ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់​ផ្ញើ​សំណើ​ថ្មី​ទៅ​ឱ្យ​អាមេរិក​ពិនិត្យ​មើល​ដើម្បី​ឈាន​ដល់​ការ​បញ្ចប់​សង្គ្រាម

15 ម៉ោង មុន

ទី​ក្រុង​តេ​អេ​រ៉ង់៖ រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ផ្ញើ​សំណើ​មួយ​ទៀត​ទៅ​ឱ្យ​អាមេរិក​ពិនិត្យ​មើល​ ហើយ​ផ្ញើ​តាម​រយៈ​ប្រទេស​ប៉ាគីស្ថាន​ដែល​ជា​អន្ត​រ​ការី​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ IRNA។ បើ​ដូច្នេះ​មែន វា​ជា​ចំណាត់​ការ​​ថ្មី​​​មួយ​ទៀត​សំដៅ​​​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​​​នូវ​​​ស្ថាន​ភាព​បច្ចុប្បន្ន​ដែល​ដំណើរ​ការ​ចរ​ចា​គ្នា​ហាក់​ដូច​ជា​នៅ​ទ្រឹង​មួយ​កន្លែង​។ ទី​ភ្នាក់​ងារ​ព័ត៌​មាន​ IRNA មិន​បាន​ផ្សព្វ​ផ្សាយ​សេចក្ដី​លម្អិត​នៅ​ក្នុង​សំណើ​នោះ​ទេ​។…

ទី​ក្រុង​តេ​អេ​រ៉ង់៖ រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ផ្ញើ​សំណើ​មួយ​ទៀត​ទៅ​ឱ្យ​អាមេរិក​ពិនិត្យ​មើល​ ហើយ​ផ្ញើ​តាម​រយៈ​ប្រទេស​ប៉ាគីស្ថាន​ដែល​ជា​អន្ត​រ​ការី​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ IRNA។ បើ​ដូច្នេះ​មែន វា​ជា​ចំណាត់​ការ​​ថ្មី​​​មួយ​ទៀត​សំដៅ​​​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​​​នូវ​​​ស្ថាន​ភាព​បច្ចុប្បន្ន​ដែល​ដំណើរ​ការ​ចរ​ចា​គ្នា​ហាក់​ដូច​ជា​នៅ​ទ្រឹង​មួយ​កន្លែង​។ ទី​ភ្នាក់​ងារ​ព័ត៌​មាន​ IRNA មិន​បាន​ផ្សព្វ​ផ្សាយ​សេចក្ដី​លម្អិត​នៅ​ក្នុង​សំណើ​នោះ​ទេ​។ ប៉ុន្តែ​​បន្ទាប់​ពី​ផ្សព្វ​ផ្សាយ​​មិន​ទាន់​បាន​ប៉ុន្មាន​ផង​​ តម្លៃ​ប្រេង​ឆៅ​តាម​ហាង​ឆេង​ទី​ផ្សារ​អន្តរ​ជាតិ​ចាប់​ផ្ដើម​ធ្លាក់​ចុះ​ព្រឹប​ៗ​តែ​ម្ដង​។

គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​សំណើ​របស់​អ៊ីរ៉ង់​នោះ​បាន​ទៅ​ដល់​ដៃ​ទី​ក្រុង​វ៉ាស៊ីន​តោន​ហើយ​ឬ​នៅ​ទេ​។ សម្រាប់​ពេល​នេះ បទ​ឈប់​បាញ់​នៅ​តែ​មាន​សុ​ពល​ភាព​​ជា​ធរ​មាន​ពិត​មែន​ហើយ​​។ ប៉ុន្តែ​កាល​ពី​មុន​នេះ​ ប្រេង​ឆៅ​ឡើង​ថ្លៃ​ខ្លាំង​បន្ទាប់​ពី​មាន​សេចក្ដី​រាយ​ការណ៍​ថា​លោក​ត្រាំ​ត្រៀម​កោះ​ប្រជុំ​គ្នា​ដើម្បី​កំណត់​ថា​តើ​ត្រូវ​ប្រើ​ចំណាត់​ការ​យោធា​បែប​ណា​ដើម្បី​បង្ខំ​ឱ្យ​អ៊ីរ៉ង់​ចូល​តុ​ចរ​​ចា​។​ ​ដោយ​សារ​ដំណឹង​នេះ អ៊ីរ៉ង់​ក៏​មិន​​អាច​នៅ​​ស្ងៀម​បាន​ឡើយ​។ អ៊ីរ៉ង់​ចាប់​ផ្ដើម​ដាក់​ឱ្យ​ដំណើរ​ការ​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​របស់​ខ្លួន​ជា​បណ្ដើរ​ៗ​ហើយ​ ហើយ​ត្រៀម​ផែន​ការ​ឆ្លើយ​តប​ទៅ​អាមេរិក​វិញ​ប្រសិន​បើ​ខ្លួន​រង​ការ​វាយ​ប្រហារ​ជា​ថ្មី​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មន្ត្រី​ជាន់​ខ្ពស់​អ៊ីរ៉ង់​​២​រូប​​​ប្រាប់​អ្នក​សារ​ព័ត៌​មាន​​នៅ​ក្នុង​លក្ខ​ខណ្ឌ​មិន​ឱ្យ​​បញ្ចេញ​ឈ្មោះ​។​

