ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា​កំហុស ឬ​គួរ​សរសើរ? ប៉ូលិស​ស្រី​១​រូប​​បំ​ប៉ៅ​ដោះ​កូន​ពេល​បំពេញការងារ​កំពុង​​ជជែក​ផ្អើល​បណ្តាញ​សង្គម

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តស្ទឹងត្រែង ៖ រូបភាព​មួយ​សន្លឹក​បង្ហាញ​ពី​ប៉ូលិស​ស្រី​មួយ​រូប​បីកូន​តូច​ក្នុង​ដៃ និង​បំ​ប៉ៅ​ដោះ​កូន​ផង នៅ​ទីកន្លែង​ធ្វើការ​មួយ ព្រម​ជាមួយនឹង​ការ​ស្លៀក​ឈុត​ឯកសណ្ឋាន​ជា​ប៉ូលិស​កំពុង​ទទួល​ការ​ចាប់អារម្មណ៍​ពី​មហាជន​លើ​បណ្តាញ​សង្គម​យ៉ាង​ខ្លាំងក្លា​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ ដោយ​ភាគច្រើន​ពោល​សរសើរ​ថា នាង​ពិតជា​ស្ត្រី​គម្រូ​មួយ​រូប​ដែល​ខិតខំ​បំពេញការងារ​ហើយ ខំប្រឹង​មើលថែ​ទាំ​កូន​ទៀត ។…

ខេត្តស្ទឹងត្រែង ៖ រូបភាព​មួយ​សន្លឹក​បង្ហាញ​ពី​ប៉ូលិស​ស្រី​មួយ​រូប​បីកូន​តូច​ក្នុង​ដៃ និង​បំ​ប៉ៅ​ដោះ​កូន​ផង នៅ​ទីកន្លែង​ធ្វើការ​មួយ ព្រម​ជាមួយនឹង​ការ​ស្លៀក​ឈុត​ឯកសណ្ឋាន​ជា​ប៉ូលិស​កំពុង​ទទួល​ការ​ចាប់អារម្មណ៍​ពី​មហាជន​លើ​បណ្តាញ​សង្គម​យ៉ាង​ខ្លាំងក្លា​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ ដោយ​ភាគច្រើន​ពោល​សរសើរ​ថា នាង​ពិតជា​ស្ត្រី​គម្រូ​មួយ​រូប​ដែល​ខិតខំ​បំពេញការងារ​ហើយ ខំប្រឹង​មើលថែ​ទាំ​កូន​ទៀត ។

រូបភាព​មួយ​សន្លឹក​បង្ហាញ​ពី​ស្ត្រី​ប៉ូលិស​ស្រី​អង្គុយ​លើ​កៅអី ដៃ​ម្ខាង​បីកូន​តូច និង​បំ​ប៉ៅ​កូន នៅ​ចំណុច​គោលដៅ​មួយ​កន្លែង កំពុង​ត្រូវ​បាន​អ្នកលេង​បណ្តាញ​សង្គម​ជជែក​ដេញដោល​យ៉ាង​ខ្លាំង​នោះ គឺជា​រូបភាព​នាង​ខ្ញុំ​អនុសេនីយ៍ទោ ស៊ី​ថុ​ង សុខា ដែល​ស្ត្រី​ប៉ូលិស​រូប​នេះ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាង​កាលពី​ថ្ងៃ​ទី​២ ខែមីនា កន្លង​ទៅ អម​ជាមួយនឹង​ខ្លឹមសារ​សរសេរ​ថា «​ព្រោះតែ​ពាក្យ​ថា​ម្តាយ មិន​ថា​ក្នុង​កាលៈទេសៈ​ណា​ទេ ដើម្បី​កូន​ភ្លេច​អស់​ភាព​អៀនខ្មាស់ (​នេះ​ហើយ​ជីវិត​ពិត​)» ។

