ទីក្រុងវ៉ាស៊ីនតោន៖ លោកដូណាល់ត្រាំប្រកាសថារដ្ឋាភិបាលលោកកំពុងពិចារណាកាត់បន្ថយកងទ័ពអាមេរិកនៅប្រទេសអេស្ប៉ាញ និងអ៊ីតាលី។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីលោកត្រាំអាក់អន់ស្រពន់ចិត្តដែលក្រុមសម្ព័ន្ធមិត្តលោកខាងលិចហាក់ដូចជាមិនជួយជ្រោមជ្រែងយុទ្ធនាការយោធារបស់អាមេរិកនៅអ៊ីរ៉ង់ទាល់តែសោះ។ សូម្បីតែព្រលានយន្តហោះក៏ពួកគេមិនឱ្យប្រើប្រាស់សម្រាប់ចុះចតយន្តហោះអាមេរិកនោះដែរ។ នៅក្នុងករណីអេស្ប៉ាញ និងអ៊ីតាលី លោកត្រាំក៏ប៉ះពារពាក្យសម្ដីគ្នាជាមួយនឹងមេដឹកនាំរបស់ពួកគេផងដែរ។

ការថ្លែងរបស់លោកត្រាំដូចខាងលើនេះបន្ទាប់ពីលោកទើបតែប្រកាសអំពីការពិចារណាដកកងទ័ពពីប្រទេសអាល្លឺម៉ង់ដោយសារខឹងនឹងអធិការបតីអាល្លឺម៉ង់ លោកហ្វ្រីតរីចម៊ែក ដែលរិះគន់រដ្ឋបាលរបស់លោក (ត្រាំ) ថាគ្មានយុទ្ធសាស្ត្រច្បាស់លាស់នៅក្នុងសង្គ្រាម។ លោកម៊ែកនិយាយរបៀបមាក់ងាយល្មមលោកត្រាំអន់ចិត្តដែរ។ លោកថាអាមេរិកត្រូវបានធ្វើឱ្យអាម៉ាស់មុខ (ឬនិយាយមួយបែបទៀតថាធ្វើឱ្យបាក់មុខ) ដោយសារអ៊ីរ៉ង់។

លោកត្រាំថ្លែងថាសង្គ្រាមអ៊ីរ៉ង់ជួយសង្គ្រោះពិភពលោកទាំងមូលរួមទាំងអេស្ប៉ាញ អ៊ីតាលី និងអាល្លឺម៉ង់ផងដែរ។ លោកឆ្លៀតរិះគន់នូវអ្វីដែលលោកហៅថា «សម្ព័ន្ធមិត្តល្អណាស់» គ្មានបានជួយអ្វីសូម្បីតែប៉ុនសរសៃសក់។ ពួកគេមិនចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែង «កម្ចាត់ការគំរាមកំហែងពីសំណាក់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ទេ»។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពសកម្មអាមេរិកនៅអាល្លឺម៉ង់មានចំនួន៣៦៤៣៦នាក់, នៅអ៊ីតាលីមានចំនួន១២៦៦២នក់ និងនៅអេស្ប៉ាញមានចំនួន៣៨១៤នាក់។

រហូតមកដល់ពេលនេះ គេមិនទាន់ដឹងច្បាស់ថាតើលោកត្រាំនឹងកាត់បន្ថយចំនួនកងទ័ពនោះមកនៅកម្រិតណាទេ។ ប៉ុន្តែសារព័ត៌មានអាមេរិកខ្លះចុះផ្សាយថាប្រហែលជាកាត់បន្ថយច្រើនគួរសម។ តាមពិត នេះមិនមែនជាករណីដំបូងទេដែលលោកត្រាំ និងសម្ព័ន្ធមិត្តមានបញ្ហារកាំរកូសនឹងគ្នា។ តាំងពីឡើងកាន់អំណាចនៅអាណត្តិទីមួយ លោកត្រាំតែងតែរអ៊ូរទាំថាក្រុមសម្ព័ន្ធមិត្តនៅក្នុងអង្គការណាតូមិនសូវចំណាយថ្លៃការពារឱ្យបានច្រើនទេ។

ថ្មីៗនេះទៀត លោករិះគន់ខ្លាំងៗចំពោះពួកគេដែលមិនព្រមបញ្ជូននាវាចម្បាំងទៅច្រកសមុទ្រហ័រម៉ូសដើម្បីការពារកប៉ាល់ដឹកទំនិញដែលបើកឆ្លងកាត់ទីនោះ។ បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីតាលីរិះគន់សង្គ្រាមអ៊ីរ៉ង់កាលពីខែមីនា លោកត្រាំបានវាយបកវិញដោយចាត់ទុកថាលោកស្រីនាយករដ្ឋមន្ត្រីរូបនេះខ្វះភាពក្លាហាន មិនព្រមឈរតទល់នឹងសម្ពាធនៅក្នុងស្រុក ហើយមិនហ៊ានប្រកាសជួយជ្រោមជ្រែង ឬសូម្បីតែប្រកាសគាំទ្រសង្គ្រាមនេះទាល់តែសោះ៕ ប្រភព៖ យួរ៉ូ ញូស៍ (Euro News) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