ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖​ «ថៃ​បាន​នឹង​កំពុង​ព្យាយាម​ឈាន​ដល់​ការ​លុប​ចោល MoU ស្តី​ពី​តំបន់​ដែនសមុទ្រ​ត្រួត​គ្នា​ដែល​ចុះហត្ថលេខា​រវាង​កម្ពុជា និង​ថៃ វា​ផ្ទុយ​ស្រឡះ​ពី​អ្វី​ដែល​ភាគី​ថៃ ទាមទារ​ចង់បាន​ទ្វេភាគី​ជាមួយ​កម្ពុជា»

13 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន​ប្រធាន​ព្រឹទ្ធសភា​បាន​លើក​ឡើង​ថា ថៃ​បាន​នឹង​កំពុង​ព្យាយាម​ឈាន​ដល់​ការ​លុប​ចោល MoU ស្តី​ពី​តំបន់​ដែនសមុទ្រ​ត្រួត​គ្នា​ដែល​ចុះហត្ថលេខា​រវាង​កម្ពុជា និង​ថៃ វា​ផ្ទុយ​ស្រឡះ​ពី​អ្វី​ដែល​ភាគី​ថៃ…

រាជធានី​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន​ប្រធាន​ព្រឹទ្ធសភា​បាន​លើក​ឡើង​ថា ថៃ​បាន​នឹង​កំពុង​ព្យាយាម​ឈាន​ដល់​ការ​លុប​ចោល MoU ស្តី​ពី​តំបន់​ដែនសមុទ្រ​ត្រួត​គ្នា​ដែល​ចុះហត្ថលេខា​រវាង​កម្ពុជា និង​ថៃ វា​ផ្ទុយ​ស្រឡះ​ពី​អ្វី​ដែល​ភាគី​ថៃ ទាមទារ​ចង់បាន​ទ្វេភាគី​ជាមួយ​កម្ពុជា ។

សម្តេច​តេ​ជោ បាន​សរសេ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២៦ ថា​កន្លង​ទៅ​មាន បណ្ឌិត អ្នកវិភាគ និង​អ្នក​ស្រាវជ្រាវ​ថៃ​ជា​ច្រើន​រូប តែងតែ​លើក​មក​វិភាគ​ពាក់ព័ន្ធ MoU តំបន់​ដែន​ស​មុ ទ្រ​ត្រួត​គ្នា​រវាង​កម្ពុជា ជាមួយ​ថៃ ដែល​ការ​វិភាគ​ទាំងនោះ​មាន​នំ​នោ​មិន​ចង់​ឲ្យ​លុប​ដែល​ខ្ញុំ​សូម​សំដែង​នូវ​ការ​គោរព​ចំពោះ​យោបល់​ទាំងនោះ​។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា​ថ្ងៃនេះ​ខ្ញុំ​សូម​បង្ហោះ​នូវ​អត្ថបទ​ទាំងស្រុង (​បកប្រែ​ក្រៅផ្លូវការ​) របស់ លោក​បណ្ឌិត Surachart Bamrungsuk អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ និង​សន្តិសុខ​របស់​ប្រទេស​ថៃ​។ ខ្ញុំ​សូម​អធ្យាស្រ័យ​ពី លោក​បណ្ឌិត Surachart Bamrungsuk ដែល​យក​អត្ត​បទ​របស់​លោក​មក​បង្ហោះ ដើម្បី​ឲ្យ​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ យល់​កាន់តែ​ច្បាស់​លើ​រឿង MoU នេះ​។

សម្តេច​តេ​ជោ​បាន​បន្ថែម​ថា​ថៃ​បាន​នឹង​កំពុង​ព្យាយាម​ឈាន​ដល់​ការ​លុប​ចោល MoU ស្តី​ពី​តំបន់​ដែនសមុទ្រ​ត្រួត​គ្នា​ដែល​ចុះហត្ថលេខា​រវាង​កម្ពុជា និង​ថៃ វា​ផ្ទុយ​ស្រឡះ​ពី​អ្វី​ដែល​ភាគី​ថៃ ទាមទារ​ចង់បាន​ទ្វេភាគី​ជាមួយ​កម្ពុជា តើ​ថៃ​កំពុង​ចង់​ធ្វើ​អន្តរ​ជាតូបនីយកម្ម​លើ​តំបន់​ព្រំដែន​សមុទ្រ​ត្រួតស៊ីគ្នា​ជាមួយ​កម្ពុជា​មែន​ទេ?

