ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិង្ហ​បុរី​ ប្រទេស​អាស៊ី​ដំបូងគេ បដិសេធ​ជា​សាធារណៈ​មិនចរចា​សុំ​សិទ្ធិ​ឆ្លងកាត់​ច្រក​ហ័​រ​មូស​ជាមួយ​អ៊ី​រ៉​ង់

5 ម៉ោង មុន

ប្រទេស​សិង្ហ​បុរី ៖ ប្រទេស​សិង្ហ​បុរី​បាន​ប្រកាស​យ៉ាង​ច្បាស់​ថា ខ្លួន​នឹង​មិន​ចរចា​ជាមួយ​ប្រទេស​អ៊ី​រ៉​ង់ ដើម្បី​សុំ​សិទ្ធិ​ឆ្លងកាត់​ដោយ​សុវត្ថិភាព ឬ​បង់ថ្លៃ​សេវា​ផ្លូវទឹក​សម្រាប់​កប៉ាល់​ដឹក​ជញ្ជូន​ដោត​ទង់ជាតិ​សិង្ហ​បុរី​ឡើយ ព្រោះ​ខ្លួន​ជឿ​ថា ការ​ធ្វើ​នាវាចរណ៍​ឆ្លងកាត់​ផ្លូវទឹក​សំខាន់​ៗ គឺជា​សិទ្ធិ មិនមែន​ជា​ឯកសិទ្ធិ​នោះ​ទេ…

ប្រទេស​សិង្ហ​បុរី ៖ ប្រទេស​សិង្ហ​បុរី​បាន​ប្រកាស​យ៉ាង​ច្បាស់​ថា ខ្លួន​នឹង​មិន​ចរចា​ជាមួយ​ប្រទេស​អ៊ី​រ៉​ង់ ដើម្បី​សុំ​សិទ្ធិ​ឆ្លងកាត់​ដោយ​សុវត្ថិភាព ឬ​បង់ថ្លៃ​សេវា​ផ្លូវទឹក​សម្រាប់​កប៉ាល់​ដឹក​ជញ្ជូន​ដោត​ទង់ជាតិ​សិង្ហ​បុរី​ឡើយ ព្រោះ​ខ្លួន​ជឿ​ថា ការ​ធ្វើ​នាវាចរណ៍​ឆ្លងកាត់​ផ្លូវទឹក​សំខាន់​ៗ គឺជា​សិទ្ធិ មិនមែន​ជា​ឯកសិទ្ធិ​នោះ​ទេ ដោយ​ផ្អែក​លើ​គោលការណ៍​ច្បាប់​សមុទ្រ​អន្តរជាតិ (UNCLOS)​។ នេះ​បើ​តាម​ប្រភព​ពី​កាសែត The Independent របស់​ចក្រភព​អង់គ្លេស​បាន​ចេញផ្សាយ កាលពី​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២៦​។

បើ​ទោះបីជា​ប្រទេស​មាន​ផ្ទៃដី​តូច​ក៏​ពិតមែន ប៉ុន្តែ​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ គឺជា​មហាអំណាច​ដឹក​ជញ្ជូន​ផ្លូវទឹក​របស់​ពិភពលោក ដោយ​ស្ថិត​លើ​ច្រក​សមុទ្រ​ម៉ា​ឡា​កា (Malacca) ដែល​ជា​ចំណុចប្រសព្វ​នៃ​ផ្លូវ​សមុទ្រ​សំខាន់​ៗ​នៅ​ទូ​ទាំង​ពិភពលោក​រវាង​មហាសមុទ្រ​ឥណ្ឌា និង​សមុទ្រ​ចិន​ខាងត្បូង ហើយ​ក៏​ជាទី​តាំង​កំពង់​ផែ​ដឹក​ជញ្ជូន​ដ៏​មមាញឹក​បំផុត​មួយ​របស់​ពិភពលោក​ផង​ដែរ​។ សិង្ហ​បុរី​ក៏​ជា​ចំណុច​ស្ថានីយ​ចាក់​ប្រេង​ធំ​ជាងគេ​បំផុត​របស់​ពិភពលោក​សម្រាប់​កប៉ាល់​ផង​ដែរ​។

