ទីក្រុងញូវយ៉ក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចេញមុខព្រមានយ៉ាងធ្ងន់ៗកាលពីថ្ងៃព្រហស្បតិ៍អំពីផលវិបាកដ៏ធ្ងន់ធ្រដែលបណ្ដាលមកពីការរអាក់រអួលអូសបន្លាយក្នុងច្រកសមុទ្រ Hormuz។ លោកបានបញ្ជាក់ថា ប្រសិនបើសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយនេះនៅតែត្រូវបានបិទខ្ទប់ ពិភពលោកនឹងត្រូវប្រឈមមុខនឹងមហន្តរាយដែលមិនអាចត្រឡប់ក្រោយវិញបាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី១ ខែឧសភានេះ។
លោក Guterres បានលើកឡើងពីសេណារីយ៉ូដែលគួរឱ្យបារម្ភបំផុតថា ប្រសិនបើច្រកសមុទ្រនេះនៅតែបន្តបិទរហូតដល់ដាច់ឆ្នាំ ២០២៦ អតិផរណាសកលនឹងហក់ឡើងខ្ពស់ជាង ៦% ហើយកំណើនសេដ្ឋកិច្ចនឹងធ្លាក់ចុះមកនៅត្រឹមតែ ២% ប៉ុណ្ណោះ ដែលវានឹងបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចពិភពលោកដ៏ធ្ងន់ធ្ងរ។
ទោះបីជាស្ថិតក្នុងករណីដែលការរំខានអូសបន្លាយត្រឹមពាក់កណ្តាលឆ្នាំក៏ដោយ ក៏ពិភពលោកត្រូវរងផលប៉ះពាល់យ៉ាងខ្លាំង ដោយកំណើនសេដ្ឋកិច្ចនឹងធ្លាក់ចុះមកនៅ ២,៥% ខណៈមនុស្សប្រមាណ ៣២ លាននាក់បន្ថែមទៀតនឹងត្រូវរុញច្រានឱ្យធ្លាក់ក្នុងភាពក្រីក្រ និង ៤៥ លាននាក់ទៀតនឹងត្រូវប្រឈមមុខនឹងការដាច់ស្បៀងអាហារកម្រិតធ្ងន់។ លោកបានសង្កត់ធ្ងន់ថា បើទោះជាបទឈប់បាញ់រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់កំពុងមានដំណើរការយ៉ាងផុយស្រួយក៏ដោយ ក៏ផលវិបាកកាន់តែអាក្រក់ទៅៗរៀងរាល់ម៉ោងសម្រាប់មនុស្សជាតិ។
ជាមួយគ្នានេះ ប្រមុខអង្គការសហប្រជាជាតិរូបនេះ បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់បើកច្រកសមុទ្រ Hormuz ឡើងវិញជាបន្ទាន់ ដើម្បីឱ្យនាវាទាំងអស់អាចឆ្លងកាត់ដោយសុវត្ថិភាព និងអនុញ្ញាតឱ្យសេដ្ឋកិច្ចពិភពលោកអាចដកដង្ហើមបានឡើងវិញ។ លោកបានបញ្ជាក់ថា ពិភពលោកកំពុងរង់ចាំដំណោះស្រាយ និងការបើកផ្លូវឆ្ពោះទៅរកសន្តិភាពតាមរយៈការសន្ទនា៕
ចែករំលែកព័តមាននេះ