ទីក្រុងកៀវ៖ គ្រាន់តែខែឧសភាចូលមកដល់ភ្លាម អ៊ុយក្រែនស្វាគមន៍រុស្ស៊ីដោយបើកការវាយប្រហារជាលើកទី៤ទៅលើរោងចក្រប្រេងឆៅនៅតំបន់ក្រាស់ណូដា ក្រៃ (Krasnodar Krai) ស្ថិតនៅប្រទេសរុស្ស៊ីភាគខាងត្បូង។ ការវាយប្រហារដោយដ្រូននោះមានសភាពខ្លាំងក្លា និងបង្កជាភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។ តាមពិត ទីនោះរងការវាយប្រហារកាលពីវគ្គមុនៗរួចហើយ ហើយមានភ្លើងឆេះរយៈពេលជាច្រើនថ្ងៃ។

គិតទាំងលើកនេះទៀត រោងចក្រនេះរងការវាយប្រហារជាលើកទី៤ត្រឹមតែរយៈពេល២សប្ដាហ៍ប៉ុណ្ណោះ។ អ៊ុយក្រែនទទួលស្គាល់ថាការវាយប្រហារកាលពីថ្ងៃទី១៦, ទី២០ និងទី២៨ ខែមេសាគឺជាស្នាដៃរបស់ខ្លួន។ បន្ទាប់ពីរងការវាយប្រហារជាលើកទីបី ទីនោះត្រូវបានដាក់នៅក្នុងស្ថានភាពអាសន្ន។ ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយរុស្ស៊ីអះអាងថាកាលពីថ្ងៃទី២៩ ខែមេសា ខ្លួនបានពន្លត់ភ្លើងឆេះនោះអស់ហើយ។ ប៉ុន្តែមួយថ្ងៃក្រោយមក អ៊ុយក្រែនបើកការវាយប្រហារជាថ្មីម្ដងទៀត ដូច្នេះភ្លើងក៏បន្តឆាបឆេះឡើងវិញ។

ក្រសួងការពារជាតិរុស្ស៊ីប្រកាសថាកាលពីយប់មិញ យោធារបស់ខ្លួនបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនសរុប១៤១គ្រឿងទូទាំងប្រទេសរុស្ស៊ី។ រោងចក្រចម្រាញ់ប្រេងដែលរងការវាយប្រហារម្ដងហើយម្ដងទៀតនោះស្ថិតនៅតំបន់មាត់សមុទ្រខ្មៅ។ ទីនេះអាចចម្រាញ់ប្រេងឆៅ១២លានតោននៅក្នុងមួយឆ្នាំៗសម្រាប់ផ្គត់ផ្គង់យោធារុស្ស៊ីដែលកំពុងធ្វើសង្គ្រាមនៅអ៊ុយក្រែន។ ក្រោយការវាយប្រហារបីលើកទៅលើរោងចក្រនេះ ស៊ីទែនស្តុកទុកប្រេងចំនួន២៤ត្រូវបានកម្ទេច និងស៊ីទែនចំនួន៤ទៀតរងការខូចខាត។ ទីតាំងចម្រាញ់ប្រេងឆៅមួយទៀតក៏រងការវាយប្រហារផងដែរ។

យោងតាមការផ្សាយរបស់ទូរទស្សន៍ប៊្លូមបឺក ការវាយប្រហាររបស់អ៊ុយក្រែនកាលពីខែមេសាទៅលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីមានកម្រិតខ្ពស់មិនធ្លាប់មាននៅក្នុងរយៈពេល៤ខែចុងក្រោយនេះ។ ក្នុងនោះ អ៊ុយក្រែនវាយប្រហារ២១ដងទៅលើរោងចក្រចម្រាញ់ប្រេង បំពង់បង្ហូរប្រេង និងទីតាំងប្រេងឆៅជាច្រើនកន្លែងនៅសមុទ្រខ្មៅ។ ប្រភព៖ អេភី និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