រដ្ឋមន្ត្រី​ការ​បរទេស​សិង្ហ​បុរី លោក Vivian Balakrishnan កាលពី​ពេល​ថ្មី​ៗ​នេះ បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​មួយ ដោយ​កាលពី​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២៦ លោក​បាន​ប្រាប់​សភា ថា កប៉ាល់​ដឹក​ជញ្ជូន​មាន​សិទ្ធិ​ឆ្លងកាត់​ច្រក​ហ័​រ​មូស ព្រោះ​វា​មិនមែន​ជា​ឯកសិទ្ធិ​ដែល​ត្រូវ​ផ្តល់​ឱ្យ​ដោយ​រដ្ឋ​ឬ​ប្រទេស​ជាប់​នោះ​ទេ វា​មិនមែន​ជា​អាជ្ញាប័ណ្ណ​ដែល​ត្រូវ​សុំ ហើយ​ក៏​មិនមែន​ជា​ការ​បង់ថ្លៃ​សេវា​ឆ្លងកាត់​ផង​ដែរ​។ ការ​ថ្លែង​របស់​លោក គឺជា​ការ​ឆ្លើយ​តប​នឹង​សំនួ​រថា តើ​សិង្ហ​បុរី​នឹង​ចរចា​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស ឬ​ពិចារណា​បង់ថ្លៃ​សេវា​ដល់​អ៊ី​រ៉​ង់ ដែល​បាន​បិទផ្លូវ​ទឹក​ដ៏​សំខាន់​នេះ ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយប្រហារ​ដោយ​សហរដ្ឋអាមេរិក និង​អ៊ី​ស្រា​អែ​ល​ដែរ​ឬទេ?

លោក​បាន​បញ្ជាក់​អំពី​ជំហរ​របស់​សិង្ហ​បុរី​ថា សិទ្ធិ​ឆ្លងកាត់ គឺជា​ផ្នែក​មួយ​នៃ​ច្បាប់​អន្តរជាតិ ហើយ​ការ​ចរចា​ជាមួយ​អ៊ី​រ៉​ង់​នឹង​ធ្វើ​ឱ្យ​ខូច​គោលការណ៍​ច្បាប់​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​ច្បាប់​សមុទ្រ (UNCLOS) ឬ​សន្ធិសញ្ញា​ច្បាប់​សមុទ្រ ដែល​សិង្ហ​បុរី​ជា​ប្រទេស​ហត្ថលេខី​រួម​ជាមួយ​ប្រទេស​ជាង ១៧០ ផ្សេង​ទៀត​។ លោក​បាន​បន្ត​ថា បណ្តេញ​ការទូត​របស់​លោក​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ី​រ៉​ង់ លោក Abbas Araghchi គឺ​បើកចំហរ​តាំងពី​មុន​សង្គ្រាម​រហូត​មក​ដល់​ពេល​នេះ​។ លោក​ប្រាកដ​ថា​នឹង​ទាក់ទង​ទៅ​លោក Araghchi នា​ពេល​ដ៏​ខ្លី​ខាង​មុខ ប៉ុន្តែ​ជា​គោលការណ៍ មិនមែន​ដោយសារ​សិង្ហ​បុរី​ឈរ​នៅ​ខាង​ណាមួយ​នោះ​ទេ សិង្ហ​បុរី​នឹង​មិន​អាច​ចូលរួម​ចរចា​សុំ​សិទ្ធិ​ឆ្លងកាត់​ច្រក​ហ័​រ​មូស​ឡើយ​។

តាម​រយៈ​ការ​ថ្លែង​របស់​លោក Balakrishnan បាន​ធ្វើ​ឱ្យ​សិង្ហ​បុរី ក្លាយជា​ប្រទេស​អាស៊ី​តែ​មួយ​គត់​រហូត​មក​ដល់​ពេល​នេះ ដែល​បាន​បដិសេធ​ជា​សាធារណៈ​ចំពោះ​ការ​ចរចា​សុំ​សិទ្ធិ​ឆ្លងកាត់​ច្រក​ហ័​រ​មូស​ជាមួយ​អ៊ី​រ៉​ង់ ខណៈ​ប្រទេស​ឥណ្ឌា ប៉ា​គី​ស្ថាន ថៃ និង​ហ្វី​លី​ពី​ន ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដទៃ​ទៀត ដែល​បាន​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​អ៊ី​រ៉​ង់​រួច​ហើយ ដើម្បី​ទទួល​បាន​សិទ្ធិ​ដឹក​ជញ្ជូន​ឆ្លងកាត់​។

យោង​តាម​របាយការណ៍​ពី​ទស្សនាវដ្តី Lloyd’s List របស់​ចក្រភព​អង់គ្លេស ដែល​តែងតែ​ផ្តល់​ព័ត៌មាន​អំពី​វិស័យ​ដឹក​ជញ្ជូន​ប្រចាំ​ស​ប្តា​ហ៍​នោះ កាលពី​ពេល​ថ្មី​ៗ​នេះ បាន​បង្ហាញ​ថា កប៉ាល់​មួយ​ចំនួន​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បង់ប្រាក់​ដល់ ២ លាន​ដុល្លារ​អា​មេ​រិ​ក​ជា​ថ្លៃ​សេវា​ដល់​អ៊ី​រ៉​ង់ ដើម្បី​ឆ្លងកាត់​ច្រក​ហ័​រ​មូស​៕ ប្រភព ៖ The Independent

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