ក៏​ប៉ុន្តែ​មិនដឹង​ថា ក្រោយ​ការ​បង្ហោះ​រូបភាព​ខាងលើ​នេះ​ហើយ អ្នក​នាង អនុសេនីយ៍ទោ ស៊ី​ថុ​ង សុខា ត្រូវ​រង​ការ​ស្តីបន្ទោស​ពី​ខាង​ណា​នោះ​ទេ ស្រាប់តែ​កាលពី​រាត្រី​ថ្ងៃ​ទី​៦ មីនា នាង​បាន​បង្ហោះ​សារ​ថ្មី​មួយទៀត​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង ដោយ​ពោល​ពាក្យ​ថា «​នាង​ខ្ញុំ​អនុសេនីយ៍ទោ ស៊ី​ថុ​ង សុខា អត្តលេខ​71655 សូម​ចេញ​មុខ​សុំ​ទោស​ជា​សារ​ធារ​ណៈ​ក្នុង ​FACE BOOK ចំពោះ​ការ​ផុស​រូបភាព​បំបៅ​ដោះ​កូន​នៅ​កន្លែងធ្វើការ និង​ស្លៀក​ឈុត​ឯកសណ្ឋាន​កាលពី​ថ្ងៃ​ទី​02/03/2021​កន្លង​មកនេះ​» ។

អ្នក​ម្តាយ​រូប​នេះ​បាន​បន្ត​ថា «​ការ​ផុស​ទៅ​នេះ នាង​ខ្ញុំ​ពុំ​មាន​គោលបំណង​ធ្វើ​អោយ​ប៉ះពាល់​ដល់​កិត្តិយស​អង្គភាព​នគរបាល ព្រមទាំង​ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ​ទេ​។ អាស្រ័យ​ដូចនេះ សូម​អង្គភាព និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​មេត្តា​ដោយ​ក្តី​អនុគ្រោះ​» ។

ជាមួយនឹង​ការ​បង្ហោះ​សារ​សុំ​ការ​អភ័យទោស​ពី​មហាជន ចំពោះ​ការ​បង្ហោះ​រូបភាព​ខាងលើ​នេះ អ្នក​ម្តាយ​រូប​នេះ​ហាក់​ទទួល​បានការ​កោតសរសើរ​ពី​មហាជន ជា​ជាង​រង​នូវ​ការ​ស្តីបន្ទោស ព្រោះ​ក្រោយ​ពី​ការ​បង្ហោះ​រូបភាព និង​សារ​សុំ​ការ​អនុគ្រោះ​ពី​មហាជន​នោះ គឺ​ឃើញ​មាន​បងប្អូន​អ្នក​លេង​បណ្តាញ​សង្គម​ចែកចាយ​យ៉ាង​ផុសផុល និង​ចូល​បញ្ចេញ​ទស្សនៈ​គាំទ្រ​រូប​នាង​ទៅ​វិញ ។

ជាក់ស្តែង​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សុធា​រី បាន​ពោល​លើកទឹកចិត្ត​ប្អូនស្រី​ប៉ូលិស​ថា «​វា​មិនមែន​ជា​ទ​ង្វើ​ខុសឆ្គង​ទេ​ប្អូនស្រី សូម​សរសើរ​ដល់​ប្អូន​ដែល​នៅ​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ​» ។

ចំណែក​អ្នកខ្លះ​ទៀត​បាន​និយាយ​ថា « ខ្ញុំ​មិន​គិត​ថា​ខុស​អី​ទេ​បង តួនាទី​ការងារ​ក៏​បង​ទទួល​ខុស​ត្រូវ ការងារ​មើលថែ​កូន​ក៏​បង​ទទួលខុសត្រូវ មាន​តែ​គោរព​នូវ​ទឹកចិត្ត​បង​» ។

ចំណែក​បងប្រុស​សុភា ក៏​បាន​បង្ហាញ​នូវ​ទឹកចិត្ត​របស់​លោក​ចំពោះ​រូបភាព​ស្ត្រី​ប៉ូលិស​ថា «សម្រាប់​​ខ្ញុំ គឺ​សូម​គោរព និង​កោត​ស​សើរ​ដល់​គាត់​ណាស់ ខំ​បំពេញការងារ​ហើយ ខំប្រឹង​មើលថែ​ទាំ​កូន​ទៀត​! ពិតជា​ស្ត្រី​គម្រូ​ណាស់​!» ។

