជាបានថយចុះពី ៣,៨ ក្នុងឆ្នាំ ២០០០ មកត្រឹម២,៥ក្នុងឆ្នាំ២០២៥ ។ អង្គការសហប្រជាជាតិបានព្យាករណ៍ថា អត្រាកំណើតរបស់ប្រជាជនកម្ពុជានឹងថយចុះមកត្រឹម ១,៨ នៅឆ្នាំ២១០០ ។ ប្រសិនបើអត្រាកំណើតរបស់កម្ពុជាថយចុះដូចការព្យាករណ៍របស់អង្គការសហប្រជាជាតិ កម្ពុជានឹងដើរក្រោយប្រទេសថៃជារៀងរហូត ។

លោកបានបន្តទៀតថា ដើម្បីសន្តិសុខសេដ្ឋកិច្ច និងសន្តិសុខដែនអធិបតេយ្យភាព កម្ពុជាត្រូវចាត់វិធានការ ដើម្បីរក្សាអត្រាកំណើតប្រជាជនរបស់ខ្លួន ។ យោងតាមបទពិសោធន៍របស់បណ្តាប្រទេសមួយចំនួននៅអឺរ៉ុបបង្ហាញថា នៅពេលដែលអត្រាកំណើត ប្រជាជនធ្លាក់ចុះដល់១,៥ នោះ ការលំបាកក្នុងការស្រោចស្រង់សេដ្ធកិច្ចនឹងកើតមានឡើង ។
ខាងក្រោមនេះជា សកម្មភាពគោល នយោបាយ ចំនួនប្រាំមួយ ដើម្បីបង្កើនចំនួនប្រជាជន និងកម្លាំងពលកម្ម៖
១. ការឈប់សម្រាកមាតុភាពរយៈពេល៦ ខែ
រដ្ឋាភិបាលអាចពន្យារពេលឈប់សម្រាកមាតុភាពពីបីខែ ទៅប្រាំមួយខែ ។ ការនេះក៏នឹងជួយគាំទ្រដល់សុខភាពទារក និងការអភិវឌ្ឍខួរក្បាល តាមរយៈពេលបំបៅដោះកូនកាន់តែយូរផងដែរ ។ លើសពីនេះ វានឹងជួយឱ្យស្ត្រីបន្តស្ថិតនៅក្នុងកម្លាំងពលកម្ម ហើយប្រទេសជាតិក៏អាចទទួលបានផលប្រយោជន៍ពីកម្លាំងពលកម្ម និងផលិតភាពរបស់ពួកគាត់ផងដែរ។

២. បណ្ណមានតម្លៃ១០០ ដុល្លារ សម្រាប់មត្តេយ្យសិក្សា
បេឡាជាតិរបបសន្តិសុខសង្គម (បសស) គួរតែចេញគូប៉ុងថែទាំកុមារតម្លៃ១០០ដុល្លារតាមប្រព័ន្ធឌីជីថលសម្រាប់កុមារទើបនឹងកើតទាំងអស់ ក្នុងមួយខែ១បណ្ណ ចំពោះទារកចាប់ពីអាយុ១៣ខែដល់ ៦៩ខែ ។ បណ្ណទាំងនេះអាច ត្រូវបានផ្តល់ជូនទៅមណ្ឌលថែទាំកុមារឯកជន ឬសាលាមត្តេយ្យណាមួយ ដែលមាតាបិតាអាចដាក់ស្នើ បណ្ណទាំងនេះជូន ទៅ បសស ដើម្បីទូទាត់ឱ្យ ។
ការអនុញ្ញាតឱ្យប្រើបណ្ណទាំងនេះ មានសារសំខាន់សម្រាប់ទូទាត់ទៅមណ្ឌលថែទាំកុមារឯកជនណាមួយ ។ ការសាកល្បងប្រើប្រាស់វិធីសាស្ត្រនេះ នៅប្រទេសកម្ពុជាធ្លាប់ធ្វើពីមុនមកដែលមានបណ្ណប្រើប្រាស់ សម្រាប់មណ្ឌលថែទាំរបស់រដ្ឋាភិបាល ឬអង្គការក្រៅរដ្ឋាភិបាល មានការប្រើប្រាស់ប័ណ្ណគូប៉ុងនេះត្រឹមតែ5.4% ប៉ុណ្ណោះ ។ ផ្ទុយទៅវិញ នៅប្រទេសដទៃទៀត