ខាងក្រោម​អត្ថបទ​ទាំងស្រុង​របស់ លោក​បណ្ឌិត Surachart Bamrungsuk (​បកប្រែ​ក្រៅផ្លូវការ​ជា​ភាសា​ខ្មែរ​)៖

ខ្លឹមសារ​នៃ​អត្ថបទ​វិភាគ​របស់​លោក​បណ្ឌិត Surachart Bamrungsuk អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ និង​សន្តិសុខ ដែល​មាន​ចំណងជើង​ថា «​សូម​ឱ្យ​យើង​សប្បាយចិត្ត​-​លុប​ចោល MoU 44!» ដែល​បាន​ចុះ​ផ្សាយ​នៅ​លើ​ផេ​ក «Matichon Weekly» នៅ​ថ្ងៃ​ទី​៣០/០៤/២០២៦:​។

អត្ថបទ​នេះ​សុំ​អនុញ្ញាត​ខ្ចី​ចំណងជើង​បទ​ចម្រៀង​របស់​វង់​តន្ត្រី Suntaraporn ដែល​មានឈ្មោះ​ថា «​សូម​ឱ្យ​យើង​សប្បាយចិត្ត​» មក​ធ្វើ​ជា​ចំណងជើង​អត្ថបទ ព្រោះ​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល លោកនាយក​រដ្ឋមន្ត្រី Anutin Charnvirakul ក្នុង​ការ​លុប​ចោល «MoU 44» ឬ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដី​ពី​«​ការ​ទាមទារ សិទ្ធិ​លើ​តំបន់​ដែនសមុទ្រ​ត្រួតស៊ីគ្នា​» ចុះ​ថ្ងៃ​ទី​18 ខែមិថុនា ឆ្នាំ​2001 នោះ គឺ​ប្រៀប​ដូច​ជា​ការ​បង្កើត​ក្ដី​សុខ​ដល់​មនុស្ស​ក្នុង​សង្គម​ថៃ តាម​ជំនឿ​របស់​ក្រុម​នយោបាយ​មួយ​ក្រុម​ដែល​មាន​ទស្សនៈ​ជាតិនិយម​ខ្លាំង​។

ប៉ុន្តែ​បន្ទាប់​ពី​លុប​ចោល​ហើយ តើ​សង្គម​ថៃ​នឹង «​សប្បាយចិត្ត​» ពិតប្រាកដ​ឬ​យ៉ាងណា​នោះ វា​ជា​ចំណុច​ដែល​ត្រូវ​លើកយក​មក​ធ្វើ​ជា​ចំណុច​សម្រាប់​ពិចារណា​។

ការ​សង្កេត និង​បញ្ហា​បន្តបន្ទាប់​ក្រោយ​ការ​លុប​ចោល MoU 44 មាន​ចំណុច​សង្កេត​ដូច​ខាងក្រោម​៖
អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ថៃ​-​កម្ពុជា ឬ MoU2544 នេះ ធ្លាប់​ត្រូវ​បាន​លុប​ចោល​ម្ដង​រួច​មក​ហើយ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០០៩ ក្នុង​សម័យ​រដ្ឋាភិបាល លោកនាយក​រដ្ឋមន្ត្រី Abhisit Vejjajiva ហើយ​រដ្ឋាភិបាល​នា​ពេល​នោះ​បាន​លុប​ចោល​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ការ​បរទេស Kasit Piromya​។

ការ​ប្រកាស​លុប​ចោល​នា​ពេល​នោះ មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​ឡើយ ព្រោះ​មិន​បាន​ជូនដំណឹង​ជា​ផ្លូវការ ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា និង​មិន​បាន​នាំ​យក​បញ្ហា​នេះ ចូល​ក្នុង​ដំណើរការ​សភា​ដើម្បី​លុប​ចោល​សន្ធិសញ្ញា​ទើប​ចាត់​ទុក​ថា គ្មាន​ប្រសិទ្ធភាព​ពេញលេញ​។

ការ​លុប​ចោល​អនុស្សរណៈ​នៃ​ការ​យោគយល់​នេះ ត្រូវ​តែ​អនុវត្ត​តាម​វិធីសាស្ត្រ​នៃ​ការ​លុប​ចោល​កិច្ចសន្យា ដែល​បាន​កំណត់​ក្នុង​អនុសញ្ញា​ក្រុង​វី​យែ​ន ឆ្នាំ​១៩៦៩ មិនមែន​គ្រាន់តែ​ប្រកាស​ហើយ​ចាត់​ទុក​ថា​បញ្ចប់ និង​លុប​ចោល​បាន​ភ្លាម​ៗ​នោះ​ទេ​។

