ខេត្តព្រៃវែង ៖ មហាជនរិះគន់មន្ត្រីសមត្ថកិច្ចនគបាលច្រកទ្វារព្រំដែនស្វាយអាង៉ោង បណ្តាយឲ្យឈ្មួញនាំសត្វទារស់ (កូនទា) និងស៊ុតមាន់ ស៊ុតទា ពីប្រទេសវៀតណាម ឆ្លងដែនចូលមកតាមច្រករបៀងស្វាយអាង៉ោង ដូចគេហែកឋិន មិនឃើញស្ថាបន័មានសមត្ថកិច្ចឬមន្ត្រីជំនាញណាមកពិនិត្យឬបង្ក្រាបឡើយ ។ មហាជនដាក់ការសង្ស័យថា សង្ស័យគេចែកគ្នារស់ ទើបបើកដៃឲ្យឈ្មួញនាំចូលសត្វទារស់ (កូនទា) និងស៊ុតមាន់ ស៊ុតទា ពីប្រទេសវៀតណាមចូលមកស្រុកខ្មែរច្រើនបែបនេះ ។
ករណីនេះបានកើតឡើងនៅវេលាម៉ោង ១ និង ២០នាទីរសៀលថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦ នៅចំណុចច្រករបៀងស្វាយអាង៉ោង ឃុំចាមស្រុកកំពង់ត្របែកខេត្តព្រៃវែង ។ បើតាមប្រជាពលរដ្ឋដែលរស់នៅភូមិស្វាយអាង៉ោង ឃុំចាម បានលើកឡើងថា ក្រុមឈ្មួញខ្មែរបានមកទិញសត្វមាន់រស់ និងកូនទា ពងមាន់ពងទា ពីប្រទេសវៀតណាមដឹកតាមម៉ូតូ ឆ្លងដែនចូលមកតាមច្រករបៀងស្វាយអាង៉ោង រួចលើកដាក់រថយន្តដឹកទៅភ្នំពេញ និងចែកចាយក្នុងស្រុកខេត្តព្រៃវែង ដោយពុំដែលឃើញមានមន្ត្រីជំនាញ ឬស្ថាបន័មានសមត្ថកិច្ចណាមកពិនិត្យ ឬបង្ក្រាបទេ ។
ពួកគាត់លើកឡើងទៀតថា បើសមត្ថកិច្ចបណ្តោយឲ្យឈ្មួញនាំសត្វមាន់រស់ កូនទា និងពងមានងទា ពីប្រទេសវៀតណាមចូលមក ដោយគ្មានការត្រួតពិនិត្យដូច្នេះ ពួកគាត់ព្រួយបារម្ភអំពីសុវត្ថិភាពសុខភាព អ្នកបរិភោគ ជាពិសេសស៊ុតមាន់ស៊ុតទា ដែលក្រសួងហាមឃាត់មិនឲ្យនាំសាច់សត្វ ស៊ុតសត្វ និងផលិតផលដើមកំណើតអំពីសាច់សត្វ ក៏ប៉ុន្តែជាក់ស្តែងសមត្ថកិច្ចប្រចាំការនៅច្រកទ្វារព្រំដែនច្រករបៀងស្វាយអាង៉ោង បានបើកដៃឲ្យឈ្មួញដឹកសត្វមាន់រស់ កូនទា ពងមាន់ ពងទា ឆ្លងដែនពីប្រទេសវៀតណាមចូលមករដ្ឋបាលស្រុកកំពង់ត្របែកយ៉ាងគគ្រឹកគគ្រេងដូចគេហែកឋិន ពុំមានមន្ត្រីជំនាញណាមកត្រួតពិនិត្យឡើយ ។ ហើយអ្វីដែលមហាជនមានការងឿងឆ្ងល់ វៀតណាមមកទិញសត្វមាន់រស់មាន់ខ្មែរ ពីប្រទេសខ្មែរទៅប្រទេសវៀតណាម ហើយនាំមាន់វៀតណាមមកលក់ឲ្យខ្មែរវិញ ជាពិសេសនាំកូនទា មករាប់ពាន់ក្បាលក្នុងមួយថ្ងៃៗ ។
ទាក់ទិនករណីនេះដែរ ក្រុមឈ្មួញ បានបង្ហើបឲ្យដឹងថា មន្ត្រីពេទ្យសត្វខេត្តព្រៃវែងតម្រូវឲ្យធ្វើសំណើសុំច្បាប់នាំចេញពីអគ្គនាយកដ្ឋាននៃក្រសួងកសិកម្ម ក៏ប៉ុន្តែបើសុំច្បាប់ត្រូវចំណាយប្រាក់ច្រើន ។ ហើយករណីឈ្មួញនាំកូនទាពីប្រទេសវៀតណាមចូលមកខ្មែរនេះ សមត្ថកិច្ចបានបង្ហើបថា កូនទាដែលនាំចូលពីប្រទេសវៀតណាមនេះគេដឹកយកទៅឲ្យថៅកែនៅឃុំល្វា ស្រុកព្រះស្តេច ។ ចំណែកអ្នកដឹកស៊ុតមាន់ស៊ុតទា គឺពួកគេដឹកយកទៅលក់ចែកចាយក្នុងខេត្តដោយមន្ត្រីពេទ្យសត្វអ្នកចេញលិខិតបញ្ជាក់ (ពងមាន់ពងទាក្នុងស្រុក) ។
ទាក់ទិនករណីនេះដែរ លោកចិន វិសាល ប្រធានការិយាល័យផលិតលម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រៃវែង បានប្រាប់អ្នកសារព័ត៌មានយើងថា ចំពោះសត្វកូនទា ដែលឈ្មួញនាំពីប្រទេសវៀតណាមនោះពុំមានច្បាប់អនុញ្ញាតនាំចូលទេ លោកកំពុងឲ្យមន្ត្រីពេទ្យសត្វគ្រាន់តែចុះទៅបង្ក្រាប និងណែនាំឲ្យទៅសុំច្បាប់នាំចូលពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម ដើម្បីមានច្បាប់នាំចូល ។ ចំណែកមហាជនលើកឡើងថា មានឈ្មួញនាំសត្វមាន់រស់ពីប្រទេសវៀតណាម និងកូនទា ពងមាន់ពាងទា ឆ្លងដែនចូលមកស្រុកខ្មែរនោះលោកនិងចុះពិនិត្យ និងបង្ក្រាបមិនអនុញ្ញាតឲ្យនាំចូលទេ ខ្លាចឆ្លងជំងឺ ។
លោក ចិន វិសាល បន្តថា មន្ត្រីរបស់លោកនៅឆ្ងាយពិបាកក្នុងការគ្រប់គ្រង ដោយមន្ត្រីសមត្ថកិច្ចការពារព្រំដែនបើកដៃឲ្យឈ្មួញ ពេលមានប្រជាពលរដ្ឋរាយការណ៍ មន្ត្រីពេទ្យសត្វចុះទៅ ឈ្មួញដឹងខ្លួនបើករថយន្តគេចពួនបាត់អស់ ៕
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព






ចែករំលែកព័តមាននេះ