សង្គ្រាមអ៉ីរ៉ង់ ៖ ទាំងអាមេរិកទាំងអ៉ីរ៉ង់ កាលពីថ្ងៃទី៨ មេសា សុទ្ធតែអះអាងពីជ័យជម្នះរៀងៗខ្លួន បន្ទាប់ពីការព្រមព្រៀងគ្នាឈប់បាញ់២សបា្ដហ៍ ជាថ្នូរនឹងការបើកច្រកសមុទ្រហ័រមូស ជាបទឈប់បាញ់់ដែលអ៉ីស្រាអែលនិយាយថា គាំទ្រតែដោយអះអាងថា នឹងមិនអនុវត្តនៅលីបង់ឡើយ។

ក្រោយប្រកាសពីបទឈប់បាញ់គ្នានោះ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំអះអាងថា នេះជាជ័យជម្នះទាំងស្រុង និងពេញលេញ១០០%ដែលមិនមានការសង្ស័យណាមួយឡើយ ។ លោកបន្តថា បញ្ហាអ៊ុយរ៉ានីញ៉ូមអ៉ីរ៉ង់នឹងពិតជាអាចដោះស្រាយបានដោយត្រឹមត្រូវបំផុត តែលោកមិនចង់និយាយថា តើលោកនឹងដកការគំរាមកំហែងពីដំបូងរបស់លោកកម្ទេចបណ្ដាមជ្ឈមណ្ឌលអគ្គិសនីនិងស្ពានអ៉ីរ៉ង់ប្រសិនបើកិច្ចព្រមព្រៀងនោះបរាជ័យឡើយ។
តាមលោកត្រាំថា ចិនជាអ្នកដែលអាចជម្រុញឲ្យអ៉ីរ៉ង់ វិលមករកតុចរចាឲ្យមានបទឈប់បាញ់គ្នានេះ។ ចំណែកក្រុងតេហេរ៉ង់វិញក៏លើកឡើងដែរថា អ៉ីរ៉ង់ដណ្ដើមបានជ័យជម្នះដ៏ធំធេងមួយ។ ក្រុមប្រឹក្សាជាន់ខ្ពស់នៃសន្តិសុខជាតិអ៉ីរ៉ង់វាយតម្លៃថា សត្រូវទទួលបរាជ័យដ៏អាម៉ាស់ និងជាប្រវត្តិសាស្ត្រ ។
លោកត្រាំក៏បានលើកឡើងផងដែរ ពីការពិភាក្សាដែលមានការរីកចម្រើនទៅមុខខ្លាំង ឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពរយៈពេលយូរអង្វែងមួយជាមួយអ៉ីរ៉ង់។ រួចអ៉ីរ៉ង់បានបញ្ជូនសំណើមាន១០ចំណុច ដែលជាមូលដ្ឋានរឹងមាំសម្រាប់ការចរចា ។ សេតវិមានបន្ទាប់មកបញ្ជាក់ថា គ្រោងចរចាដោយផ្ទាល់ជាមួយអ៉ីរ់ង់។ ការប្រកាសពីបទឈប់បាញ់គ្នានោះធ្វើឡើងតែ១ម៉ោងមុនផុតកំណត់ឱសាទវាទចុងក្រោយរបស់លោកដូណាល់ត្រាំ ដែលគំរាមកម្ទេចអរិយធម៌អ៉ីរ៉ង់ទាំងអស់មិនឲ្យសេសសល់ ប្រសិនបើអ៉ីរ៉ង់មិនព្រមបើកច្រកសមុទ្រហ័រមូស ។
ក្នុងសំណើ១០ចំណុចរបស់ខ្លួនអ៉ីរ៉ង់សើ្នឲ្យកងទ័ពខ្លួនបន្តត្រួតពិនិត្យប្រចាំថ្ងៃបណ្ដានាវាឆ្លងកាត់ច្រកសមុទ្រហ័រមូស អំឡុងពេលនៃបទឈប់បាញ់គ្នា។ អ៉ីរ់ង់ក៏ទាមទារឲ្យលុបចោលបណ្ដាទណ្ឌកម្មប្រឆាំងខ្លួន ។ តាមបណ្ដាសារព័ត៌មានអ៉ីរ់ង់ថា ផែនការរបស់ក្រុងតេហេរ៉ង់ក៏គ្រោងផងដែរ ឲ្យក្រុងវ៉ាស៊ីនតោនព្រមឲ្យអ៉ីរ់ង់បន្តចម្រាញ់អ៊ុយរ៉ានីញ៉ូម ។ ក្នុងសេចក្ដីប្រកាសរបស់ខ្លួនក្រុមប្រឹក្សាជាន់ខ្ពស់នៃសន្តិសុខជាតិអ៉ីរ៉ង់បន្តថា អំឡុងពេលបទឈប់បាញ់២សប្ដាហ៍ អ៉ីរ៉ង់នឹងចូលរួមក្នុងការចរចាជាមួយភាគីអាមេរិកនៅក្រុងអ៉ីស្លាម៉ាបាដតែបញ្ជាក់ថា បែបនេះមិនមានន័យថា សង្គ្រាមត្រូវបានបញ្ចប់ឡើយនិងថា រយៈពេលនៃបទឈប់បាញ់នោះអាចពន្យារដោយការព្រមព្រៀងគ្នារវាងភាគីទាំង២ ។
នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោកសេបាស់សារីហ្វប្រកាសថា អ៉ីរ៉ង់និងអាមេរិកព្រមទាំងបណ្ដាសម្ព័ន្ធមិត្តបានទទួលយកបទឈប់បាញ់គ្នាភ្លាមៗគ្រប់ទីកន្លែងក្នុងនោះរួមទាំងលីបង់និងកន្លែងផ្សេងៗទៀត ដែលបទឈប់បាញ់នោះមានសុពលភាពភ្លាមៗ។ ទោះបីយ៉ាងណាអ៉ីស្រាអែលនិយាយថា គាំទ្រសេចក្ដីសម្រេចចិត្តរបស់អាមេរិកផ្អាកការវាយប្រហារប្រឆាំងអ៉ីរ៉ង់ ក្នុងរយៈពេល២សប្ដាហ៍តែអះអាងថាកិច្ចព្រមព្រៀងនោះមិនរួមបញ្ចូលលីបង់ឡើយ ៕
Une foule de fidèles au régime est descendue dans la rue pour les funérailles du Commandant de la marine des Gardiens de la révolution.
ចែករំលែកព័តមាននេះ