ការ​ប្រកាស​លុប​ចោល​ក្នុង​ឆ្នាំ​២០០៩ គឺជា​លទ្ធផល​ដែល​បណ្តាល​មក​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​តែងតាំង​លោក Thaksin Shinawatra ជាទី​ប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច រួម​ផ្សំ​នឹង​ទំនាក់ទំនង​ថៃ​-​កម្ពុ​ជានា​ពេល​នោះ​មាន​បញ្ហា​ដោយសារ​ករណី​ប្រាសាទព្រះវិហារ​ផង​ដែរ ទើប​គេ​ប្រើ​ការ​លុប​ចោល MoU ជា​សញ្ញា​នៃ​ការ​តវ៉ា​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​។

ការ​ប្រកាស លុប​ចោល​របស់​ភាគី​ថៃ​នា​ពេល​នោះ ក្រសួងការបរទេស​បាន​ប្រើ​លេស​ថា ការ​ចរចា​ក្រោម​អនុស្សរណៈ​នេះ​មិន​មាន​វឌ្ឍនភាព ហើយ​លេស «​មិន​មាន​វឌ្ឍនភាព​» ត្រូវ​បាន​យក​មក​ប្រើ​ម្ដងទៀត​ក្នុង​ឆ្នាំ​២០២៦ ដែល​មិន​ខុស​ពី​មុន​ឡើយ ដែល​នាំ​ឱ្យ​មាន​សំណួរ​ថា តើ​ចំណុច​នេះ​ជា​ការ​ពិត​កម្រិត​ណា?

នៅ​ពេល​ដែល​រដ្ឋាភិបាល​លោក ស្រី Yingluck Shinawatra មិន​បាន​បន្ត​ដំណើរការ​លុប​ចោល​ដើម្បី​ធ្វើ​ឱ្យ​វា​កើត​ឡើងជា​ផ្លូវការ MoU ច្បាប់​នេះ​នៅ​តែ​មាន​សុពលភាព​ជា​ធម្មតា​រហូត​មក​ដល់​បច្ចុប្បន្ន​។ ប៉ុន្តែ​ឥឡូវនេះ​ក៏​ត្រូវ​ប្រឈម​នឹង​ការ​លុប​ចោល​ម្ដងទៀត​។

ការ​សម្រេចចិត្ត​លុប​ចោល MoU 44 ក្នុង​ស្ថានភាព បច្ចុប្បន្ន​អាច​បកស្រាយ​បាន​ថា ជា​លទ្ធផល​ពី​បញ្ហា​សង្គ្រាម​ថៃ​-​កម្ពុជា ដែល​បាន​កើតឡើង​២​លើក​ក្នុង​ឆ្នាំ​២០២៥ និង​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ផ្សារ​ភ្ជាប់​យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​ចរន្ត​ជាតិនិយម​របស់​មេដឹកនាំ​រដ្ឋាភិបាល​ថៃ​។

បញ្ហា​សង្គ្រាម​ថៃ​-​កម្ពុជា មាន​ចំណែក​ដោយ​ផ្ទាល់​ក្នុង​ការ​បង្កើត «​ចរន្ត​ជាតិនិយម​ថៃ ហើយ​ត្រូវ​បាន​ក្រុម​នយោបាយ​មួយ​ក្រុម​ដែល​មាន​ទស្សនៈ​ជាតិនិយម​ខ្លាំង ដែល​ធ្លាប់​ធ្វើ​ការងារ​យ៉ាង​សកម្ម​នៅ​ក្នុង​បញ្ហា​ប្រាសាទព្រះវិហារ​កាលពី​ឆ្នាំ​២០០៨ លើកយក​មក​បង្កើត​ជា​ចរន្ត​បែប​នេះ​ឡើង​វិញ​ម្តងទៀត ដែល​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន ក្នុង​សង្គម​ថៃ​បច្ចុប្បន្ន​ចាប់ផ្តើម​ចាប់អារម្មណ៍​នឹង​ចរន្ត​នេះ​ជា​ថ្មី ហើយ​ក៏​ជា​ចំណែក​មួយ​ដែល​បាន​រួមចំណែក​ដល់​ជ័យជម្នះ​របស់​គណបក្ស Bhumjaithai ទើប​អាច​ធ្វើ​ឱ្យ​មេដឹកនាំ​រដ្ឋាភិបាល នៅ​ពេល​នេះ​នៅ​តែ​ប្រកាន់ខ្ជាប់​ទៅ​នឹង​ចរន្ត​នេះ និង​សង្ឃឹមថា​អាច​នឹង​យក​សំឡេង​គាំទ្រ​បាន​ពី​ចរន្ត​នេះ​បន្ត​ទៀត​។

