សង្គ្រាមអ៊ុយក្រែន ៖ បទឈប់បាញ់គ្នាដែលប្រកាសជាឯកតោភាគីដោយអ៊ុយក្រែន ជាទ្រឹស្ដីចូលជាធរមាននាពាក់កណ្ដាលយប់ថ្ងៃទី៥ ឧសភា រហូតដល់ថ្ងៃទី៦ឧសភា បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី បណ្ដាលឲ្យមនុស្សស្លាប់២៨នាក់នៅអ៊ុយបក្រែន ។ នាវេលាម៉ោង៤ និង៣០នាទីម៉ោងសកល ជាង៧ម៉ោងក្រោយការចូលជាធរមាននៃបទឈប់បាញ់គ្នានោះ ពុំមានការវាយប្រហារណាមួយរបស់អ៊ុយក្រែនត្រូវបានរាយការណ៍ដោយអាជ្ញាធររុស្ស៊ីឡើយ។

ផ្ទុយទៅវិញ នៅអ៊ុយក្រែនស្នូរស៊ីរ៉ែនប្រកាសអាសន្នលាន់ឮក្នុងតំបន់ជាច្រើន ហើយអាជ្ញាធររៀបរាប់ពីមនុស្ស២នាក់រងរបួស ក្នុងការវាយប្រហារលើក្រុងខាគៀវជិតព្រំដែនរុស្ស៊ី ចំណែកគ្រឿងឧបករណ៍របស់រោងចក្រមួយ រងការវាយប្រហារនៅតំបន់ហ្សាប៉ូរីហ្ស៊ីយ៉ា ។
ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានព្រមានថា ក្រុងគៀវនឹងតបតវិញប្រហាក់ប្រហែលគ្នានឹងរាល់ការបំពានបទឈប់បាញ់់ ខណៈដែលរុស្ស៊ីប្រកាសពីបទឈប់បាញ់គ្នារបស់ខ្លួន២ថ្ងៃ នាឱកាសនៃការប្រារព្ធខួបលើកទី៨១នៃជ័យជម្នះលើពួកណាហ្ស៊ី អាល្លឺម៉ង់ ដែលរៀងរាល់ឆ្នាំតែងមានព្យុហយាត្រាយោធាថ្ងៃទី៩ ឧសភា ។
សម្រាប់រុស្ស៊ីប្រកាសពីបទឈប់បាញ់គ្នាជាឯកតោភាគីមួយជាមួយអ៊ុយក្រែន រវាងថ្ងៃទី៨ និងទី៩ឧសភា ដោយគំរាមវាយប្រហារមីស៊ីលទ្រង់ទ្រាយធំមួយលើក្រុងគៀវ ប្រសិនបើអ៊ុយក្រែនរំលោភបំពានបទឈប់បាញ់គ្នានោះ ។

ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរពូទីន បានស្នើបទឈប់បាញ់គ្នានោះ កាលពីសប្ដាហ៍មុន ក្នុងឱកាសនៃការសន្ទនាគ្នាតាមទូរស័ព្ទ ជាមួយសមភាគីអាមេរិកលោកដូណាល់ត្រាំ។ ក្រសួងការពារប្រទេសរុស្ស៊ី ក្នុងសារមួយគូសបញ្ជាក់ថា បទឈប់បាញ់គ្នាមួយត្រូវបានប្រកាសសម្រាប់ថ្ងៃទី៨និងទី៩ ឧសភា។ ប្រសិនបើក្រុងគៀវប៉ុនប៉ងធ្វើឲ្យស្ទះដល់ការប្រារព្ធខួបលើកទី៨១នៃជ័យជម្នះលើពួកណាហ្ស៊ីនេះ នោះកងទ័ពរុស្ស៊ីនឹងធ្វើការវាយប្រហារដ៏ធំមួយ ដោយគ្រាប់មីស៊ីលជាការសងសឹកលើកណ្ដាលក្រុងគៀវ ។
ចំណែកក្នុងសារមួយចេញផ្សាយកាលពីយប់ថ្ងៃទី៤ ឧសភា ប្រធានាធិបតីអ៊ុយក្រែនប្រកាសពីបទឈប់គ្នាមួយរបស់អ៊ុយក្រែន ដែលនឹងអនុវត្តមុនបទឈប់បាញ់គ្នារបស់រុស្ស៊ី ។ អាជ្ញាធរមូលដ្ឋានអ៊ុយក្រែន នាថ្ងៃទី៦ ឧសភា បានប្រកាសពីតុល្យការថ្មីនៃការវាយប្រហាររបស់រុស្ស៊ីដោយថា ថ្ងៃទី៥ ឧសភា យើងជួបប្រទះនឹងការវាយប្រហារដោយបង្ហូរឈាមមួយ ជាមួយមនុស្សស្លាប់សរុប២៨នាក់នៅអ៊ុយក្រែន ។ ចំណែកអាជ្ញាធររុស្ស៊ីរាយការណ៍ពីការវាយប្រហារដោយដ្រូនអ៊ុយក្រែនលើតំបន់គ្រីមេនិងរៀងរាប់ម្យ៉ាងទៀត ពីមនុស្សស្លាប់៥នាក់កាលពីយប់ថ្ងៃទី៥ឧសភានៅមូលដ្ឋានDZHANKOI ៕
ចែករំលែកព័តមាននេះ