គេអនុញ្ញាតឱ្យឪពុកម្តាយជ្រើសរើសកន្លែងក្នុងចំណោមសាលាមត្តេយ្យឯកជនណាមួយ មានការប្រើប្រាស់ប័ណ្ណគូប៉ុងមានប្រមាណជាង 66% ។ វាជារឿងសំខាន់ដែលឪពុកម្តាយត្រូវបានអនុញ្ញាតឱ្យជ្រើសរើសមណ្ឌលណាមួយ ក្នុងបណ្តាមណ្ឌលថែទាំកុមារ ឯកជន ដែលពួកគេគិតថាល្អបំផុតសម្រាប់ពួកគេ។ ប្រសិនបើអនុវត្តវិធីសាស្ត្រនេះ ការប្រើប្រាស់បណ្ណគូប៉ុងអាច កើនឡើងដល់ 15%។
៣. ការធានារ៉ាប់រងសុខភាពរបស់ ប.ស.ស សម្រាប់ការព្យាបាលពេលមានកូន
ខណៈពេលដែល ប.ស.ស ផ្ដល់ការគាំទ្រដល់មាតាមានផ្ទៃពោះ ដើម្បីសម្រាលកូននោះ មិនបានរាប់បញ្ចូលថ្លៃ ព្យាបាលក្នុងការបង្កកំណើត ដើម្បីជួយស្ត្រីមានផ្ទៃពោះនោះទេ។ ស្ត្រីនៅកម្ពុជាបច្ចុប្បន្នមានរយៈពេលអប់រំកាន់តែខ្ពស់ និងមានអាជីពជោគជ័យ នេះមានន័យថា ស្ត្រីភាគច្រើនកំពុងតែមានកូននៅក្នុងវ័យដែលមានអាយុច្រើន ដែលអាចផ្តល់ភាពលំបាកដល់សុខភាពសម្រាប់ស្ត្រីមួយចំនួន ។ ដូច្នេះ កម្ពុជាអាចជួយរក្សាអត្រាកំណើតប្រជាជនរបស់ខ្លួន ដោយរ៉ាប់រងថ្លៃព្យាបាលក្នុងការបង្កកំណើត។
៤. ប្រាក់រង្វាន់៣.០០០ ដុល្លារ សម្រាប់គូស្វាមីភរិយាដែលមានកូនទីបី និងកូនទីបួន ឬច្រើនជាងនេះ
ការស្រាវជ្រាវនៅក្នុងប្រទេសដទៃបានបង្ហាញថា ប្រាក់រង្វាន់សម្រាប់កូនដំបូងមិនបានបង្កើនអត្រាកំណើតនោះទេ ។ វាគ្រាន់តែធ្វើឱ្យមាតាបិតាមានកូនដំបូងលឿនជាងបន្តិចប៉ុណ្ណោះ ។ ផ្ទុយទៅវិញ ប្រាក់រង្វាន់ និងការគាំទ្រដល់ការបង្កើតកូនទីពីរ ឬទីបីអាចផ្តល់ប្រសិទ្ធភាពក្នុងការបង្កើនអត្រាកំណើត។
៥. ចៀសវាងការជ្រើសរើសទាហានដោយការបង្ខិតបង្ខំសម្រាប់យុវជន ដើម្បីរក្សាអត្រាកំណើត និងជំរុញកំណើនសេដ្ឋកិច្ច
កម្ពុជាគួរតែចៀសវាងការជ្រើសរើសទាហានដោយប្រើការបង្ខិតបង្ខំ ។ ប្រសិនបើកម្ពុជាតម្រូវឱ្យបុរសអាយុ១៨ ឆ្នាំទាំងអស់ ចូលបម្រើកងទ័ពរយៈពេល២ឆ្នាំនោះនឹងមានការកាត់បន្ថយភ្លាមៗនូវកំណើនផលិតផលក្នុងស្រុកសរុប (GDP) ០,៥% ជារៀងរាល់ឆ្នាំ ដោយសារការដក កម្លាំងបុរសរហូតដល់ ៣០០.០០០ នាក់ចេញពីកម្លាំងពលកម្ម ។ មិនត្រឹមតែប៉ុណ្ណោះ ការជ្រើសរើសទាហាន ដោយបង្ខិតបង្ខំអាចបណ្តាលឱ្យមានថយចុះនូវផលិតភាពនៅក្នុងជីវិត និងប្រាក់ចំណូលផងដែរ ។ ការជ្រើសរើស ទាហានដោយមានការបង្ខិតបង្ខំធ្វើឱ្យយុវជនពន្យារពេលការទទួលបានការអប់រំជំនាញដែលពួកគេចូលចិត្ត ដូចជា បច្ចេកវិទ្យាព័ត៌មាន និងវិស្វកម្ម ។ លើសពីនេះ ការបម្រើក្នុងជួរយោធាត្រូវបានបង្ហាញថាធ្វើឱ្យមានការយឺតយ៉ាវក្នុង ការរៀបអាពាហ៍ពិពាហ៍។