ចំណែក​អ្នកខ្លះ​ទៀត​ក៏​គាំទ្រ​ថា «​អ្នក​ដែល​ស្តីបន្ទោស​គាត់ គឺ​អ្នក​ដែល​មិន​ធ្លាប់​មានឱកាស​ជា​ម្តាយ និង​មិន​យល់​ពី​តម្លៃ​របស់​ស្ត្រី​ពិតប្រាកដ​!» ។ ប្រាកដ​ណាស់​តួនាទី​ជា​ម្តាយ​ដែល​ត្រូវ​បំ​ប៉ៅ​ដោះ​កូន​តូច​ដែល​កំពុង​តែ​ស្រែក​ឃ្លាន​វា​មិនមែន​ជា​កំហុស​ឡើយ ព្រោះ​នោះ​ជា​អ្វី​ដែល​ម្តាយ​គ្រប់​រូប​ត្រូវ​បំពេញ ។ ហើយ​នេះ ក៏​មិនមែន​ជា​ករណី​ដាច់​ដោយឡែក​អ្វី​នោះ​ដែរ ។

គេ​នៅ​ចាំ​ច្បាស់​កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០១៧ រូបភាព សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី​អ្នក​នាង Larissa Waters បាន​ក្លាយជា​អ្នកនយោបាយ​ដំបូង​គេ​បង្អស់​ដែល​បំបៅ​កូន​ដោយ​ទឹកដោះ​នៅ​ក្នុង​រដ្ឋសភា​របស់​ប្រទេស​អូស្ត្រាលី ។ លោកស្រី Waters មក​ពី​គណបក្ស​ឆ្វេងនិយម Greens បាន​បំ​ប៉ៅ​ដោះ​កូនស្រី​អាយុ​២​ខែ​ឈ្មោះ Alia Joy ក្នុងអំឡុងពេល​ប្រជុំ​ព្រឹទ្ធសភា ត្រូវ​បាន​ពិភពលោក និង​សារព័ត៌មាន​ល្បី​ចុះ​ផ្សាយ​ព្រោងព្រាត និង​គាំទ្រ​ដល់​ការ​ជម្រុញ និង​លើកទឹកចិត្ត​នារី​ឲ្យ​បំ​ប៉ៅ​ដោះ​កូន​ជាមួយនឹង​ទឹកដោះ​ម្តាយ​ផង​ដែរ ។

ករណី​មួយទៀត ដែល​ពិភពលោក​ចាប់អារម្មណ៍​ដែរ​នោះ គឺ​លោក Trevor Mallard ក៏​បាន​បញ្ចុក​ទឹកដោះ​កូនប្រុស​របស់​លោក​នៅ​ពេល​លោក​ទៅ​ចូលរួម​ធ្វើ​ជា​វាល​គ្មិ​ន​នៅ​ការ​ជជែក​ដេញដោល​នៅ​កិច្ចប្រជុំ​នៅ​រដ្ឋសភា​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ កាលពី​ខែសីហា ឆ្នាំ ២០១៩ ។

រូបភាព​ពេល​នោះ គឺ​លោក​បាន​ចាប់​បីកូន​តូច និង​បំ​ប៉ៅ​ទឹកដោះ​ដល់​កូនប្រុស ដែល​កំពុង​ឃ្លាន​អាហារ​នោះ ។ ទារក​នោះ គឺជា​កូន​របស់​លោក Trevor Mallard ជាមួយនឹង​សមាជិក​សភា​ការងារ​របស់ Waiariki គឺ​លោក Tāmati Coffey ដោយ​អ្នក​ទាំង​ពីរ​បាន​ប្រកាស​កំណើត​កូន​ប្រុស​របស់​ពួក​គេ​ឈ្មោះ Tūtānekai Smith-Coffey ដែល​ទារក​នេះ​បាន​កើតមក​តាម​រយៈ​ការ​ជួល​ម្តាយ​ពពោះ​ជំនួស ហើយ​បង្កើត​បានជា​កូនប្រុស​មួយ​រូប​សម្រាប់​អ្នក​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