ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី​ ៖​កម្ពុជា និង​វៀតណាម មាន​ចំណង​មិត្តភាព​ដ៏​យូរអង្វែង ដែល​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​ក្នុង​ភាព​ជាអ្នក​ជិតខាង​ល្អ និង​សហ​ការ​គ្រប់​ជ្រុងជ្រោយ

28 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​បវរ​ធិ​បតី ហ៊ុន ​ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​បាន​គូសបញ្ជាក់​ថា ​កម្ពុជា និង​វៀតណាម មាន​ចំណងមិត្តភាព​ដ៏​យូរអង្វែង…

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​បវរ​ធិ​បតី ហ៊ុន ​ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​បាន​គូសបញ្ជាក់​ថា ​កម្ពុជា និង​វៀតណាម មាន​ចំណងមិត្តភាព​ដ៏​យូរអង្វែង ដែល​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​ក្នុង​ភាព​ជាអ្នក​ជិតខាង​​ល្អ កិច្ច​សហប្រតិបត្តិការ​គ្រប់ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង​។

យោង​តាម​លិខិត​មួយ​ច្បាប់​របស់​សម្តេច​បវរ​ធិ​បតីនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ​ផ្ញើ​ទៅ​លោក​ឡេ មិ​ញ​ហ៊ឹង ​នាយក​រដ្ឋមន្ត្រី​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ចេញផ្សាយ​កាលពី​ថ្មី​ៗ​នេះ​​បាន​ឲ្យ​ដឹង​ថា ​តាង​នាម​ប្រជាជន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​មាន​សេចក្តី​សោម​នស្ស​​រីករាយ​យ៉ាង​ក្រៃ​លែង សូម​សម្តែង​នូវ​ការ​អបអរសាទរ​យ៉ាង​កក់ក្តៅ​បំផុត​ ជូន​ចំពោះ លោក​ក្នុង​ឱកាស​ដែល​ត្រូវ​បាន​តែងតាំង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។

ក្នុង​លិខិត​សម្តេច​ធិ​បតី​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​ ៖ ​ការ​តែងតាំង​នេះ បាន​ឆ្លុះ​បញ្ចាំង​អំពី​​សេចក្តី​ទុកចិត្ត និង​ជំនឿ​ជឿជាក់​ដែល​បក្ស​រដ្ឋ និង​ប្រជាជន​វៀតណាម ​បាន​ផ្តល់​ជូន​ឯកឧត្តម ដោយ​ទទួលស្គាល់​នូវ​ការ​លះបង់​របស់​ឯកឧត្តម​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ និង​វិបុលភាព​​ជាតិ ​។

សម្តេច​ធិ​បតី​បាន​បញ្ជាក់​ថា «ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​សមត្ថ​ភាព និង​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់ ឯកឧត្តម និង​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កុម្មុយ
នីស្ត​វៀតណាម​ ។ វៀតណាម​នឹង​បន្ត​សម្រេច​បាន​នូវ​សមិទ្ធផល​ធំ​ៗ​បន្ថែម​ទៀត ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ព្រមទាំង​បន្ត​លើកកម្ពស់​តួនាទី​របស់​ខ្លួន​នៅ​ក្នុង​កិច្ចការ តំបន់ និង​អន្តរជាតិ​»។

សម្តេច​ធិ​បតី​បាន​សង្កត់ធ្ងន់​ថា​ «កម្ពុជា និង​វៀតណាម មាន​ចំណងមិត្តភាព​ដ៏​យូរអង្វែង ដែល​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​ក្នុង​ភាព​ជា​អ្នក​ជិតខាង​ល្អ កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង​ ។ ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ដ៏​រឹង​មាំ​រវាង​ប្រជាជាតិ​យើង​ទាំង​ពីរ ហើយ​ខ្ញុំ​ទន្ទឹងរង់ចាំ​ជួប​ជាមួយ​ឯកឧត្តម ដើម្បី​ផ្លាស់​ប្តូរ​ទស្សនៈ​លើ​ការ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​របស់​យើង ក៏​ដូច​ជា​កិច្ច​សហប្រតិបត្តិការ នៅ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​ក្របខ័ណ្ឌ​ពហុភាគី​នានា ដើម្បី​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​នៃ​ប្រជាជន យើង​ទាំង​ពីរ​» ​។

សូម​ជម្រាប​ថា​ លោក ឡេ មិ​ញ​ហ៊ឹ​ង ត្រូវ​បាន​ជាប់​ឆ្នោត​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​វៀតណាម សម្រាប់​អាណត្តិ​ឆ្នាំ​២០២៦-២០៣១ ដោយ​រដ្ឋសភា​វៀតណាម​នៅ​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២៦​ ។

តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ពី​ប្រវត្តិ​នាយក​រដ្ឋមន្ត្រី​ថ្មី​វៀតណាម​បាន​ឲ្យ​ដឹង​ថា​លោក ឡេ មិ​ញ​ហ៊ឹង កើត​នៅ​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​១៩៧០ ទីកន្លែង​កំណើត​ឃុំ​ទូ​មី ខេត្ត​ហា​ទី​ញ ​។ លោក​បាន​ចូលរួម​គណបក្ស​នៅ​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០០០ និង​ចូល​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០០១ ​។​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