ទីក្រុងឌុយបៃ៖ មន្ត្រីជាន់ខ្ពស់មួយរូបរបស់ប្រទេសអារ៉ាប់រួមថ្លែងថារដ្ឋាភិបាលអ៊ីរ៉ង់មិនគួរឱ្យជឿទុកចិត្តទាល់តែសោះបើបណ្ដោយឱ្យប្រទេសនេះគ្រប់គ្រងច្រកសមុទ្រហ័រម៉ូស។ ការថ្លែងដូច្នេះឆ្លុះបញ្ចាំងឱ្យឃើញពីការមិនអាចជឿទុកចិត្តដ៏ជ្រាលជ្រៅទៅលើភាគីណាទាំងអស់។ ម៉្យាងទៀតកិច្ចខិតខំប្រឹងប្រែងក្នុងការបញ្ចប់សង្គ្រាមក៏ឈានដល់ដំណាក់កាលទ្រឹងមួយកន្លែងផងដែរ។

សង្គ្រាមបានអូសបន្លាយរយៈពេល២ខែហើយ ហើយច្រកសមុទ្រដ៏សំខាន់ជាអាយុជីវិតសម្រាប់ការដឹកជញ្ជូនទំនិញ និងប្រេងទៅកាន់ទីផ្សារពិភពលោកក៏ត្រូវបិទជិតឈឹងទៀតដោយសារអ៊ីរ៉ង់បិទខ្ទប់ច្រកនេះ ហេតុនេះអាមេរិកលេងមួយក្បាច់ទៅវិញគឺបិទខ្ទប់ដែនសមុទ្រអ៊ីរ៉ង់មិនឱ្យកប៉ាល់បើកចេញ ឬចូលកំពង់ផែរបស់អ៊ីរ៉ង់បានឡើយ។ បទឈប់បាញ់នៅជាធរមាននៅឡើយទេចាប់តាំងពីថ្ងៃទី៨ ខែមេសា។

ប៉ុន្តែមិនមែនមានន័យថាលោកត្រាំលែងរវីរវល់នឹងការវាយប្រហារអ៊ីរ៉ង់នោះឡើយ។ គេទទួលដំណឹងថាលោកត្រាំត្រៀមស្ដាប់ការផ្ដល់របាយការណ៍សង្ខេបដើម្បីកំណត់ថាតើត្រូវប្រើចំណាត់ការបែបណាទៀតដើម្បីបង្ខំឱ្យអ៊ីរ៉ង់ចូលតុចរចា។ ដោយសារស្ថានការណ៍វិវត្តថ្មីនេះធ្វើឱ្យប្រេងឆៅតាមហាងឆេងអន្តរជាតិឡើងថ្លៃបន្ថែមទៀតដល់កម្រិតមួយដែលខ្ពស់បំផុតនៅក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។

អ៊ីរ៉ង់បានដាក់ឱ្យដំណើរការប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន និងត្រៀមចាត់វិធានការឆ្លើយតបដ៏ខ្លាំងក្លាប្រសិនបើអាមេរិកវាយប្រហារជាថ្មីម្ដងទៀត។ អ៊ីរ៉ង់វាយតម្លៃបើអាមេរិកវាយប្រហារលើកនេះគឺវាយប្រើរយៈពេលខ្លី ប៉ុន្តែមានសភាពខ្លាំងក្លារបៀបជាសង្គ្រាមផ្លេកបន្ទោរ វាយសង្គ្រប់យកស្លាប់-រស់តែម្ដង។ អាមេរិកអាចទុកឱ្យអ៊ីស្រាអែលវាយប្រហារមុន។ រួចហើយខ្លួនចាប់ផ្ដើមវាយតាមក្រោយ។ នេះបើយោងតាមប្រភពពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអ៊ីរ៉ង់២នាក់បង្ហើបប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ប្រភព៖ រ៉យទ័រ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