៦. ការទាក់ទាញប្រជាជនខ្មែរដែលនៅក្រៅប្រទេស និងអ្នកជំនាញមួយចំនួនឱ្យត្រឡប់មកកម្ពុជាវិញ
ចំនួនជនជាតិកម្ពុជាដែលមានការអប់រំខ្ពស់ភាគច្រើន គឺរស់នៅក្រៅប្រទេសប្រមាណជា ៣៦០.០០០ នាក់ ដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិក ។ ដើម្បីទាក់ទាញជនជាតិខ្មែរឱ្យវិលត្រឡប់មកប្រទេសវិញ ស្ថានទូតកម្ពុជាដែលស្ថិតនៅក្រៅប្រទេសនីមួយៗ គួរតែផ្តល់គោលដៅ KPI ដើម្បីចេញជាលិខិតឆ្លងដែនដល់ប្រជាជនកម្ពុជាមួយចំនួនជារៀងរាល់ឆ្នាំ។ ធ្វើដូច្នេះ នឹងជួយជំរុញស្ថានទូតកម្ពុជាឱ្យមានការសកម្មក្នុងការ ផ្សព្វផ្សាយ និងទាក់ទាញជនជាតិខ្មែរឱ្យវិលត្រឡប់មកប្រទេសវិញ។
លោកបានបន្តទៀតថា កម្ពុជាក៏ត្រូវការទាក់ទាញអ្នកជំនាញ និងដែលមានការអប់រំខ្ពស់មួយចំនួនពីប្រទេសដទៃផងដែរ ។ កម្ពុជាអាច ចេញជាទិដ្ឋាការរយៈពេល១០ ឆ្នាំ និងទិដ្ឋាការស្នាក់នៅជាអចិន្ត្រៃយ៍សម្រាប់អ្នកជំនាញ មកពីប្រទេសអភិវឌ្ឍន៍ មួយចំនួនដែលបានជ្រើសរើស ។ បច្ចុប្បន្ន កម្ពុជាមានតែទិដ្ឋាការរយៈពេល១ ឆ្នាំប៉ុណ្ណោះ ហើយជួនកាលវាពិបាក ក្នុងការទទួលបានទិដ្ឋាការសម្រាប់ប្តីប្រពន្ធ ឬសាច់ញាតិផ្សេងទៀត ។ ក្នុងពេលជាមួយគ្នានេះ កម្ពុជាអាចលុបចោលកូតាលើកម្លាំងពលកម្មរបស់ជនជាតិបរទេសដែលបានបំរើអាជីវកម្មនៅក្នុងប្រទេសដែលមានបុគ្គលិកតិចជាង ២០នាក់។
តើត្រូវចំណាយដោយរបៀបណាលើការរៀបចំគោលការណ៍ទាំងនេះ?
ដើម្បីផ្តល់ថវិកាសម្រាប់គោលនយោបាយទាំងនេះ យើងអាចបង្កើនពន្ធអចលនទ្រព្យប្រចាំឆ្នាំ និងពង្រីកការប្រមូលពន្ធអចលនទ្រព្យឱ្យគ្របដណ្តប់ទូទាំងប្រទេស។ បច្ចុប្បន្ននេះ ពន្ធអចលនទ្រព្យប្រចាំឆ្នាំមានត្រឹមតែ ០,១% នៃ ៨០% នៃតម្លៃទីផ្សារនៃអចលនទ្រព្យប៉ុណ្ណោះ។ នៅសហរដ្ឋអាមេរិក ពន្ធអចលនទ្រព្យប្រចាំឆ្នាំស្ថិតក្នុងចន្លោះពី ០,៥% ទៅ ២% ៕
ចែករំលែកព័តមាននេះ