ខេត្តកំពង់ស្ពឺ ៖ បុរសពីរនាក់ប្ដីប្រពន្ធត្រូវបានកម្លាំងនគរបាលជំនាញប្រឆាំងការជួញដូរគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺធ្វើការបង្ក្រាបបន្តបន្ទាប់និងដកហូត គ្រឿងញៀនប្រភេទចម្រុះប្រមាណជាង១០ គីឡូក្រាម។
ការបង្ក្រាបមុខសញ្ញាពីរនាក់ប្ដីប្រពន្ធខាងលើនេះ អនុវត្ដតាមបទបញ្ជានិងការដឹកនាំដ៏ខ្ពង់ខ្ពស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងបានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម សុិន វិរៈ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ និងការដឹកនាំកំលាំងផ្ទាល់ពីលោកវរសេនីយ៍ទោ ហ៊ាង ឈាងលី ស្នងការរង (ស្ដីទី) ផែនការងារប្រឆាំងគ្រឿងញៀន ។
នគរបាលខេត្តកំពង់ស្ពឺបាននិយាយដឹងថា÷ ការបើកប្រតិបត្ដិការលើករណីមុខសញ្ញាចាស់ជាក់ស្ដែង កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦កន្លងទៅ នៅចំណុចភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ឈ្មោះ វង់ ស៊ីថា ហៅ ញ៉ាញ់ ភេទ ប្រុស អាយុ ៣៥ឆ្នាំ រស់នៅក្នុងភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយដកហូតបានវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន២កញ្ចប់ធំ, ទូរស័ព្ទ ១គ្រឿង, ម៉ូតូ ១គ្រឿង។
នគរបាលខេត្តកំពង់ស្ពឺបានបន្តឲ្យដឹងទៀតថា÷ដោយមានការយកចិត្តទុកដាក់ពីលោកស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការបន្ដនីតិវិធីពីតំណាងអយ្យការ នៅវេលាម៉ោង០៣និង២០នាទីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានបន្តឆែកឆេរផ្ទះរបស់ឈ្មោះ វង់ ស៊ីថា នៅចំណុចភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ចំនួន ៣២កញ្ចប់(ធំ១២,តូច២០) ប្រភេទម្សៅខេ(K)ចំនួន ២កញ្ចប់, ប្រភេទអ៊ឹមឌីអ៊ឹមអេ(MDMA) ចំនួន ៤៩កញ្ចប់, ម្សៅប្រភេទJNX ចំនួន ៦កំប៉ុង, ម្សៅម៉ុនស្លឹកឈើចំនួន ៤កញ្ចប់ធំ, បារីអេឡិចត្រូនិចចំនួន ៣៩ដើម, ទឹកអាកុលចំនួន ៣លីត្រ, ឧបករណ៍កែច្នៃផលិតគ្រឿងញៀនមួយចំនួន, កាំបិត ១ដើម, អាវុធកែច្នៃ ១ដើម, វ៉ាលីចំនួន២, ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។
បន្ទាប់មកក្រុមប្រតិបត្តិការបានបន្តទៅឃាត់ខ្លួនឈ្មោះ ឯម ស្រីនា ភេទស្រី អាយុ ៣៥ឆ្នាំ (ត្រូវជាប្រពន្ធញ៉ាញ់) នៅចំណុចភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ដកហូតទូរស័ព្ទ ១គ្រឿង ផ្អែកតាមចម្លើយសារភាពថាគ្រឿងញៀនបានៅមកពីឈ្មោះ( ឯ ស ភ )ភេទប្រុស នៅភូមិឈូកវ៉ា២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ត្រូវជាបងបង្កេីតឈ្មោះ ឯម ស្រីនា) តែមុខសញ្ញាគេចខ្លួនក្រោយទទួលដំណឹងពីជនសង្ស័យដែលត្រូវបានបង្ក្រាប ។
នគរបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ដឹងថាចំពោះជនសង្ស័យទាំង២នាក់ប្ដីប្រពន្ធ រួមជាមួយវត្ថុតាងរឹបអូសបាន ប្រមាណជា១០គីឡូក្រាម កម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កំពុងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី ៕


ចែករំលែកព័តមាននេះ