ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​មីយ៉ាន់​ម៉ា​យក​លោក​ស្រី​ស៊ូជី​ចេញ​​ពី​ពន្ធ​នា​គារ​ទៅ​ដាក់​ឃុំ​នៅ​ក្នុង​ផ្ទះ​វិញ​ម្ដង

4 ម៉ោង មុន

ទី​ក្រុង​រ៉ង់​ហ្គូន៖ អតីត​មេ​ដឹក​នាំ​មីយ៉ាន់​ម៉ា និង​ជា​អ្នក​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​ដ៏​ឆ្នើម​ម្នាក់​ លោកស្រី​អង់​សាន​ស៊ូជី តាម​ព័ត៌​មាន​ផ្សាយ​ថា​ត្រូវ​អាជ្ញា​ធរ​ផ្លាស់​លោកស្រី​ពី​ពន្ធ​នាគារ​ទៅ​ជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ​វិញ​ហើយ​។ រដ្ឋាភិបាល​ស៊ីវិល​ថ្មី​របស់​មីយ៉ាន់​ម៉ា​ដែលមាន​ក្រុម​យោធា​ជួយ​ជ្រោម​ជ្រែង​ពី​ក្រោយ​ខ្នង​មិន​បាន​បញ្ជាក់​ថា​គេ​បាន​ផ្លាស់​លោកស្រី​ស៊ូជី​ទៅ​ទី​កន្លែង​ណា​ពិត​ប្រាកដ​ទេ​។ ប៉ុន្តែ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌​មាន​ដឹ​ហ្កា​ឌាន (The Guardian) លោក​ស្រី​ត្រូវ​បាន​ដាក់​ឃុំ​នៅ​ក្នុង​ផ្ទះ។…

ទី​ក្រុង​រ៉ង់​ហ្គូន៖ អតីត​មេ​ដឹក​នាំ​មីយ៉ាន់​ម៉ា និង​ជា​អ្នក​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​ដ៏​ឆ្នើម​ម្នាក់​ លោកស្រី​អង់​សាន​ស៊ូជី តាម​ព័ត៌​មាន​ផ្សាយ​ថា​ត្រូវ​អាជ្ញា​ធរ​ផ្លាស់​លោកស្រី​ពី​ពន្ធ​នាគារ​ទៅ​ជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ​វិញ​ហើយ​។ រដ្ឋាភិបាល​ស៊ីវិល​ថ្មី​របស់​មីយ៉ាន់​ម៉ា​ដែលមាន​ក្រុម​យោធា​ជួយ​ជ្រោម​ជ្រែង​ពី​ក្រោយ​ខ្នង​មិន​បាន​បញ្ជាក់​ថា​គេ​បាន​ផ្លាស់​លោកស្រី​ស៊ូជី​ទៅ​ទី​កន្លែង​ណា​ពិត​ប្រាកដ​ទេ​។ ប៉ុន្តែ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌​មាន​ដឹ​ហ្កា​ឌាន (The Guardian) លោក​ស្រី​ត្រូវ​បាន​ដាក់​ឃុំ​នៅ​ក្នុង​ផ្ទះ។

សារ​ព័ត៌​មាន​របស់​រដ្ឋ​ផ្សាយព័ត៌​មាន​ស្ដី​ពី​ការ​ផ្លាស់​ប្ដូរ​ទី​កន្លែង​ឃុំ​ខ្លួន​នេះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នេះ​ថែម​ទាំង​បង្ហាញ​រូប​ថត​លោកស្រី​ស៊ូជី​អង្គុយ​ក្បែរ​បុគ្គលិក​ម្នាក់​។ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ឱ្យ​ច្បាស់​ថា​តើ​រូប​នោះ​ថត​នៅ​ពេល​ណា និង​ថត​នៅ​ទី​កន្លែង​ណា​ទេ​។ លោក​ស្រី​ស៊ូ​ជី​ស្ថិត​ក្រោម​ការ​ឃុំ​ឃាំង​របស់​ក្រុម​យោធា​ចាប់​តាំង​ពី​មាន​រដ្ឋ​ប្រហារ​ខែ​កុម្ភៈ ឆ្នាំ​២០២១​។ លោក​ស្រី​ត្រូវ​តុលាការ​ផ្ដន្ទា​ទោស​ពី​បទ​ពុក​រលួយ និង​បទ​ចោទ​ជា​ច្រើន​ករណី​ទៀត​។