រហូត​មក​ដល់​ពេល​នេះ ទី​ក្រុង​វ៉ា​ស៊ីន​តោន​មិន​ទាន់​ប្រកាស​ថា​ខ្លួន​នឹង​ចាត់​វិធាន​ការបែប​ណា​​​ជា​បន្ត​ទៀត​​នោះ​ទេ​។ លោក​ត្រាំ​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា​លោក​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ​នឹង​សំណើ​របស់​អ៊ីរ៉ង់​ដែល​ដាក់​ជូន​លោក​ពិនិត្យ​មើល​​កាល​ពី​លើក​មុន​។ គេ​ដឹង​ថា​នៅ​ក្នុង​សំណើ​នោះ អ៊ីរ៉ង់​ទាម​ទារ​ឱ្យ​អាមេរិក​បិទ​បញ្ចប់​ការ​បិទ​ខ្ទប់​ដែន​សមុទ្រ​របស់​ខ្លួន (អ៊ីរ៉ង់)។ ចំពោះ​បញ្ហា​នុយ​ក្លេអ៊ែរ​ និង​ការ​ចម្រាញ់​សារ​ធាតុ​អ៊ុយ​រ៉ា​ញ៉ូម​ដែល​លោក​ត្រាំ​ចាត់​ទុក​ថា​មាន​សារ​សំខាន់​ជា​អាទិភាព​នោះ​ត្រូវ​អ៊ីរ៉ង់​ស្នើ​សុំ​យក​ទៅ​ពិភាក្សា​នៅ​ពេល​ក្រោយ​។ ពោល​គឺ​អ៊ីរ៉ង់​ស្នើ​សុំ​​​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ជា​មុន​សិន​មុន​នឹង​និយាយ​អំពី​បញ្ហា​នេះ​ (នុយ​ក្លេ​អ៊ែរ)​។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់​យល់​ថា​គេ​មិន​គួរ​រំពឹង​​ទុក​ខ្ពស់​ពេក​ទេ​ថា​ការ​ចរ​ចា​គ្នា​អាច​​នឹង​ទទួល​បាន​​លទ្ធ​ផល​ឆាប់​ៗ​​នេះ​។ មន្ត្រី​ជាន់​ខ្ពស់​នៃ​ឆ្មាំ​បដិវត្ត​ឥស្លាម​ព្រមាន​​ថា​ទន្ទឹម​នឹង​ការ​ចង់​ចរ​ចា​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិ​វិធី អ៊ីរ៉ង់​ក៏​ត្រៀម​កម្លាំង​ដើម្បី​វាយ​អាមេរិក​ដែរ​។ ​ប្រសិន​បើ​អា​មេ​រិក​វាយ​ប្រហារ​ជា​ថ្មី​មក​លើ​អ៊ីរ៉ង់ ទោះ​បី​វាយ​ប្រហារ​មាន​កម្រិត​កំណត់​ក៏​ដោយ​ ក៏​អាមេរិក​នឹង​ទទួល​រង​ការ​វាយ​បក​វិញ​ទៅ​លើ​មូល​ដ្ឋាន​របស់​ខ្លួន​នៅ​ក្នុង​តំបន់​​មជ្ឈិម​បូព៌ា​នៅ​ក្នុង​អ្វី​ដែល​មន្ត្រី​រូប​នេះ​ពិពណ៌​នា​ថា​ជា​ «ការ​វាយ​ប្រហារ​រយៈ​ពេល​យូរ និង​គួរ​ឱ្យ​ឈឺ​ចុក​ចាប់​»៕ ប្រភព៖ រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