មិន​ច្បាស់​ថា ការ​លុប​ចោល MoU នេះ មាន​កត្តា​ផ្សេង​ទៀត​ដែរ​ឬទេ ក្រៅពី​ការ​បង្ហាញ​រូបភាព​ជា «​នាយក​រដ្ឋមន្ត្រី​ជាតិនិយម​» ដើម្បី​ផ្គាប់ចិត្ត​ក្រុម​ជាតិនិយម និង​បណ្តា​ក្រុម ជ្រុលនិយម ព្រោះ​ខ្ញុំ​មិនឃើញ​មាន​បញ្ហា​ជ្រៀតជ្រែក​ផ្សេង​ទៀត ខុស​ពី​បញ្ហា​ដែល​បាន​កើតឡើង​កាលពី​ឆ្នាំ​២០០៩ ដែល​រដ្ឋាភិបាល​ថៃ​មិន​ពេញចិត្ត​នឹង​ការ តែងតាំង​ទីប្រឹក្សា​របស់​រដ្ឋាភិបាល​កម្ពុជា​ឡើយ​។

ការ​លុប​ចោល​អនុស្សរណៈ ដោយ​លើក​ហេតុផល​ដើម្បី​បើកឱកាស​ឱ្យ​ថៃ និង​កម្ពុជា​ប្រើប្រាស់​ច្បាប់​សមុទ្រ (UNCLOS, 1982) វា​ហាក់ដូចជា​រឿង «​គួរ​ឱ្យ​អស់សំណើច​» ព្រោះ MoU 44 ផ្អែក​លើ​ច្បាប់​សមុទ្រ​ស្រាប់​ទៅ​ហើយ គណៈកម្មការ​រៀបចំ​ដើម​មិនមែន​ជា​អ្នក​ដែល​គ្មាន​ចំណេះដឹង​រឿង​ច្បាប់​សមុទ្រ និង​ធ្វើ​អ្វី​ដែល​រំលោភ​លើ​គោលការណ៍​ច្បាប់​សមុទ្រ​នោះ​ទេ​។

ការ​លុប​ចោល​នឹង​ត្រូវធ្វើ​ឱ្យ​គ្រប់​គ្នា​ត្រូវ​ត្រឡប់​មក​បង្កើត​ក្របខ័ណ្ឌ​ចរចា​ថ្មី​ក្នុង​លក្ខណៈ​នៃ «​ក្របខ័ណ្ឌ​ចរចា​បណ្ដោះអាសន្ន​» (Provisional Arrangement) ដែល​មិន​ខុស​ពី​ការ​ធ្វើ​អនុស្សរណៈ​យោគយល់​គ្នា​ដដែល​នេះ​ទេ ប៉ុន្តែ​តើ​នឹង​ធ្វើ​ឱ្យ​សម្រេច​បាន​ដោយ​របៀប​ណា?

ត្រូវ​ដឹង​ថា MoU 44 ជា​យន្តការ​ក្នុង​ការ​ចរចា មិនមែន​ជា​សន្ធិសញ្ញា​អន្តរជាតិ​ក្នុង​ការ​បែងចែក​ផលប្រយោជន៍​ពី​ប្រេង និង​ហ្គា​ស​ធម្មជាតិ​ក្នុង​ឈូង​សមុទ្រ​ថៃ​ឡើយ ការ​លុប​ចោល​គឺជា​ការ​លុប​យន្តការ ឬ​ក្របខ័ណ្ឌ​ក្នុង​ការ​ចរចា និង​លុប​ចោល​គណៈកម្មការ​ដែល​កំពុង​ចរចា​។

ត្រូវ​យល់​ថា ការ​ចរចា​ក្រោម​ក្របខ័ណ្ឌ​អនុស្សរណៈ​នេះ​នឹង​មិន​ប៉ះពាល់​ដល់​សិទ្ធិ​ទាមទារ​ដែនសមុទ្រ​របស់​ភាគី​ថៃ​ដែល​មាន​តាំងពី​ដើម ហើយ MoU ក៏​មិន​បាន​បង្កើត​ការ​ខូចខាត ដល់​ការ​ទាមទារ សិទ្ធិ​ដែនសមុទ្រ​របស់​ថៃ ដូចដែល​ការ​ឃោសនា​បំផ្លើស​របស់​ក្រុម​ជាតិនិយម​ជ្រុល​នោះ​ទេ​។

