ខេត្តកោះកុង ៖ គ្រួសារកងទ័ពជួរមុខ រួមនឹងគ្រួសារពលរដ្ឋក្រីក្រសរុបប្រមាណ ៤០គ្រួសារ បាននឹងកំពុងប្រកបរបរលក់ចំណីអាហារ និងភេសជ្ជៈផ្សេងៗក្នុងរោង ឬខ្ទមតូចៗនៅក្បែរគល់ស្ពានដំណាក់ក្បូន ស្ថិតក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានក្រុមមន្ត្រីបរិស្ថានខេត្ត សហការជាមួយកំលាំងកងរាជអាវុធហត្ថប្រដាប់ដោយអាវុធជាច្រើននាក់ បានចុះទៅធ្វើការរុះរើ និងរុញផ្តួលតូប និងខ្ទមលក់ដូររបស់ពួកគាត់ចោល និងចាប់ដកទូរស័ព្ទដៃ ចាប់អូសដៃក្រៀកពលរដ្ឋមិនអោយចូលទៅជិត ។ សកម្មភាពនេះបានកើតឡើងចាប់ពីម៉ោង ៨ព្រឹកថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៦ នេះតទៅ មិនទាន់ដឹងពេលណាចប់នោះទេ ។
លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង បានបញ្ជាក់ថា ករណីរុះរើនេះដោយយោងតាមស្មារតីអង្គប្រជុំរវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្ត កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៦ ដោយកំណត់ថាទីតាំងខាងលើជាតំបន់អភិរក្សជួរភ្នំក្រវាញ និងមិនអាចអោយពលរដ្ឋរស់នៅបានឡើយ ។ លោកអភិបាលរងខេត្ត បានបញ្ជាក់ទៀតថា នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៦ រដ្ឋបាលខេត្តក៏បានកោះហៅពួកគាត់ជាលើកចុងក្រោយ អោយពួកគាត់ធ្វើការរុះរើដោយស្ម័គ្រចិត្ត តែមិនឃើញមានរុះរើឡើយ ។
ស្ត្រីចំណាស់ម្នាក់ជាយោធិនចូលនិវត្តន៍ ដែលមានប្តី និងកូនប្រុស ២នាក់ទៀត កំពុងបំពេញកាតព្វកិច្ចកងទ័ពជួរមុខនៅឡើយរួម និងពលរដ្ឋជាច្រើគ្រួសារទៀតបានលើកឡើងថា ពួកគាត់បានមកអាស្រ័យផលនៅទីនេះអស់រយៈពេល ២ឆ្នាំមកហើយ ប៉ុន្តែពួកគាត់មិនបានបំផ្លាញ ឬក៏ធ្វើសកម្មភាពអ្វីបណ្តាលអោយប៉ះពាល់ដល់ធនធានធម្មជាតិនៅតំបន់នោះឡើយ ។ ប៉ុន្តែអាជ្ញាធរមិនត្រឹមតែមិនបានលើកទឹកចិត្តដល់គ្រួសារកងទ័ពជួរមុខ និងពលរដ្ឋក្រីក្រដែលរស់តាមមាត់ជ្រោះជ្រលងដងអូរប៉ុណ្ណោះទេ បែរជារួមសហការអោយមន្ត្រីបរិស្ថានគំរាមកំហែង សំឡុត រុះរើ វាយកំទេចខ្ទមលក់ដូររបស់ពួកគាត់ទៅវិញ ។
ប្រជាពលរដ្ឋ និងគ្រួសារកងទ័ពជួរមុខទាំងអស់បានសំណូមពរដល់សម្តេចពុក និងសម្តេចបវរធិបតីមេត្តាជួយអន្តរាគមន៍ ទៅដល់ក្រសួងបរិស្ថាន សុំមេត្តាអនុគ្រោះអោយពួកគាត់បានបន្តរស់នៅលើមុខរបរ តាមមាត់ព្រែកតទៅទៀតផងចុះ ពួកគាត់មិនបានបំផ្លាញ ឬធ្វើអោយធម្មជាតិនៅតំបន់នោះអន្តរាយឡើយ ៕
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព






ចែករំលែកព័តមាននេះ