ខេត្តព្រះសីហនុ ៖ មាសពណ៌ខៀវនៅលើដី អាស្រ័យលើកម្លាំងញើសឈាមយើង។ បន្តដាំដុះឱ្យពេញផ្ទៃដី បង្កើនទិន្នផលឱ្យអស់លទ្ធភាព ដើម្បីពង្រឹងសេដ្ឋកិច្ចគ្រួសារ-ជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យបានកាន់តែច្រើន។
នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ លោក អុី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ បានអញ្ជើញចុះពិនិត្យស្ថានភាពផលិតកម្មកសិកម្ម ក្នុងឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ការចុះពិនិត្យនេះ ផ្តោតលើទិន្នផលចំការទុរេន ចំការ វ៉ាន់ នីឡា និងដំណាំផ្សេងៗនៅក្នុងចំការ កំពង់ទទួលផល ហើយបាននិងកំពង់ប្រមូលផលលក់ចេញទៅតាមទីផ្សារ។
ក្នុងឱកាសនោះ លោកអភិបាលបានសង្កេតឃើញថា ទិន្នផលភាគច្រើនមានគុណភាពល្អ អាចផ្គត់ផ្គង់តម្រូវការទីផ្សារបានល្អប្រសើរ ហើយកសិករមានការខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍបច្ចេកទេសដាំដុះ និងថែទាំដំណាំ។ ជាមួយគ្នានេះ លោកបានលើកទឹកចិត្តឱ្យកសិករបន្តអភិវឌ្ឍន៍គុណភាពផលិតផល កែលម្អវិធីសាស្ត្រផលិត និងពង្រីកទីផ្សារ ដើម្បីបង្កើនចំណូលគ្រួសារ។ ពិសេស លោកក៏បានលើកទឹកចិត្តឱ្យប្រជាកសិករ ដែលមានដីទំនេ ប្រើប្រាស់ដីឲ្យមានប្រសិទ្ធភាព ដោយដាំដំណាំបន្ថែមសមស្របតាមរដូវ និងតម្រូវការទីផ្សារ។
ជាសារសំខាន់ លោកអភិបាលស្រុកក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធ បន្តសហការគាំទ្រកម្មវិធីអភិវឌ្ឍកសិកម្ម ជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ និងបង្កើនប្រសិទ្ធភាពផលិតកម្ម ឲ្យមាននិរន្តរភាព ៕








ចែករំលែកព័តមាននេះ