ក្រុម​បស្ចិម​ប្រទេស​ និង​អង្គ​ការ​សហ​ប្រជា​ជាតិ​អំពាវ​នាវ​ជា​បន្ត​បន្ទាប់​ឱ្យ​ក្រុម​យោធា​ដោះ​លែង​លោកស្រី​ស៊ូជី​ដែល​មាន​អាយុ​កាន់​តែ​ចាស់​ជរា​ណាស់​ទៅ​ហើយ​រហូត​ដល់​៨០​ឆ្នាំ​ ហើយ​សុខ​ភាព​ក៏​មិន​សូវ​មាំ​ទាំ​ទៅ​ទៀត​។ ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​អ្នក​តំណាង​រាស្ត្រ​ជា​បី​ដំណាក់​កាល​ រដ្ឋាភិបាល​ស៊ីវិល​បាន​បង្កើត​ឡើង​កាល​ពី​ខែ​មេសា​​។ ក្រុម​​យោធា​អះ​អាង​ថា​ការ​បោះ​ឆ្នោត​នេះ​ជា​ការ​ធ្វើ​អន្តរ​កាល​ ឬ​ការ​បម្លែង​ខ្លួន​ពី​របប​ដឹក​នាំ​ដោយ​យោធា​មក​ជា​ស៊ីវិល​វិញ​ម្ដង។​

ក្រុម​អ្នក​សង្កេត​ការណ៍​អះ​អាង​ថា​រដ្ឋាភិបាល​ថ្មីចង់​បង្ហាញ​ថា​ខ្លួន​កំពុង​ជ្រើស​រើស​វិធី​ដឹក​នាំ​បែប​បត់​បែន​ទៅ​តាម​កាលៈ​ទេសៈ​ដូច​ដែល​ពួក​គេ​កំពុង​បង្ហាញ​ថា​ជួយ​សម្រួល​ឱ្យ​លោក​ស្រី​ស៊ូជី​ជាប់​ឃុំ​បាន​ប្រសើរ​ជាង​មុន​។ កូន​ប្រុស​ទី​២​របស់​លោក​ស្រី​ស៊ូជី​ លោក​គីម​អារីស (Kim Aris) ដែល​កំពុង​រស់​នៅ​ចក្រ​ភព​អង់​គ្លេស​ បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ក្រោយ​ការ​ប្រកាស​របស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​នោះ​។

លោក​អារីស​ថ្លែង​ថា​ការ​ផ្លាស់​ប្ដូរ​ទី​កន្លែង​ជាប់​ឃុំ​របស់​ម្ដាយ​លោក​ពី​ពន្ធ​នា​គារ​ទៅ​ទី​កន្លែង​សម្ងាត់​នោះ​មិន​មែន​មានន័យ​ថា​ជា​ការ​ទទួល​បាន​សិទ្ធិ​សេរី​ភាព​នោះ​ឡើយ​។ លោក​ថ្លែង​បន្ត​ទៀត​ថា​ម្ដាយ​របស់​លោក​នៅ​តែ​ជា​ចំណាប់​ខ្មាំង​របស់​គេ​ដដែល​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោកស្រី​ត្រូវ​បាន​កាត់​ផ្ដាច់​ទាំង​ស្រុង​ពី​ពិភព​ខាង​ក្រៅ​ និង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​យ៉ាង​តឹង​រ៉ឹង​បំផុត​ក្រោម​ដៃ​មនុស្ស​ដែល​បន្ត​គ្រប់​គ្រង​លោកស្រី​ទាំង​ខុស​ច្បាប់​៕ ប្រភព៖ NHK និង​ប្រភព​ដទៃ​ទៀត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