រដ្ឋមន្ត្រី​ការ​បរទេស លោក Sihasak Phuangketkeow និង​បណ្ដា​មន្ត្រីរាជការ​ក្នុង នាយកដ្ឋាន​សន្ធិសញ្ញា​និង​ច្បាប់​ទាំង​កម្រិត​អគ្គនាយក និង អនុប្រធាន អគ្គនាយក​ទាំង​២​រូប គួរតែ​ដឹង​ច្បាស់​ពី ប្រយោជន៍​របស់ MoU 44 ព្រោះ​យ៉ាង​ហោច​ណាស់ លោក​ទាំង ៤​នាក់​នេះ​សុទ្ធតែ​ធ្លាប់​ធ្វើការ​ក្រោម​រដ្ឋមន្ត្រី​ការ​បរទេស Surakiart Sathirathai ហើយ​ពួក​គេ​មិន​ដែល​បាន​បង្ហាញ​ជំហរ​ជំទាស់​នឹង MoU នេះ​ឡើយ (​ជា​ពិសេស​លោក Sihasak Phuangketkeow ដែល​ជា​អតីត​លេខាធិការ អចិន្ត្រៃយ៍​ក្រសួងការបរទេស ដែល​គួរតែ​ដឹង​រឿង​នេះ​ច្បាស់ ហើយ​លោក​ក៏​មិន​ធ្លាប់​មាន​ជំហរ​ជំទាស់​នឹង MoU ពី​មុន​មក​ឡើយ​)​។

ខ្ញុំ​ចង់​ឃើញ​ភាព​ជា «​មន្ត្រីរាជការ​ដែល ស្មោះត្រង់​នឹង​វិជ្ជាជីវៈ​» របស់​អតីតមន្ត្រី​នៅ​ក្នុង​អង្គភាព​សំខាន់​ៗ​ដែល​ពាក់ព័ន្ធ​ទាំង​៣ ផ្នែក​ដើម្បី​ឱ្យ​ពួក​គេ​និយាយ​ការ​ពិត​ចំពោះ​បញ្ហា MoU ដែល​ពួក​គេ​នោះ​គឺ 1) នាយកដ្ឋាន សន្ធិសញ្ញា និង​ច្បាប់​អន្តរជាតិ ក្រសួងការបរទេស 2) នាយកដ្ឋាន​ផែនទី​យោធា និង 3) នាយកដ្ឋាន​ជល​សាស្ត្រ កងទ័ពជើងទឹក​ថៃ ជា​ពិសេស​គឺ​ទី​៣ តែ​ម្តង ព្រោះ​គាត់​ធ្លាប់​ជា​បុគ្គលិក​កាលពី​អតីតកាល​របស់​នាយកដ្ឋាន​ជល​សាស្ត្រ ហើយ​គាត់​ក៏​មាន​ចំណែក​យ៉ាង​សំខាន់​ក្នុង
ការ​ចូលរួម​បង្កើត​ក្របខ័ណ្ឌ​នៃ MoU 44 លើកលែងតែ​នាយ​ទាហានជើងទឹក​ដែល​មាន​អំណាច​បច្ចុប្បន្ន​។

ខ្ញុំ​យល់​ច្បាស់​ថា ការ​ជំទាស់​នេះ​ទំនងជា​មិន​អាច​ផ្លាស់​ប្តូរ​ការ​សម្រេចចិត្ត​របស់​នាយក​រដ្ឋមន្ត្រី​ក្នុង​ការ​លុប​ចោល MoU 44 បាន​ឡើយ ព្រោះ​លោក​ចាំបាច់​ត្រូវ​យកចិត្ត​ក្រុម​ជាតិនិយម​ជ្រុល និង​ដើម្បី​បង្ហាញ​ពី​ភាព​ជា «​អ្នក​ជាតិនិយម​» ឱ្យ​ប្រជាជន​ក្នុង​សង្គម​បានឃើញ​។

ទោះជា​យ៉ាងណា «​នយោបាយ​ជាតិនិយម​ជ្រុល​» អាច​ប្រើប្រាស់​បាន​ខ្លះ​តែ​ក្នុងអំឡុងពេល​យុទ្ធនាការ​បោះ​ឆ្នោត​ប៉ុណ្ណោះ ប៉ុន្តែ​ប្រសិនបើ​យក​វា​មក​ធ្វើ​ជា​កត្តា​ចម្បង​ក្នុង​ការ​កំណត់​នយោបាយ​ការ​បរទេស​របស់​ថៃ នោះ​វា​នឹង​បង្ក​ជា​បញ្ហា​លើស​ពី​ផល​ចំណេញ​។

ជា​ចុង​ក្រោយ ខ្ញុំ​ចង់​សង្កត់ធ្ងន់​ថា ការ​សម្រេចចិត្ត​របស់​នាយក​រដ្ឋមន្ត្រី បាន​ប៉ះពាល់​ដល់ «​ផលប្រយោជន៍​ជាតិ​» របស់​ថៃ​យ៉ាងធ្ងន់ធ្ងរ ព្រោះ​ការ​លុប ចោល MoU 44 គឺជា​ការ​បោះបង់​ចោល​ផលប្រយោជន៍​ដែនសមុទ្រ​របស់​ថៃ ក្នុង​ទិដ្ឋភាព​ច្បាប់​អន្តរជាតិ ដូចដែល​ការ​ចរចា​មុន​បាន​រៀបចំ​ក្របខ័ណ្ឌ​ទុក​មក​។

លើកលែងតែ​រដ្ឋាភិបាល​របស់​លោកនាយករ​រដ្ឋមន្ត្រី Anutin ជឿជាក់​ដោយ​ខ្លួនឯង​ថា លោក​អាច​បង្កើត​ក្របខ័ណ្ឌ​ចរចា​ដែនសមុទ្រ​ថ្មី​បាន​ល្អ​ជាង​ក្រុម​ចាស់ ឬ​ជឿ​ថា លោក​មាន​អ្នក​ពូកែ​ដែល​មានចំណេះ​ដឹង និង​បទ​ពិសោធន៍​ផ្នែក​ច្បាប់​សមុទ្រ​ច្រើន​ជាង​បុគ្គល​ដូច​ជា សាស្ត្រាចារ្យ បណ្ឌិត Surakiart Sathirathai និង នាយ​ឧត្តមនាវី Thanom Charoenlap តែ​ជា​អកុសល​ខ្ញុំ​មិន​ជឿ​ឡើយ ហើយ​ក៏​គ្មាន​ផ្លូវ​ជឿ​ដែរ ព្រោះ​នៅ​ពេល​បាន​ស្តាប់​អ្នក​ដែល​នៅ​ជាមួយ​រដ្ឋាភិបាល ប្រជាជន ក្រសួងការបរទេស និង​កងទ័ពជើងទឹក​ហើយ វា​រឹតតែ​ធ្វើ​ឱ្យ​ខ្ញុំ​មិន​អាច​ជឿ​ទុកចិត្ត​បាន​ទាល់តែ​សោះ​!

ខ្ញុំ​ចង់​ឃើញ​មេដឹកនាំ​រដ្ឋាភិបាល​អាន​អត្ថបទ​វិភាគ​អំពី MoU 44 ដែល​សរសេរ​ដោយ សាស្ត្រាចារ្យ បណ្ឌិត Surakiart Sathirathai ដែល​បាន​បោះពុម្ពផ្សាយ​ជា កូនសៀវភៅ​ចំនួន ២​ច្បាប់​ក្នុង​ឆ្នាំ​២០១១ និង​អត្ថបទ​វិភាគ​របស់ នាយ​ឧត្តមនាវី Thanom Charoenlap ដែល​បាន​បោះពុម្ពផ្សាយ​ជា​កូនសៀវភៅ​ក្នុង​ឆ្នាំ​២០១២ ហើយ​កូនសៀវភៅ​ទាំង​៣ ច្បាប់​នេះ ត្រូវ​បាន​បោះពុម្ពផ្សាយ​ឡើង​វិញ​ក្នុង​ឆ្នាំ​២០២៤​។ ខ្ញុំ​មិន​ចង់​ឃើញ​មេដឹកនាំ​ថៃ​ជាប់ជំពាក់​ចិត្ត ឬ​ជក់ចិត្ត​ដិតអារម្មណ៍​នឹង​ការ​បង្កើត «​វោហា​សាស្ត្រ​» របស់​ក្រុម​ជាតិនិយម​ជ្រុល ដែល​មិន​ផ្អែក​លើ​គោលការណ៍​ច្បាប់​អន្តរជាតិ​ទាល់តែ​សោះ​នោះ​ឡើយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